លោក​​កែម ឡី​​៖​កំហឹង​​បុគ្គល​​ម្នាក់​​មិន​​អាច​​ទំលាក់​​តំណែង​​អនុប្រធាន​​ទី​១​​សភា​​បាន​​ទេ​

05-05-2015 4:50 pm 2551
លោក​កែម ឡី​អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម​កម្ពុជា

​យោងតាម​បណ្តាញ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ចុះផ្សាយ​ពី​សារ​តាម​ទូរស័ព្ទ​របស់  លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ផ្ញើ​សារ​ទៅ​កាន់​លោក​សម រង្ស៊ី ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​០៥ ឧសភា​។​ជា​សារ​SMS ដើម្បី​ឆ្លើយតប​ទៅនឹង ការ​វីដេអូ​ក្លីប​មួយ របស់​លោក​សម រង្ស៊ី ដែល​បាន​បង្ហោះ​ឡើងវិញ កាលពី​ថ្ងៃ​ច័ន្ទ​។ វីដេអូ​ដែល​បង្ហោះ​ឡើងវិញ​នោះ ជា​វីដេអូ ដែល​​លោក​សម រង្ស៊ី បាន​ថ្លែង​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ លោក​ហ៊ុន សែន ទាក់ទង​នឹង​ការប្រើប្រាស់​វប្បធម៌​សន្ទនា​។ ខាងក្រោម​នេះ ជា​សម្លេង​នៃ​វីដេអូ​របស់​លោក​សម រង្ស៊ី ដែល​បាន​រិះគន់ និង​វាយ​ប្រហារ​យ៉ាងខ្លាំង​លើ​លោក​នាយករដ្ឋមន្ត្រី ដែល​ត្រូវ​បាន​បង្ហោះ​ឡើងវិញ​។​

សម្លេង ​លោក​សម រង្ស៊ី​


​ចំនែក អត្ថន័យ​នៃ​សារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ដែល​ផ្ញើ​មក​លោក​សម​រង្ស៊ី​នោះ គឺ​ចង់ឲ្យ​មាន​ការបំភ្លឺ​ពី​លោក សម រង្ស៊ី ជុំវិញ​បញ្ហា​វីដេអូ រិះគន់ និង​វាយប្រហារ​មកលើ​រូបលោក​។ សារ​បានសរសេរថា​៖ “​នេះ​ឬ​វប្បធម៌​សន្ទនា ដែល​ឯ​,​ឩ​ចង់បាន ។ ចង់​បាន​ការបំភ្លឺ ពី​ឯ​.​ឩ​! ខ្ញុំ​មិន​អាច​ទ​ទូល​យក​ការបកស្រាយ​របៀបនេះ​បានទេ ខ្ញុំ​ត្រូវ​ចាប់​មេចោរ​ពិត​នឹង កូនចោរ​ពិត​ដែល​កំពុង​មាន​សំណុំរឿង​នៅ​តុលាការ​, សុំ​ឯ​.​ឩ កុំ​ពឹងពាក់ ដៃ​ចោរ​លើកលែងទោស​ឱយ​កូនចៅ ឯ​.​ឩ​ទៀត​។ សុំ​ប្រាប់ លោក​កឹម​សុខា​ផង បើ​ប៉ះពាល់ ម្តងទៀត គណបក្ស​ប្រជាជន​កម្ពុជា ហៅ​កាត់​ថា cpp នឹង​បោះឆ្នោត​ទម្លាក់​ហើយ ”​។​

លោក​កែម ឡី​អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម​កម្ពុជា បាន​ប្រាប់​វិទ្យុ​វាយោ នៅ​ថ្ងៃ​ទី​០៥​ឧសភា​ថា ការបោះឆ្នោត​ទំលាប់​តំណែង​ប្រធាន រឺ​អនុប្រធាន​រដ្ឋសភា គឺ​មាន​ច្បាប់​កំណត់​ច្បាស់លាស់ គឺ​មិនមែន​ស្ថិតនៅលើ​កំហឹង​របស់​បុគ្គល​ណា​ម្នាក់​នោះ​ទេ​។​ការធ្វើ​បែប​នេះ មិនមែន​ជា​ជម្រើស​ដ៏​ល្អ​ប្រសើរ​សម្រាប់​ជាតិ​ទាំងមូល​នោះទេ​។​

​សំឡេង លោក​កែម ឡី​


​លោ​កែម ឡី បាន​បន្ត​ថា​សភា ត្រូវ​ច្បាស់​ថា តើ​ការ​ទំលាក់​តំណែង អនុប្រធាន​សភា រឺ​ប្រធាន​សភា ដោយសារ​ហេតុផល​អ្វី​ឲ្យ​ពិតប្រាកដ ថា​គាត់​បាន​ប្រព្រឹត្ត​ខុស​អ្វី សាក​សម​នឹង​ទំលាក់​តំណែង​ដែររឺទេ​?
​ទាក់ទង​នឹង​ករណី​នេះ វិទ្យុ​វាយោ មិន​អាច​ទំនាក់ទំនង​លោក​កឹម​សុខា​អនុប្រធាន​សភា និង​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នោះ​ទេ នៅថ្ងៃនេះ​។

សំឡេង លោកកែម ឡី


​គួរបញ្ជាក់​ថា ការ​បង្ហោះ​វីដេអូ រិះគន់​លោក​ហ៊ុន សែន ពី​សំណាក់​លោក​សម រង្ស៊ី ឡើងវិញ​នេះ ធ្វើឡើង សម​ស្រប​ពេល ដែល​លោក សម រង្ស៊ី នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​១៥​ក្រុង នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ចាប់ពី​ថ្ងៃ​ទី​០៧ ដល់ ២៥ ខែ​ឧសភា​ខាងមុខ​នេះ​។  ហើយ​សកម្មជន របស់​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​ទីនោះ មិន​គាំទ្រ​នូវ​វប្បធម៌​សន្ទនា​៕(ឆេង សូរិយា)

ព័ត៌មានផ្សេងទៀត