កូរ៉េខាងត្បូង​-​អាមេរិក​​ចាប់ផ្ដើម​​ធ្វើ​សមយុទ្ធ​​យោធា​​ជើង​អាកាស​រ​យៈពេល​​២​សប្ដាហ៍​​

10-04-2015 4:17 pm 1691
យន្តហោះចម្បំាងរបស់កូរ៉េខាងត្បូងនិងអាមេរិក

បើ​តាម​កងទ័ពអាកាស​របស់​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១០​មេសា​នេះ​ថា កងទ័ពអាកាស​របស់​អាមេរិក និង​កងទ័ព​របស់​កូរ៉េខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​ជើង​អាកាស​រួមគ្នា ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​កងទ័ព ការពារជាតិ​របស់​ប្រទេស​ទាំង​ពីរ​។ ការធ្វើ​សមយុទ្ធ​យោធា​តាម​ជើង​អាកាស នឹង​ធ្វើឡើង​រយៈពេល​២​សប្ដាហ៍ ចាប់ពី​ថ្ងៃ​១០​មេសា​ដល់​ថ្ងៃ​ទី​២៤​ខែ​មេសា​នេះ​។ នេះ​ជា​ការធ្វើ​សមយុទ្ធ​យោធា​តាម​ជើង​អាកាស​ជុំ​ទី​១​ហើយ របស់​ប្រទេស​ទាំង​ពីរ​។


​កងទ័ព​របស់​កូរ៉េខាងត្បូង​បាន​បញ្ជាក់ទៀតថា ការធ្វើ​សមយុទ្ធ​ជុំ​ទី​១ មាន​យន្តហោះ​ចម្បាំង​សរុប​១០០​គ្រឿង​និង​កងទ័ព​១៤០០​នាក់​។ កងទ័ព​ជើង​អាកាស​របស់​កូរ៉េ​ខាងត្បូង​មាន​ចំនួន​៥៥០​នាក់ និង​យន្តហោះ​ចម្បាំង​៥០​គ្រឿង​ជា​ប្រភេទ F-15K ,KF-16 ,F-4E, F-5, C-130 E-737 និង​ប្រភេទ​FA-50​។ ចំណែក​ភាគី​អាមេរិក​មាន​កងទ័ពអាកាស​៨៥០​នាក់​រួម​ទាំង​យន្តហោះ​ចម្បាំង​៥០​គ្រឿង​។ យន្តហោះ​ចម្បាំង​អាមេរិក​មាន​ដូចជា​ប្រភេទ F-16, F-15, FA-18​និង​ប្រភេទ​EA-18 ។​


​ការធ្វើ​សមយុទ្ធ​យោធា​តាម​ជើង​អាកាស​របស់​កូរ៉​ខាងត្បូង​និង​អាមេរិកនេះ មិនទាន់​មាន​ប្រតិកម្ម​ពី​កូរ៉េខាងជើង​នៅ​ឡើយ​ទេ​។ តែ​ទោះជា​យ៉ាងណា ប្រទេស​ទាំង​ពីរ​នឹង​សង្ឃឹម​ថា​ការធ្វើ​សមយុទ្ធ​តាម​ជើង​អាកាស អាច​ពង្រឹង​សមត្ថភាព​កងទ័ព​កាន់តែ​ប្រសើរឡើង​ថែមទៀត​។


​ជា​ការកត់សម្គាល់ សមយុទ្ធ​យោធា​តាម​ជើង​អាកាស​របស់​កូរ៉េ​ខាងត្បូង​និង​អាមេរិក ជារឿយៗ​ធ្វើឡើង​២​ដង​ក្នុង​មួយឆ្នាំ តែ​សម្រាប់​ឆ្នាំ​២០១៥​នេះ ភាគី​ទាំងពីរ​គ្រោង​ធ្វើ​៣​ដង​ក្នុង​មួយឆ្នាំ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​របស់​កងទ័ពអាកាស​កូរ៉េខាងត្បូង​។ សូមបញ្ជាក់​ថា ការធ្វើ​សមយុទ្ធ​នេះ​ធ្វើឡើង​ស្របពេល​ដែល​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​Ashton Carter បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​ហើយ​នៅ​ថ្ងៃ​ទី​១០​មេសា​នេះ ក្នុង​គោលបំណង​ត្រួតពិនិត្យ​ពី​ការដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​ឧបទ្វីប​កូរ៉េ និង​ពិភាក្សា​កិច្ចការ​សំខាន់ៗ​មួយចំនួនទៀត​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត