សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថាកម្ពុជា និងកាត់បន្ថយ អាត្រានៃចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៏អោយធ្លាក់មកនៅត្រឹម៥០ភាគរយ ត្រឹមឆ្នាំ២០២០។ជាការរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ គឺមានសហភាពសហព័ន្ធយុវជនកម្ពុជា និង អង្គការមូលនិធិ បង្ការបួសអាស៊ីដែលបានធ្វើជាដៃគូក្រៅផ្លូវការ ជាមួយគ្នាតាំងពីឆ្នាំ២០១៤ ហើយតាម រយៈកិច្ចសហការនេះយើងបានរួមគ្នាដើម្បីធ្វើឲ្យប្រសើរឡើងនូវអត្រាពាក់មួកសុវត្ថិភាព ក្នុងចំណោមអ្នក រួមដំណើរតាមទោចក្រយានយន្តនៅកម្ពុជា ដែលបច្ចុប្បន្ននេះមានចំនួនតែ ៩%ប៉ុណ្ណោះ។
លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ក្នុងទំព័រហ្វេសប៊ុករបស់សហភាពសហព័ន្ធយុវជនកម្ពុជាថាសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែកបំពេញតួនាទី យ៉ាងសំខាន់ក្នុងការគៀងគរ និងអប់រំយុវជន ក៍ដូចជាប្រជាពលរដ្ឋ ពិសេសកុមារតូចៗឲ្យចេះគោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាពជាប្រចាំ។
នៅក្នុងទំព័រហ្វេសប៊ុកដដែលបានបន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជា និងបន្តជំរុញផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នេះឲ្យជ្រាបដល់គ្រប់ស្រទាប់យុវជន ប្រជាពលរដ្ឋរួមទាំងសិស្សានុសិស្ស-និស្សិត នៅតាមគ្រឹះដ្ឋានសិក្សាអប់រំនានាពិសេសកុមារតូចៗផងដែរ។ ដែលច្បាប់ចរាចរណ៍ថ្មីនេះកំណត់ឲ្យអ្នករួមដំណើរតាមទោចក្រយានយន្តទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា។
សូមបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា រយៈពេល៤ខែដើមឆ្នាំ២០១៥នេះ បានកើតឡើងចំនួន១,៦៣០ករណីបើប្រៀបធៀបនិងរយៈពេលដូចគ្នា៤ខែដើមឆ្នាំ២០១៤។សម្រាប់រយៈពេល៤ខែដើមឆ្នាំ២០១៥នេះ បានបណ្តាលឱ្យមានមនុស្សស្លាប់៧៨៨នាក់ របួសធ្ងន់១,៥០៤នាក់ និងរបួសស្រាល១,០៨២នាក់។ នេះបើយោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារសម្រេចបានរយៈពេល៤ខែដើមឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិតដកស្រង់ចេញពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ៕
( ដោយ ៖ ថាន រស្មី)