នាយករដ្ឋមន្ត្រី​​ឥណ្ឌា​​ទស្សនកិច្ច​​មជ្ឈមណ្ឌល​​អាកាសចរ​​​បារាំង

12-04-2015 6:08 pm 3558

​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​​ណារិន ដ្រា​មូឌី​​កាលពី​ថ្ងៃ​​សៅរ៍​​១១​មេសា​​បាន​​ចំណាយ​ពេល​​ធ្វើដំណើ​រ​ទស្ស​ន​កិច្ច​​ទៅកាន់​​មជ្ឈមណ្ឌល​​អាកាសចរ​​Toulouse​​របស់​បារាំង​។ ដំណើរ​ទស្សនកិច្ច​នេះ​​បាន​​ធ្វើ​ឡើង​មួយ​ថ្ងៃ​​ក្រោយ​ពី​​លោក​នាយក​រដ្ឋមន្ត្រី​​ប្រកាសថា ទីក្រុង​​New Delhi​បញ្ជា​ទិញ​យន្តហោះចម្បាំង​Rafał​របស់​បារាំង​ចំនួន​៣៦​គ្រឿង​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​មជ្ឈមណ្ឌល​អាកាសចរ​Toulouse មាន​អ្នក​អមដំណើរ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​លោក​Laurent Fabius និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Airbus Group​ជាដើម​។ មុន​ជួប​សំណេះសំណាល​ជាមួយ​បុគ្គលិក​ខ្លួន​ដែល​បំរើ​ការងារ​នៅ​ទីនោះ លោក​មូឌី​បាន​ទស្សនកិច្ច​នូវ​លំហូរ​នៃ​ការផលិត​យន្តហោះ Airbus A380 ក៏ដូចជា​ទស្សនកិច្ច​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​អាវ​កាសបារាំង​។​

 

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់​លោក​ទៅកាន់​ប្រទេស​បារាំង ​ចាប់តាំងពី​លោក​មូឌី​បាន​ជាប់ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០១៤ លោក​មិន​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​អ្វី​ទៅកាន់​អ្នក​កា​សែ​ត​​​ទេ ប៉ុន្តែ​លោក​អនុញ្ញាតិឲ្យ​ថតរូប​ជាច្រើន នៅ​អំឡុង​រយៈ​ប្រមាណ​ជា​៣​ម៉ោងនៅមជ្ឈមណ្ឌលអាកាសចរ​។ សូម​បញ្ជាក់​ដែរ​ថា​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​បារាំង​នៅ​ថ្ងៃអាទិត្យ​១២​មេសា ហើយ​លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​អាឡឺម៉ង់​បន្តទៀត​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត