សម្លេង៖
នៅក្នុងអំឡុងខែមិថុនា ឆ្នាំ១៩៧៤មេដឹកនាំខ្មែរក្រហមបានជួបប្រជុំគ្នានៅខេត្តកំពង់ឆ្នាំងដើម្បីពិភាក្សាអំពីផែនការវាយលុកចូលទីក្រុងភ្នំពេញ។ នៅពេលនោះផ្លូវចេញចូលក្រុងភ្នំពេញត្រូវបានកាត់ផ្តាច់អស់ទៅហើយ។ការដឹកជញ្ជូនចេញចូលក្រុងភ្នំពេញអាចធ្វើទៅបានតែតាមផ្លូវទឹកនិងផ្លូវអាកាសប៉ុណ្ណោះ។ នៅដើមឆ្នាំ១៩៧៥ចរាចរណ៍តាមផ្លូវទឹកក៏ត្រូវបានកាត់ផ្តាច់ទៀតដោយពួកខ្មែរក្រហមបានដាក់ពង្រាយមីនប្រឆាំងនាវានៅតាមដងទន្លេមេគង្គ។ ការដឹកជញ្ជូនស្បៀងចូលក្នុងក្រុងភ្នំពេញដើម្បីផ្គត់ផ្គង់ប្រជាជនដល់ទៅប្រមាណ២លាននាក់អាចធ្វើទៅបានតែតាមផ្លូវអាកាសប៉ុណ្ណោះ។
ដោយមើលឃើញនូវលក្ខខណ្ឌដែលមានអំណោយផលបែបនេះ សាឡុត សក៏បានបញ្ជាទៅគ្រប់មេបញ្ជាការកងទ័ពខ្មែរក្រហមឲ្យប្រុងប្រៀបបើកការវាយលុក ដើម្បីដណ្តើមកាន់កាប់ក្រុងភ្នំពេញ។ក្នុងពេលជាមួយគ្នាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជាក៏បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីផែនការដែលត្រូវធ្វើក្រោយពីដណ្តើមកាន់កាប់ក្រុងភ្នំពេញបានហើយ។ នៅពេលនោះហើយដែលពួកមេដឹកនាំខ្មែរក្រហមបានសម្រេចថានឹងជម្លៀសប្រជាជនចេញពីភ្នំពេញ និងក្រុងធំៗមួយចំនួនផ្សេងទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់របបលន់ នល់។ សម្រាប់ពួកខ្មែរក្រហមអ្នកណាក៏ដោយដែលមិនបានចូលរួមធ្វើបដិវត្តន៍ជាមួយពួកគេត្រូវចាត់ទុកថាជា “ខ្មាំង” ទាំងអស់។ឥស្សរជនជាន់ខ្ពួស់ នៃរបបសាធារណរដ្ឋខ្មែរក្នុងនោះ រួមមាន លន់ នល់ ស៊ីសុវត្ថិ សិរិមតៈ អ៊ិន តាំ ចេង ហេងលន់ណុន (ប្អូនប្រុសរបស់លន់ នល់) និង ឡុង បូរ៉េតត្រូវបានរដ្ឋាភិបាលរួបរួមជាតិកម្ពុជាសម្រេចកាត់ទោសប្រហារជីវិតពីបទក្បត់ជាតិ។
នៅដើមខែមេសា ឆ្នាំ១៩៧៥ទាហានខ្មែរក្រហមបានចាប់ផ្តើមធ្វើការបាញ់ផ្លោងលើព្រលានយន្តហោះក្រុងភ្នំពេញដែលជាហេតុបណ្តាលឲ្យការដឹកជញ្ជូនតាមផ្លូវអាកាសចេញចូលក្រុងភ្នំពេញក៏ត្រូវបានកាត់ផ្តាច់ទៀត។
ថ្ងៃទី១៣ មេសាព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងបានធ្លាក់ក្នុងដៃទាហានខ្មែរក្រហម។ ពីរថ្ងៃក្រោយមកទៀតទាហានខ្មែរក្រហមនៅប៉ែកខាងកើតក៏ដណ្តើមកាន់កាប់បានក្រុងតាខ្មៅ។ខ្សែក្រវ៉ាត់ការពារក្រុងភ្នំពេញក៏បានដួលរលំ។នៅថ្ងៃទី១៦ មេសារដ្ឋាភិបាលក្រុងភ្នំពេញ ដែលកំពុងស្ថិតក្នុងភាពទ័លច្រកក៏បានផ្ញើទូរលេខមួយច្បាប់ថ្វាយសម្តេច នរោត្តម សីហនុដែលកំពុងគង់នៅក្រុងប៉េកាំង ប្រទេសចិនស្នើសុំឲ្យមានបទឈប់បាញ់បន្ទាន់មួយជាថ្នូរនឹងការថ្វាយអំណាចដល់ព្រះអង្គវិញ។ ប៉ុន្តែសំណើនេះត្រូវបានសម្តេច នរោត្តម សីហនុ ច្រានចោល។
