ហេតុអ្វី​​បានជា​​អាមេរិក​-​​ជប៉ុន​​ទុកចិត្ត​គ្នា​​តែ​ព្រួយបារម្ភ​​ចំពោះ​ចិន​ដូច្នេះ​?​

08-04-2015 1:20 pm 2613
លោកអូបាម៉ា លោកហ្ស៊ីនហ្សូអាបេនិងលោកស៊ីជីងពីង

រឿងរ៉ាវ​ទាក់ទង​នឹង​សង្គ្រាមលោកលើកទី​២​នៅតែ​ជា​បញ្ហា​ក្ដៅគគុក​នៅ​ក្នុង​តំបន់​អាស៊ី ក៏ដូចជា​ពិភពលោក​ទាំងមូល​។ សង្គ្រាមលោកលើកទី​២ បានធ្វើឱ្យ​ទំនាក់ទំនង​រវាង​អាមេរិក​-​ជប៉ុន​ជួប​បញ្ហា ក្រោយ​ពេល​ដែល​អាមេរិក​បាន​ទម្លាក់​គ្រាប់បែកបរមាណូ​ចំនួន​ពីរ​គ្រាប់ នៅ​ទីក្រុង​Hiroshima Nagasaki របស់​ជប៉ុន​។​ការទម្លាក់​គ្រាប់​កាល​ណោះ​បាន​សម្លាប់​ប្រជាជន​ប្រមាណ​១៤​ម៉ឺន​នាក់​។ តែ​ទោះជា​យ៉ាងនេះ​ក្ដី ក្រោយ​បញ្ចប់សង្គ្រាម​លោក​លើក​ទី​២ ជប៉ុន​និង​អាមេរិក​បាន​រឹតចំណង​មិត្ដភាព​ជា​មួយគ្នា​ឡើងវិញ ហើយ​បាន​ផ្ដល់​ទំនុកចិត្ដ​ឱ្យ​គ្នា​ទៅវិញទៅមក​។

 

ក្រៅពីនេះ​នៅ​មាន​ការសហការ​ខាង​ផ្នែក​ពាណិជ្ជកម្ម​ផង​ដែរ ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ឈាន​ទៅ​មុខ​មួយកម្រិត​ទៀត ព្រោះ​អាមេរិក​យល់​ថា​ជប៉ុន​គឺជា​ដៃគូរ​ពាណិជ្ជកម្ម​យ៉ាងសំខាន់​សម្រាប់​ខ្លួន​។ ទំនាក់ទំនង​រវាង​ជប៉ុន​-​អាមេរិក​បាន​ល្អ​ប្រសើរ​ជាង​មុន និង​កំពុងតែ​រីកចម្រើន​ទៅ​មុខ ប៉ុន្ដែ​ប្រទេស​ទាំង​ពីរ​នេះ នៅ​ព្រួយបារម្ភ​ពី​ប្រទេស​មហាអំណាច​ក្នុង​ទ្វីប​អាស៊ី​តែមួយ នោះ​គឺ​ប្រទេស​ចិន​។​សួរ​ថា​ហេតុអ្វី​បាន​ជា​ប្រទេស​ទាំង​ពីរ​នេះ​ព្រួយបារម្ភ​ចំពោះ​ចិន​?


​នរណា​មិន​ល្បី​ពី​ចិន​នៅ​លើ​ឆាក​អន្ដរជាតិ ល្បី​ទាំង​វិស័យ​ពាណិជ្ជកម្ម​និង​វិស័យ​ការពារជាតិ ដោយ​ចិន​មាន​ទាំង​កងទ័ព​មាន​ទាំង​សព្វាវុធ ហើយ​ចិន​អាច​ធ្វើឱ្យ​ពិភពលោក​ក្រឡាប់​ចាក់​បាន​បើសិនជា​ចង់​ធ្វើ​។ ដោយឡែក​ទំនាក់ទំនង​រវាង​ចិន​ជាមួយ​ជប៉ុន ចិន​ជា​មួយ​អាមេរិក មិន​ដូចគ្នា​នឹង​អាមេរិក​ជាមួយ​ជប៉ុន​ទេ​។ ការដាក់​ទំនុកចិត្ដ​របស់​អា​មេ​រិក​លើ​ចិន តិច​ជាង​លើ​ជប៉ុន រីឯ​ជប៉ុន​វិញ​ដូច​គ្នា​នឹង​អាមេរិក​ដែរ មិន​ទុកចិត្ដ​លើ​ប្រទេស​ចិន​ទេ​។

 

បើ​គិត​ពី​ជម្លោះ​វិញ​នោះ​ជប៉ុន​នឹង​ចិន​មាន​ជម្លោះ​ជា​ប្រវត្ដិសាស្ដ្រ​ជាមួយគ្នាមិ​ន​តិច​ទេ គឺ​មាន​ទាំង​ជម្លោះ​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត និង​ជម្លោះ​ទាក់ទង​នឹង​ការចាប់​ស្ដ្រី​ជនជាតិ​ចិ​ន​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​នា​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​។ រហូតមកដល់​បច្ចុប្បន្ន ចិន​និង​ជប៉ុន​នៅ​តែ​ប្រឈមមុខ​ដាក់​គ្នា​ជានិច្ច ទោះ​ខិតខំ​ដោះស្រាយ​យ៉ាងណា​ក៏ដោយ​នៅ​តែ​មិន​អាច​បញ្ចប់​។


​និយាយ​ពី​ទំនាក់ទំនង​អាមេរិក​ជាមួយ​ចិន​វិញ ភាគី​ទាំង​ពីរ​កំពុង​តែ​ដណ្ដើម​តំណែង​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក ដោយ​ចិន​ចង់​បាន​លេខ​មួយ​។ ដូច្នេះ​បញ្ហា​នេះ ធ្វើឱ្យ​អាមេរិក​និង​ចិន​ស្វះស្វែង​រៀងខ្លួន​ធ្វើ​យ៉ាងណា​យក​ឈ្នះ​គ្នា ដោយ​ខិតខំ​តែ​ចាប់​ដៃ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ទៅ​លើ​ពិភពលោក ធ្វើឱ្យ​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឈាន​ផ្ដាច់​គេ​។ នៅ​ទីបំផុត គំលាត​រវាង​អាមេរិក​និង​ចិន​បាន​ឃ្លាត​កាន់តែ​ឆ្ងាយ ហើយ​មើល​មុខ​គ្នា​មិន​សូវ​ចំ គិតតែ​ដណ្ដើម​ទីផ្សារ​ទៅវិញទៅមក​នៅលើ​ឆាក​អន្ដរជាតិ​។ មួយវិញទៀត អាមេរិក​ក៏​បញ្ចេញ​សកម្មភាព​ប្រឆាំង​ជា​ញយ​ដង ដោយ​គាំទ្រ​ជប៉ុន​និង​បាន​ថ្កោលទោស​ចិន​ផង​ដែរ​ទាក់ទង​នឹង​ជម្លោះ​ដែនសមុទ្រ​។

 

ភាពសាំញ៉ាំ​និង​ភាពរ​កាំរ​កួស បាន​ធ្វើឱ្យ​ភាគី​ទាំងបី​នេះ ខ្លាចរអា​គ្នា​ទៅវិញទៅមក ជាពិសេស​គឺ​អាមេរិក​និង​ជប៉ុន ខ្លាច​ចិន​មាន​សកម្មភាព​ណាមួយ​ប៉ះពាល់​ដល់​ខ្លួន ដោយសារ​តែ​ជម្លោះ​ពី​អតីតកាល និង​ការ​ចង់យក​ឈ្នះ​គ្នា​ទៅវិញទៅមក​។ សកម្មភាព​របស់​ចិន​កន្លងមក មិន​បាន​បង្ហាញ​ការ​ខ្លាចរអា​ទេ ហើយ​ចិន​ក៏​បាន​បញ្ជាក់​ដែរ​ថា​ខ្លួន​ត្រៀមខ្លួន​ជាស្រេច ប្រឆាំង​នឹង​ប្រទេស​ចង់​ប្រជែង​ជាមួយ​ចិន​៕(ដោយ៖លាង ធីតា)

ព័ត៌មានផ្សេងទៀត