លោក​ឈាវ បូរ៉ា​រក្សា​ដំណែងជើងឯក​ស្ដេច​អុក​ច​ត្រង្ក​អង្គរ​សង្គ្រាន​ពីរ​ឆ្នាំ​ជាប់គ្នា​

16-04-2015 12:28 pm 3871

​មាន​អាយុ​២៥​ឆ្នាំ កើត​ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម លោក ឈាវ បូរ៉ា ធ្លាប់​បាន​ដណ្ដើម​ជ័យលាភី ជើងឯក​ស្ដេច​អុក​ច​ត្រង្ក​ក្នុង​ព្រឹត្តការណ៍​អង្គរ​សង្គ្រាន ឆ្នាំ​២០១៤​កន្លងទៅ​។ នៅក្នុង​ការប្រកួត​ជើងឯក​ស្ដេច​អុក​ច​ត្រង្ក​ក្នុង​ព្រឹត្តការណ៍​អង្គរ​សង្គ្រាន​ឆ្នាំនេះ លោក ឈាវ បូរ៉ា បាន​ដណ្ដើម​ដំណែង​ជា​ជើងឯក​ស្ដេច​អុក​ច​ត្រង្ក ឆ្នាំ​២០១៥​។ លោក ឈាវ បូរ៉ា បាន​ដណ្ដើមយក​ចំណាត់ថ្នាក់​លេខ​១ពីលោក សុខ ភា​រ៉ា ជា​ដៃគូ​ប្រកួត​ផ្ដាច់​ព្រ័ត​ចំនួន​ពី​វគ្គ​ចុងក្រោយ​យ៉ាង​ស្វិតស្វាញ ខណៈដែលលោក សុខ ភា​រ៉ា គឺ​ជា​បេក្ខជន​ជ័យលាភី​លេខ ២ ក្នុង​ការប្រកួត​អុកចត្រង្គ​ពាន់រង្វាន់​សម្ដេច ហ៊ុន សែន ក្នុង​ឆ្នាំ ២០១០ ។​

​សម្លេង​៖ ប្រកាស​លទ្ធផល​

 

​គួបញ្ជាក់ថា ជើងឯក​ស្ដេច​អុក​ច​ត្រង្ក​ឆ្នាំ​នេះ​ទទួលបាន​ប្រាក់រង្វាន់​៥.០០០​ដុល្លារ ។ សម្រាប់​ចំណាត់ថ្នាក់​លេខ ២ អាច​បាន​៣.០០០​ដុល្លារ លេខ ៣ បាន​២.០០០​ដុល្លារ និង លេខ ៤ បាន​រង្វាន់​លួង​ចិត្ត​៥០០​ដុល្លារ​។​ការប្រកួត​អុក​នេះ​ជា​ការ​សហការ​គ្នា​រវាង​សហភាព​សហព័ន្ធ យុវជន​កម្ពុជា ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

 

សូមជម្រាបថា ល្បែង​ចត្រង្គ ឬ​ល្បែង​អុក​នេះ ជា​កីឡា​ផ្នែក​មនោ​ពលកម្ម​ដែល​មាន​មក​តាំងពី​បុរាណកាល សម្រាប់​កងទ័ព​លេង ឲ្យមាន​ប្រាជ្ញា​វាងវៃ​ឲ្យមាន​ចិត្តរឹងមានៈ ប្រកាន់​មាំ ទ្រាំ​តស៊ូ​ក្នុង​ការប្រើប្រាស់​ឧបាយកល​ក្នុង​ចម្បាំង​។

 

​ក្នុង​ទិដ្ឋភាព​រួម ល្បែង​ចត្រង្គ បាន​បង្គប់​នូវ​ផ្នត់គំនិត ដ៏​មាន​សារៈសំខាន់ បើ​ធៀប ទៅ​នឹង​ប្រទេស​មួយ ព្រោះ​ថា​កូន​ចត្រង្គ​មាន​មុខងារ តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ ផ្សេងៗ​គ្នា និង​ត្រូវ​ប្រតិបត្តិ​តាម​ក្បួនច្បាប់​រៀងៗ​គ្នា​ក្នុង​ការដើរ ការពារ ទប់ទល់ វាយបក​គូបដិបក្ខ​។

 

យ៉ាងណាមិញ អ្នកដឹកនាំ និង​ពលរដ្ឋ ត្រូវ​យល់ដឹង​អំពី​តួនាទី ភារកិច្ច សិទ្ធិ ក្នុង​រង្វង់​គោលការណ៍ ច្បាប់​ដែល​ត្រូវ​ប្រតិបត្តិ​ដោយ​ភក្តីភាព ស្មោះត្រង់ ការទទួលខុសត្រូវ កិច្ចសហការ​ជា​យុទ្ធសាស្ត្រ សាមគ្គីភាព ស្មារតី​ក្នុង ការងារ​ជា​ក្រុម ជួយ​ការពារ​ទៅវិញទៅមក ដើម្បី​សម្រេច​ការងារ ដូចជា ការការពារ​និង​កសាង​ប្រទេសជាតិ​មួយ​ឲ្យបាន សុខក្សេមក្សាន្ត រុងរឿង និង​មាន​វិបុលភាព​៕
(​ដោយ​៖ អាំ តាក់​)

ព័ត៌មានផ្សេងទៀត