នៅព្រឹកថ្ងៃទី១៧ មេសា ប្រមាណជាម៉ោង ៨ និង៣០នាទីមន្ត្រីជាន់ខ្ពស់មួយចំនួននៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានប្រមូលផ្តុំគ្នានៅពហុកីឡាដ្ឋានជាតិអូឡាំពិចក្នុងគម្រោងចាកចេញពីទីក្រុងភ្នំពេញតាមឧទ្ធម្ភាគចក្រ។ ប៉ុន្តែមានតែមេដឹកនាំប៉ុន្មានរូបប៉ុណ្ណោះដែលបានរត់ចេញពីទីក្រុងភ្នំពេញរួច។ មេដឹកនាំមួយចំនួនធំក្នុងនោះរួមមានទាំងនាយករដ្ឋមន្ត្រី ឡុង បូរ៉េត ផងដែរនោះត្រូវបានទាហានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់ចោល។ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ ដែលបានបដិសេធមិនព្រមចាកចេញពីប្រទេសកម្ពុជាក៏ត្រូវបានពួកខ្មែរក្រហមសម្លាប់ចោល នៅថ្ងៃនោះដែរ។
នៅម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ទាហានខ្មែរក្រហមបានធ្វើដំណើរចូលកាន់កាប់ទីក្រុងភ្នំពេញក្រោមការអបអរសាទរពីសំណាក់ប្រជាជនដែលរស់នៅទីនោះ។ ក៏ប៉ុន្តែមិនយូរប៉ុន្មាន អំណរនឹងជ័យជំនះ អំណរនឹងក្តីសង្ឃឹមថាសង្គ្រាមត្រូវបានបញ្ចប់នេះ ក៏បានរលាយបាត់បង់ទៅវិញ។ ក្រោយពេលដែលទាហានខ្មែរក្រហមចាប់ផ្តើមបង្ខំឲ្យប្រជាជនចាកចេញភ្លាមៗពីទីក្រុងភ្នំពេញ។ អ្នកដែលចចេសមិនព្រមធ្វើតាមត្រូវទាហានខ្មែរក្រហមបាញ់សម្លាប់ចោល។ថ្ងៃ១៧ មេសា ១៩៧៥ របបសាធារណរដ្ឋខ្មែរត្រូវបានដួលរលំជាស្ថាពរជំនួសមកវិញដោយរបបថ្មីមួយទៀត ដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជាឬខ្មែរក្រហម។
ទង់ជាតិរបបសាធារណៈរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់បានត្រូវទាញទំលាក់ ជាមួយនឹងបទចំរៀងជាតិ ដោយជំនួសមកវិញទង់ជាតិនិងភ្លេងជាតិរបស់របបកម្ពុជាប្រជាធិបតេយ្យ។
ទង់ជាតិរបបកម្ពុជា ប្រជាធិបតេយ្យ ត្រូវបាន បង្ហូតឡើង ទង់ជាតិ នេះរំលិចដោយផ្ទៃ ពណ៌ក្រហម និងរូបប្រាសាទកំពូលបី ពណ៌លឿង នៅចំកណ្ដាល។ផ្ទៃពណ៌ក្រហម តំណាងឲ្យ ចលនាបដិវត្ត មានន័យថា បូជាជិវិត ដ៏មុះមុតនិងអង់អាចក្លាហាន ដើម្បីប្រជាជនកម្ពុជា រំលោះប្រទេស ការពារនិងកសាងប្រទេស។
នៅចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ឧសភា ឆ្នាំ១៩៧៥ ប៉ុល ពត និង នួន ជាបានប្រកាសឲ្យដឹងនូវគោលនយោបាយសំខាន់ៗចំនួន៨ចំណុចនៃរបបគ្រប់គ្រងថ្មីនេះ។ គោលនយោបាយទាំងនោះរួមមាន៖
១-ជម្លៀសប្រជាជនចេញពីទីក្រុងហើយប្រជាជនត្រូវបែងចែកជាពីរប្រភេទគឺប្រជាជនដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃ១៧មេសាដែលគេឲ្យឈ្មោះថា “ប្រជាជនចាស់” និងប្រជាជនដែលទើបតែជម្លៀសចេញពីទីក្រុងក្រោយថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា “ប្រជាជនថ្មី” ឬ “ពួក១៧មេសា”។
២-លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី។
៣-លុបបំបាត់ចោលនូវការចាយលុយ។
៤-ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹកហើយបញ្ជូនឲ្យទៅធ្វើស្រែ។
៥-សម្លាប់ចោលទាំងអស់រាល់មន្ត្រីដែលធ្វើការឲ្យរបបលន់នល់។
៦-បង្កើតជាសហករណ៍នៅទូទាំងប្រទេស។
៧-បណ្តេញជនជាតិវៀតណាមឲ្យអស់ពីប្រទេសកម្ពុជា។
៨-ដាក់ពង្រាយកងទ័ពនៅតាមព្រំដែនជាពិសេស ព្រំដែនវៀតណាម។
ចាប់ពីចូលបានកាន់អំណាចនៅថ្ងៃទី១៧ មេសា ១៩៧៥ ពួកខ្មែរក្រហមនៅតែបន្តហៅខ្លួនឯងថាជា “រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា” ដដែល។ក៏ប៉ុន្តែអំណាចពិតប្រាកដមិនមែនស្ថិតក្នុងដៃរដ្ឋាភិបាលរួបរួមជាតិនេះទេគឺស្ថិតក្នុងដៃពួកខ្មែរក្រហមតែម្នាក់ឯង។ក្រោយពីទាហានខ្មែរក្រហមដណ្តើមកាន់កាប់បានទីក្រុងភ្នំពេញហើយ សម្តេចនរោត្តម សីហនុ ដែលជាប្រមុខរាជរដ្ឋាភិបាលរួបរួមជាតិមិនបានយាងចូលមកកម្ពុជាភ្លាមៗទេ។នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៥ខ្មែរក្រហមបានបញ្ជូនមនុស្សពីរនាក់ឲ្យទៅយាងសម្តេច នរោត្តម សីហនុ ដែលកំពុងគង់នៅទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង ឲ្យយាងចូលមកក្នុងប្រទេសវិញ។ ក៏ប៉ុន្តែព្រះអង្គបានបដិសេធ។ មួយខែក្រោយមក គឺនៅថ្ងៃទី១៩ ខែសីហាខ្មែរក្រហមបានបញ្ជូនមនុស្សពីរនាក់ទៀត គឺខៀវ សំផន និងប៉ែន នុតឲ្យទៅព្យុងយ៉ាង ដើម្បីយាងសម្តេច នរោត្តម សីហនុ ម្តងទៀត។លើកនេះព្រះអង្គក៏បានយល់ព្រម។
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៥ សម្តេច នរោត្តម សីហនុបានយាងមកដល់ទីក្រុងភ្នំពេញហើយព្រះអង្គបានយាងធ្វើជាអធិបតីក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីក្នុងឋានៈជាប្រមុខរដ្ឋ។នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ រដ្ឋធម្មនុញ្ញថ្មីមួយ ដែលមាន២១មាត្រាចែកចេញជា ១៦ជំពូក ត្រូវបានប្រកាសឲ្យប្រើជាផ្លូវការ។ប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះជាផ្លូវការមកជា“កម្ពុជាប្រជាធិបតេយ្យ”វិញ។រដ្ឋធម្មនុញ្ញថ្មីនេះក៏បានចែងផងដែរអំពីការបង្កើតសភាតំណាងប្រជាជន ដែលមានចំនួន២៥០អាសនៈ។ក្នុងនោះរួមមាន ១៥០អាសនៈតំណាងឲ្យវណ្ណៈកសិករ៥០អាសនៈតំណាងឲ្យវណ្ណៈកម្មករនិង៥០អាសនៈទៀតតំណាងឲ្យកងទ័ពបដិវត្តន៍កម្ពុជា៕
(ដោយ៖គួន សំបូរ)