ការសិក្សា​៖​​ចិន រុស្ស៊ី អឺរ៉ុប​​ប៉ែក​ខាងកើត​​បង្កើន​​ការចំណាយ​​លើ​វិស័យ​​ការពារ​ជាតិ​

13-04-2015 10:40 am 4212
អាវុធ​ដែល​ចិន​បាន​ដាក់បង្ហាញ

​តាម​ការសិក្សា​ស្រាវជ្រាវ​ពី​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​សន្ដិភាព​អន្ដរជាតិ​នៃ​ទីក្រុង​Stockholm បាន​បង្ហាញ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ក្នុង​ឆ្នាំ​២០១៤ នៅក្នុង​ប្រទេស​ចិន​និង​រុស្ស៊ី​មាន​ការកើនឡើង​។ ក្រៅពីនេះ ប្រទេស​អឺរ៉ុប​ប៉ែក​ខាងកើត​ក៏​បង្កើត​ការចំណាយ​លើ​វិស័យ​យោធា​ដើម្បី​ការពារ​ជាតិ​ដែរ ក្រោយ​មាន​បញ្ហា​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន ដែល​គេ​អះអាងថា​មាន​រុស្ស៊ី​ជា​អ្នក​នៅ​ពីក្រោយ​។ ប្រទេស​អឺរ៉ុប​ដែល​បង្កើន​ការចំណាយ​លើ​វិស័យ​យោធា​នេះ គេ​សង្កេតឃើញថា​មាន​ប្រទេស​ដែល​នៅ​ជិត​ព្រំដែន​ជាមួយ​រុស្ស៊ី​។


​ដោយឡែក​សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​ចំណាយ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក លើ​វិស័យ​ការពារជាតិ ទោះបីជា​ចំនួន​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០១៤​ក៏ដោយ​។ អាមេរិក​បាន​ចំណាយ​៦.៤​ភាគរយ​ក្នុង​ឆ្នាំ​២០១៤ ខណៈ​ចិន រុស្ស៊ី និង​អា​រ៉ាប៊ីសាអូឌីត ជា​ប្រទេស​បង្កើន​ការចំណាយ​ខ្ពស់​ជាងគេ​បី​ទៀត​ក្នុង​ពិភពលោក​លើ​វិស័យ​ការពារ​ជាតិ​។ កាលពី​ឆ្នាំមុន ចិន​បាន​ចំណាយ​ប្រមាណ​២១៦​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ​៩.៧​ភាគរយ​។


​ចំណែកឯ​ជម្លោះ​នៅក្នុង​ប្រទេ​អ៊ុ​យក្រែន ដោយ​គេ​ចោទ​ថា​មាន​ក្រុង​មូ​ស្គូជា​អ្នកគាំទ្រ​ក្រុម​ឧទ្ទាម បាន​ធ្វើឱ្យ​ប្រទេស​អឺរ៉ុប​ប៉ែក​ខាងកើត ជា​ប្រទេស​ជិត​រុស្ស៊ី​បង្កើន​ការចំណាយ​លើ​ផែនការ​ការពារ​ជាតិរ​បស់​ខ្លួន​ដែរ​។ កញ្ចប់​ថវិកា​របស់​អ៊ុ​យក្រែន បាន​លោត​ដល់​ជាង​២០​ភាគរយ​គឺ​៤​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​រុស្ស៊ី​បាន​កើន​ឡើង​ជាង​៨​ភាគរយ ប្រមាណ​ជាង​៨៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ កញ្ចប់​ថវិកា​រុស្ស៊ី​ត្រូវ​មើលឃើញថា​កើនឡើង​ច្រើន​ជាង​មុន ប្រមាណ​១៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្ដែ​អាច​កាត់បន្ថយ​ខ្លះ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ផ្សាភ្ជាប់​ជម្លោះ​ជាមួយ​អ៊ុ​យក្រែន​។


​អា​រ៉ាប៊ីសាអូឌីត​វិញ បាន​កើនឡើង​១៧​ភាគរយ​ដែរ ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​បង្កើន​ការចំណាយ​ធំ​បំផុត នៃ​ប្រទេស​ចំណាយ​លំដាប់​កំពូលៗ​១៥​ផ្សេងទៀត​ក្នុង​ពិភពលោក​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​សន្ដិភាព​អន្ដរជាតិ​នៃ​ទីក្រុង​Stockholm​។ ក្រៅពី​នេះ​ហើយ​នៅ​មាន​អាហ្វ្រិក​ក៏​ដូចគ្នា​ដែរ បាន​បង្កើន​ការចំណាយ​របស់​ខ្លួន​លើ​វិស័យ​ការពារ​ជាតិ កើនឡើង​ជិត​៦​ភាគរយ​។ គួរបញ្ជាក់​ថា បើ​តាម​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ ការចំណាយ​ជា​សាកល​លើ​វិស័យ​យោធា​មាន​សរុប​ជិត​២​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៤ ធ្លាក់ចុះ​០.៤​ភាគរយ​ចាប់តាំងពី​ឆ្នាំ​២០១៣៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត