អ្នក​វិភាគ​​ថា​​សមាសភាព​​គជប​​ថ្មី​​នឹង​​មាន​​ឥទ្ធិពល​​ខ្លាំង​ក្លា​​ជាង​​សមាសភាព​​គជប​​ចាស់​

09-04-2015 6:10 pm 2387

​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី បានបង្ហាញ​ជា​ស្ថាពរ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០៩​មេសា តាមរយៈ​ការបោះឆ្នោត​របស់​រដ្ឋសភា​។​រដ្ឋសភា​បាន​បោះឆ្នោត​គាំទ្រ​សមាសភាព​ចំនួន​៩ នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដោយ​សំឡេង​១១៣​លើ​១១៧​សំឡេង​។​លោក ស៊ិក ប៊ុន​ហុក ដែល​មាន​ជំនាញ​ច្បាប់​និង​ការបោះឆ្នោត ត្រូវ​បាន​ជ្រើស រើស​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ចំណែក​លោក គួ​យ ប៊ុន​រឿន ត្រូវបាន​បោះឆ្នោត​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

 

​គួរបញ្ជាក់​ថា សមាសភាព​គជប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មានដូចជា លោក ស៊ិក ប៊ុន​ហុក ជា​ប្រធាន លោក​មាន សទិស​មាជិក លោក​ឌុ​ច សុន​ជា​សមាជិក និង​លោក ឯម សូផាត ជា​សមាជិក ដោយឡែក​សមាសភាព​ម​ក​ពី គណបក្ស​សង្គ្រោះ​ជាតិ​វិញ​រួមមាន លោកគួ​យ ប៊ុន​រឿន លោក​រ៉ុង ឈុន លោក​ហ៊ីង ធី​ឬ​ទ្ធិ លោកស្រី តែ ម៉ា​នី​រ៉ុង​។​

 

​យោងតាម សមាសភាព​ទាំង​៩​រូប​ខាងលើ  ត្រូវបាន អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា គាំទ្រ ហើយ​ជឿជាក់ថា សមាសភាព​គជប​ថ្មី​ដែល​ទើបនឹង​សម្រេច​ចេញ​ជា​សាពរ​នេះ នឹង​មាន​ឥទ្ធិពល​ខ្លាំងក្លា​ជាង​សមាសភាព​គជប​ចាស់ ក្នុង​ការកែទម្រង់ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​។​លោក​សុខ ទូច​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា បាន​ប្រាប់​វិទ្យុ​វាយោ​ថា គជប​ថ្មី នឹង​មាន​ឥទ្ធិពល​ជាង​គជប​ចាស់​។​មាន​ឥទ្ធិពល​ជាង​គជប​ចាស់ ដោយសារ​តែ​សមាសភាព​ថ្មី​នេះ មាន​ការព្រមព្រៀង​គ្នា​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ ហើយ​សម្រាប់​សមាសភាព​ទី​៩​នៃ​គជប​វិញ គឺជា​បុគ្គល ដែល​មិន​ស្ថិតនៅក្រោម​គណបក្សនយោបាយ​ណាមួយ​ឡើយ​។​

​សំឡេង លោក​សុខ ទូច


​ចំពោះ​លោក​ស្រី ជា វណ្ណ​ណាត​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា បានឲ្យដឹងថា សមាសភាព​ដែល​ជ្រើសរើស​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ បាន​បង្ហាញ​ពី សញ្ញា​វិជ្ជមាន​មួយ សម្រាប់​បើកផ្លូវ​អោយ​សមាសភាព​ទាំង​៩​រូប​ធ្វើការ​ជាមួយគ្នា និង​សហការ​ជាមួយគ្នា អោយបាន​ស៊ី​ជំរៅ​ថែម​មួយកំរិត​ទៀត​។​

សំឡេង លោកស្រី​ជា វណ្ណ​ណាត​


​លោក​សុខ ទូច​បាន​បន្ថែមថា ស្ថានភាព​នយោបាយ​នៅ​ពេល​នេះ ហាក់ដូចជា ស្ងប់ស្ងាត់ ហើយ​ក៏​សមល្មម​នឹង​ដល់ពេល ដែល​អ្នកនយោបាយ​បង្ហាញ​ឥរិយាបថ​ទន់ភ្លន់​ដាក់គ្នា​។​ការពិត​ស្ថានភាព​នយោបាយ​នេះ គួរតែ​បែបនេះ​តាំងពី​យូរ​មក​ហើយ​។​អ្នកនយោបាយ​ប្រៀបដូចជា​អ្នក​ប្រដាប់ គឺ​ឈ្លោះ​គ្នា​នៅ​លើ​សង្វៀន ប៉ុន្តែ​ចប់​ការប្រកួត​ត្រូវ​ចាប់ដៃ​គ្នា​ជា​ធម្មតា​។​នេះ​ទើប​ជា​ចរិត​អ្នកនយោបាយ​។​

សំឡេង លោក​សុខ ទូច


​ការ​ចាប់ដៃគ្នា ការ​ត្រូវរ៉ូរ​គ្នា របស់​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ទាំងពីរ គឺជា​ការត្រួសត្រាយ​ផ្លូវ​អោយ​គណៈកម្មការ​ធិ​ការជា​តិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា​គជប ដំណើរការ​ទៅ​ដោយ​រលូន និង​មាន​តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌​។​នេះ​គឺជា​ការលើកឡើង​របស់​លោកស្រី ជា វណ្ណ​ណាត អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​។​

​សំឡេង លោកស្រី​ជា វណ្ណ​ណាត​

ចំណែក​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សង្ឃឹមថា ជាមួយ​នឹង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​នេះ កម្ពុជា​នឹង​លែង​មាន​បញ្ហា​បោះឆ្នោត​ទៀតហើយ​។​នេះ​គឺជា​ការជឿជាក់ ដ៏​វិជ្ជមាន​មួយ​របស់​ថ្នាកដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​យ៉ាងណាក៏ដោយ នេះ គ្រាន់តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ នៃ​ការបើក​ទំព័រ​ថ្មី​របស់​ស្ថាប័ន​គជប​។ ដំណើរការ​យ៉ាងណាៗ​នោះ គឺមាន​តែ​ការរង់ចាំ​មើល​តែប៉ុណ្ណោះ​ថា ក្រោយពី​ការផ្លាស់ប្តូរ​សមាសភាព​គជប​ថ្មី​ក្នុង​ស្ថាប័ន​គជប តើ​ការបោះឆ្នោត​នៅ​កម្ពុជា នឹង​មាន​ការផ្លាស់ប្តូរ​ដល់​កំរិត​ណា​?

ព័ត៌មានផ្សេងទៀត