ប្រធាន​​គជប​​ថ្មី​​ថា​​ការ​ស្បថ​​របស់​​សមាសភាព​​គជប​ថ្មី​ទាំង​​៩​​រូប​​គឺ​​ជា​​រឿង​​ដែល​​ចាំបាច់​​បំផុត​

12-04-2015 3:08 pm 5407

​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប​ថ្មី​ទាំង​៩ រូប​បាន​ធ្វើ​សច្ចាប្រណិធាន​ចំពោះ​មុខ​វត្ថុ​ស័ក្តិសិទ្ធិ ដែលមាន​សម្តេច​មហាសង្ឃរាជ ជា​សាក្សី​កាលពី​រសៀល​ថ្ងៃ​ទី​១១​មេសា​។​ក្រោយ​ពី​កាស​ស្បថ​ចូលកាន់​តំណែង សមាសភាព​គជប​ថ្មី នឹង​ចូល​កាន់តំណែង​និង បំពេញ​តួនាទី​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​មេសា​។​

 

​លោក​ស៊ិក ប៊ុន​ហុក​ជា​ប្រធាន​គ​.​ជ​.​ប​ថ្មី បាន​មានប្រសាសន៍ថា ការចូល​ធ្វើ​សច្ចាប្រណិធាន ក្នុង​ព្រះបរមរាជវាំង គឺជា​រឿង​មួយ ដែល​មាន​ការចាំបាច់ ទាក់ទង​ទៅនឹង​ផ្លូវចិត្ត ហើយ​និង​ផ្លូវ​សកម្មភាព ដែល​តម្រង់​ទិស​ឲ្យ​បណ្តា​ស្ថាប័ន​កំពូលៗ​របស់​រដ្ឋ គឺ​ដើរ​ឲ្យបាន​ត្រឹមត្រូវ ពីព្រោះ​ពាក្យ​ស្បថ​នេះ ខ្មែរ​យើង​ត្រូវតែ​គោរព​។

 

​លោក ស៊ិក ប៊ុន​ហុក បានបញ្ជាក់​ថា ក្នុងនាម​ជា​អ្នកដឹកនាំ​គ​.​ជ​.​ប ថ្មី គឺ​មិន​ភ្លេច​ទេ ខិតខំ​អនុវត្ត​បំពេញការងារ​ទៅតាម​ច្បាប់ និង​ខិតខំ​ធ្វើ​ម៉េច​គោរព​តាម​ការសន្យា​ចំពោះមុខ​ព្រះមហាក្សត្រ នឹង​ខិតខំ​ធ្វើឲ្យបាន កុំ​ឲ្យ​យើង​ក្បត់​នូវ​ពាក្យសន្យា និង​ការ​ស្បថស្បែរ​របស់​យើង គឺ​មិន​បាន​ទេ ហើយ​ខ្មែរ​យើង​មាន​ជំនឿ​ក្នុង​រឿង​ស្បថ​នេះ​ច្បាស់លាស់​ណាស់​"​។​
​លោក រ៉ុង ឈុន បានឱ្យដឹងថា ការស្បថ​នេះ​មាន​រយៈពេល​ជាង​១​ម៉ោង ចាប់ផ្តើម​ពី​ម៉ោង ៤ រសៀល រហូតដល់ ម៉ោងជាង ៥​ល្ងាច​។ ក្នុង​ពិធី​ស្បថ​នោះ ថ្នាក់ដឹកនាំ គ​.​ជ​.​ប ទាំង ៩​រូប បាន​ប្តេជ្ញា​គោរព​តាម​កិច្ចការ​នានា របស់ គ​.​ជ​.​ប ដោយ​អនុ​ឡោម​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ត្រង់​ឧបសម្ព័ន្ធ​៥​។ ចំពោះ​ការជ្រើសរើស​អគ្គលេខាធិកា​រ គ​.​ជ​.​ប លោក រ៉ុង ឈុន បាន​និយាយថា ថ្នាក់ដឹកនាំ គ​.​ជ​.​ប​ថ្មី នឹង​ចាប់ផ្តើម​ជជែក​គ្នា​នៅ​ក្រោយពេល​ចូលឆ្នាំ​។​

 

​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី បានបង្ហាញ​ជា​ស្ថាពរ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០៩​មេសា តាមរយៈ​ការបោះឆ្នោត​របស់​រដ្ឋសភា​។​រដ្ឋសភា​បាន​បោះឆ្នោត​គាំទ្រ​សមាសភាព​ចំនួន​៩ នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដោយ​សំឡេង​១១៣​លើ​១១៧​សំឡេង​។ លោក ស៊ិក ប៊ុន​ហុក ដែល​មាន​ជំនាញ​ច្បាប់​និង​ការបោះឆ្នោត ត្រូវ​បាន​ជ្រើស រើស​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ចំណែក​លោក គួ​យ ប៊ុន​រឿន ត្រូវបាន​បោះឆ្នោត​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

គួរបញ្ជាក់​ថា សមាសភាព​គជប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មានដូចជា លោក ស៊ិក ប៊ុន​ហុក ជា​ប្រធាន លោក​មាន សទិស​មាជិក  លោក​ឌុ​ច សុន​ជា​សមាជិក និង​លោក ឯម សូផាត ជា សមាជិក ដោយឡែក​សមាសភាព​ម​ក​ពី គណបក្ស​សង្គ្រោះ​ជាតិ​វិញ​រួមមាន លោកគួ​យ ប៊ុន​រឿន លោក​រ៉ុង ឈុន លោក​ហ៊ីង ធី​ឬ​ទ្ធិ លោកស្រី តែ ម៉ា​នី​រ៉ុង​។​

យោងតាម សមាសភាព​ទាំង​៩​រូប​ខាងលើ  ត្រូវបាន អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា គាំទ្រ ហើយ​ជឿជាក់ថា សមាសភាព​គជប​ថ្មី​ដែល​ទើបនឹង​សម្រេច​ចេញ​ជា​សាពរ​នេះ នឹង​មាន​ឥទ្ធិពល​ខ្លាំងក្លា​ជាង​សមាសភាព​គជប​ចាស់ ក្នុង​ការកែទម្រង់ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​។​លោក​សុខ ទូច​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា បាន​ប្រាប់​វិទ្យុ​វាយោ​ថា គជប​ថ្មី នឹង​មាន​ឥទ្ធិពល​ជាង​គជប​ចាស់​។​មាន​ឥទ្ធិពល​ជាង​គជប​ចាស់ ដោយសារ​តែ​សមាសភាព​ថ្មី​នេះ មាន​ការព្រមព្រៀង​គ្នា​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ ហើយ​សម្រាប់​សមាសភាព​ទី​៩​នៃ​គជប​វិញ គឺជា​បុគ្គល ដែល​មិន​ស្ថិតនៅក្រោម​គណបក្សនយោបាយ​ណាមួយ​ឡើយ​។​

ចំពោះ​លោក​ស្រី ជា វណ្ណ​ណាត​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា បានឲ្យដឹងថា សមាសភាព​ដែល​ជ្រើសរើស​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ បាន​បង្ហាញ​ពី សញ្ញា​វិជ្ជមាន​មួយ សម្រាប់​បើកផ្លូវ​អោយ​សមាសភាព​ទាំង​៩​រូប​ធ្វើការ​ជាមួយគ្នា និង​សហការ​ជាមួយគ្នា អោយបាន​ស៊ី​ជំរៅ​ថែម​មួយកំរិត​ទៀត​។ ថ្នាក់ដឹកនាំ គ​.​ជ​.​ប ទាំង ៩​រូប នឹង​ចូល​កាន់​តំណែង​របស់​ខ្លួន នៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែ​មេសា​៕

ព័ត៌មានផ្សេងទៀត