អាមេរិក​​​ចោទ​មន្ដ្រី​​កូរ៉េខាងជើង​ថា​​គំរាម​​សាក្សី​​ផ្ដល់​សក្ខីកម្ម​​រឿង​សិទ្ធិមនុស្ស​​នៅ​កូរ៉េខាងជើង​

01-05-2015 5:46 pm 1660
អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី​Samantha Power

​ការជំទាស់​តឹងសរសៃក​មួយ​បាន​កើតឡើង នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​អង្គការសហប្រជាជាតិ​។ ការជំទាស់​នេះ ធ្វើឡើង​ដោយ​អ្នកការទូត​កូរ៉េខាងជើង បាន​និយាយ​គំរាមកំហែង​ទៅលើ​សាក្សី ដែល​កំពុង​ផ្ដល់​សក្ខីកម្ម​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កូរ៉េខាងជើង​។


​នៅក្នុង​ពី​ធី​មាន​ការចូលរួម​ពី​គណៈប្រតិភូ​អាមេរិក កូរ៉េខាងត្បូង និង​អ្នកការទូត​កូរ៉េខាងជើង​៣​នាក់​ផង រួម​ទាំង​សាក្សី​ជា​ជនជាតិ​កូរ៉េខាងជើង​ដែល​បាន​រត់ចោលស្រុក​ជាច្រើន​នាក់​ផ្សេង​ទៀត​។ បន្ទាប់​ពី​សាក្សី​ម្នាក់​ថ្លែង​សុន្ទរកថា រៀបរាប់​ពី​ការស្លាប់​របស់​ឪពុក​ខ្លួន ដោយសារ​តែ​ភាពអត់ឃ្លាន​និង​ភាពក្រីក្រ​ក្នុង​ពេល​រស់​នៅ​ប្រទេស​កូរ៉េខាងជើង មន្ដ្រីការទូត​កូរ៉េខាងជើង​ម្នាក់​បាន​ប្រកាស​ជំទាស់​ភ្លាមៗ ដោយ​គ្មាន​ការ​អញ្ជើយ​ឱ្យ​បកស្រាយ​ឆ្លើយតប​។


​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី​Samantha Power ក៏​បាន​ប្រា​កាស​ឱ្យ​បិទ​មីក្រូហ្វូន ខណៈ​មន្ដ្រីការទូត​កូរ៉េខាងជើង​ថ្លែង​សុន្ទរកថា​បាន​៦​នាទី​។ លោកស្រី​បាន​ព្រមាន​ទៀតថា សន្ដិសុខ​អង្គការសហប្រជាជាតិ​នឹង​សុំ​អញ្ជើញ​មន្ដ្រី​រូប​នេះ​ចេញពី​ក្នុង​ពិធី​។ ក្រោយមក​មន្ដ្រីការទូត​កូរ៉េ​ខាងជើង​ក៏​ចាក​ចេញពី​បន្ទប់​ប្រជុំ ក្រោយ​បញ្ចប់​សុន្ទរកថា​របស់​ខ្លួន​។


​ទាក់ទង​នឹង​ការបណ្ដេញ​មន្ដ្រីការទូត​កូរ៉េខាងជើង​ចេញពី​បន្ទប់​នេះ លោកស្រី​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​Samantha Power បាន​និយាយ​បែបនេះ​ថា អ្នកការទូត​កូរ៉េខាងជើង​អាច​ឆ្លើយតបបាន បន្ទាប់​ពី​សាក្សី​ទាំង​បី​នាក់​បញ្ចប់​ការរៀបរាប់​ពី​រឿងរ៉ាវ​របស់​ពួកគេ​ជាមុនសិន​។ ប៉ុន្ដែ​មន្ដ្រី​ខាងលើ បាន​ព្យាយាម​លុបបំបាត់​ការផ្ដល់​សក្ខីកម្ម​ទៅវិញ​។


​ដូច្នេះ អាមេរិក​បាន​ចោទ​ទៅ​មន្ដ្រី​កូរ៉េខាងជើង​ថា បាន​គំរាម​ទៅ​សាក្សី​បរិយាយ​សាច់រឿង​ទាក់ទង​នឹង​របប​គ្រប់គ្រង​កូរ៉េខាងជើង​។ តាមរយៈ​ឥរិយាបទ​ដែល​មន្ដ្រី​កូរ៉េ​ខាងជើង​បាន​ធ្វើ​នៅក្នុង​អង្គប្រជុំ ហាក់​បង្ហាញ​ពី​ការ​សម្លុត ធ្វើឱ្យ​សាក្សី​មិន​អាច​ប្រឈម​មុខ​ជាមួយ​បាន​។ នេះ​ជា​សម្ដី​បញ្ជាក់​បន្ថែម​របស់​លោក​ស្រី Samantha Power​។


​ជុំវិញ​រឿងរ៉ាវ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កូរ៉េខាងជើង មហាសន្និបាត​អង្គការសហប្រជាជាតិ ក៏​បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ពិភាក្សា​បញ្ជូន​កូរ៉េខាងជើង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​ដែរ​។ ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បាន​បញ្ជូល​បញ្ហា​សិទ្ធិមនុស្ស​កូរ៉េខាងជើ​ង ទៅក្នុង​របៀបវារៈ​ដើម្បី​ពិភាក្សា​នៅ​ក្នុង​ខែ​ធ្នូ​ហើយ​។ ប៉ុន្ដែ​ទាក់ទង​នឹង​ការពិភាក្សា​យ៉ាងណា​នោះ នៅ​មិនទាន់​មាន​ការប៉ាន់ស្មាន​ទេ ព្រោះ​ចិន​ដែល​ជា​សម្ព័ន្ធមិត្ដ​មួយ​រូប​របស់​កូរ៉េ​ខាងជើ​ង ហើយក៏​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ​ផង​នោះ ទំនង​ជា​បដិសេធ​ចំពោះ​កិច្ច​ពិភាក្សា​ហើយ​។


​គួរ​រម្លឹក​ដែរ​ថា កន្លង​មក​អន្ដរជាតិ​ជា​ពិសេស​មាន​អា​មរិក​ជា​អ្នកដឹកនាំ បាន​ចោទ​ទៅ​កូរ៉េខាងជើង​ថា​បាន​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​។ ក្រៅពីនោះ​នៅ​មាន​ការចោទប្រកាន់​ថា កូរ៉េ​ខាងជើង​បាន​ធ្វើ​ទារុណកម្ម​មនុស្ស​យ៉ាង​ព្រៃផ្សៃ​ថែម​ទៀត​ផង​។ ប៉ុន្ដែ​កូរ៉េ​ខាងជើង​បាន​បដិសេធ​រាល់​ការចោទប្រកាន់ និង​បាន​ធ្វើ​សកម្មភាព​យ៉ាង​ខ្លាំងក្លា​នៅក្នុង​ទីក្រុង​ញូវយ៉ក​និង​ទីក្រុង​ហ្សឺ​ណែ​វ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការចោទប្រកាន់​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត