មន្ដ្រី​ជាន់​ខ្ពស់​​អាមេរិក​​និង​អ៊ីរ៉ង់​​ជួបគ្នា​​ទៀតហើយ​!

28-04-2015 3:33 pm 1353
លោកចន ឃើរី(ឆ្វេង)និងលោកចាវ៉ាដហ្សារីហ្វក្នុងពេលជួបគ្នា

មន្ដ្រី​ជាន់ខ្ពស់​អាមេរិក​លោក​John Kerry បាន​ជួប​ជាមួយ​មន្ដ្រីជាន់ខ្ពស់​អ៊ីរ៉ង់​ម្ដងទៀត​ហើយ គឺ​ជួប​ជាមួយ​លោក Mohammad Javad Zarif ជា​រដ្ឋមន្ដ្រី​ការបរទេស​អ៊ីរ៉ង់​។ កិច្ច​ជំនួប​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៧​មេសា នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក ហើយ​វា​គឺជា​កិច្ច​ជំនួប​លើក​ដំបូង ចាប់តាំងពី​អ៊ីរ៉ង់​បាន​រក​ច្រកចេញ​ឃើញ​ជំហាន​ដំបូង​ជា​មួយ​ភាគី​ពាក់ព័ន្ធ រឿង​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន បន្ទាប់ពី​មាន​ការពិភាក្សា​យ៉ាង​តឹងសរសៃក​នៅក្នុង​ប្រទេស​ស្វីស កាលពីដើម​ខែ​មេសា​នេះ​។


​នៅ​ក្នុង​កិច្ច​ជំនួប​នោះ​ដែរ លោក Kerry​បាន​លើកយក​បញ្ហា​ទាក់ទង​នឹង ការបិទ​បញ្ចប់​ឱ្យបាន​ជា​ស្ថាពរ​រឿង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ក្លាយជា​រឿង​ប្រវត្ដិសាស្ដ្រ​ទៅហើយ មុន​ឈានដល់​កិច្ចព្រមព្រៀង​ជំហាន​ដំបូង​។ បន្ថែម​លើ​ចំណុច​នេះ លោក Kerry​ក៏​បាន​លើកយក​បញ្ហា​ទាក់ទង​នឹង​សង្គ្រាម​ក្នុង​ប្រទេស​យេមែន​ទៅ​និយាយ​ដែរ ដោយសារ​តែ​អ៊ីរ៉ង់​ជា​ប្រទេស​ជាប់​ការចោទប្រកាន់ថា បាន​គាំទ្រ​ដល់​ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​យេមែន​។


​លោក Kerry បានបញ្ជាក់​មុន​កិច្ច​ជំនួប​ដូច្នេះ​ថា “​ខ្ញុំ​នឹង​ជំរុញ​ឱ្យ​គ្រប់​ភាគី ចូលរួម​ជួយ​សង្គ្រោះ យេមែន ឱ្យ​ងើប​ចេញ​ពី​អំពើ​ហិង្សា ហើយ​ធ្វើ​យ៉ាងណា​ឱ្យមាន​កិច្ចចរចា​ចាប់ផ្ដើម​”​។


​ជា​ការកត់សម្គាល់ ការជួបគ្នា​រវាង​លោក John Kerry​និង​លោក Mohammad Javad Zarif បាន​ក្លាយជា​រឿង​មួយ​លែង​ចាប់អារម្មណ៍​ទៅ​ហើយ​ពីមុន​។ ប៉ុន្ដែ​ក្រោយពេល​កិច្ចព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទទួលបាន​ផល​វិជ្ជមាន កិច្ច​ជំនួប​នេះ​ត្រូវបាន​គេ​តាមដាន​ជានិច្ច ព្រោះ​វា​ជា​អនាគត​របស់​អ៊ីរ៉ង់​ផង និង​ជា​បញ្ហា​សន្ដិសុខ​សម្រាប់​តំបន់​មជ្ឈិមបូព៌ា​ផង ក៏ដូចជា​សាកលលោក​ទាំងមូល​តែម្ដង​។


​អ៊ីរ៉ង់​កន្លងមក​ត្រូវបាន​អ៊ីស្រាអែល​ចោទប្រកាន់​ផងដែរ ថា​បាន​ប្រើប្រាស់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ផលិត​គ្រាប់បែក ដែល​សកម្មភាព​នេះ​អ៊ីស្រាអែល​បាន​បន្ទោស​ថា អាច​គំរាមកំហែង​ដល់​ប្រទេស​ខ្លួន មិន​ត្រឹមតែ​ប៉ុណ្ណោះ អាច​ប៉ះពាល់​ដល់​សន្ដិសុខ​ពិភពលោក​ទាំងមូល​។ ដូច្នេះហើយ​ទើប​មាន​ការចាប់អារម្មណ៍​ជាថ្មី មិន​ថា​កិច្ច​ជំនួប​រវាង​មន្ដ្រី​ជាន់ខ្ពស់​អាមេរិក​ជាមួយ​អ៊ីរ៉ង់ ឬក៏​ជំនួប​រវាង​ប្រទេស​មហាអំណាច​៥+១​ជាមួយ​អ៊ីរ៉ង់​នោះទេ ដោយសារ​តែ​ខ្លាច​ស្ថានការណ៍​ប្រែប្រួល បង្ក​ជា​កម្ដៅ​ឆេះ​ជា​ថ្មី​ទៀត​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត