ពិតជា​ឆ្លាត​មែន​​ឆ្លៀតឱកាស​​ថៃ​រកាំរកូស​​ជាមួយ​​អាមេរិក​រុស្ស៊ី​​ក៏​មក​រឹតចំណង​​មិត្ដភាព​​នឹង​​ថៃ​!​

07-04-2015 5:30 pm 2323
នាយករដ្ឋមន្រ្តីរុស្ស៊ីលោកDmitry Medvedev និងនាយករដ្ឋមន្រ្តីថៃPrayuth Chan-ocha

ទំនាក់ទំនង​ថៃ​និង​អាមេរិក​មាន​ភាព​រកាំរកូស​ជាមួយគ្នា ក្នុង​រយៈពេល​ថ្មី​នេះ​។ តាមពិត​ទៅ​ថៃ​និង​អាមេរិក​មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​ជាមួយគ្នា ចាប់តាំងពី​ត្រកូល​ថាក់ស៊ីន​ឡើងកាន់តំណែង​ជា​នាយករដ្ឋ​មន្ត្រី​​។ ប៉ុន្ដែ​ចាប់តាំងពី​មាន​ការដាក់​ច្បាប់​អាជ្ញាសឹក និង​មាន​ការធ្វើ​រដ្ឋប្រហារ​នៅក្នុង​ប្រទេស​ថៃ អាមេរិក​តែងតែ​ស្នើសុំ​ឱ្យ​ថៃ​ដក​ច្បាប់​នេះ​ចេញ តែ​ថៃ​មិន​ព្រម​។ កន្លង​មក​ថៃ​ធ្លាប់​បាន​ចោទប្រកាន់​អាមេរិក​ថា បាន​លូកដៃ​ក្នុង​រឿង​នយោបាយ​ខ្លួន​។ តែ​ពេល​នេះ​ថៃ​បាន​ដក​ច្បាប់អាជ្ញាសឹក​ចេញពី​ប្រទេស​ហើយ ប៉ុន្តែ​មិន​មាន​ការឆ្លើយតប​ពី​អាមេរិក​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទំនាក់ទំនង​ថៃ​ត្រូវ​មើលឃើញថា​កំពុង​ឃ្លាតឆ្ងាយ​ពី​អាមេរិក​បន្តិច​ម្ដងៗ​ហើយ​។​


​ឆ្លៀត​ឱកាស​ទំនាក់ទំនង​ថៃ​-​អាមេរិក​បាន​ឃ្លាតឆ្ងាយ​ដូច្នេះ នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Dmitry Medvedev បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​ថៃ​ហើយ នៅ​ថ្ងៃ​ទី​០៧​ខែ​មេសា​នេះ​។ ការធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល​​២​ថ្ងៃ​របស់​លោក ធ្វើឡើង​ក្នុង​គោលបំណង​ពង្រីក​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍ ព្រោះ​ចាប់តាំងពី​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ដាក់​ច្បាប់អាជ្ញាសឹក​មក វិស័យ​ពាណិជ្ជកម្ម​និង​វិស័យ​ទេ​ចរណ៍​ធ្លាក់​ភាគរយ​ច្រើន​គួរឱ្យកត់សម្គាល់​។


​បើតាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ថៃ​លោក​Yongyuth Mayalarp បាន​និយាយថា នៅ​ថ្ងៃ​ទី​០៨​មេសា ថៃ​និង​រុស្ស៊ី​នឹង​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​៥​ចំណុច​។​ចំណុច​ទី​១ បង្កើន​កិច្ច​សហប្រតិបត្តិ​ទំនាក់ទំនង​ទ្វេរ​ភាគី ចំណុច​ទី​២ ការបង្ក្រាប​អំពើ​ឧក្រិដ្ឋកម្ម ចំណុច​ទី​៣​ការបង្ក្រាប​គ្រឿងញៀន ទី​៤ វិស័យ​ទេសចរណ៍​និង​ទី​៥​វិស័យ​វប្បធម៌​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​បន្ថែម​ដែរ​ថា រុស្ស៊ី​កំពុង​ចាប់អារម្មណ៍​ពី​ផលិតផល​កសិកម្ម​ថៃ រួម​ទាំង​ជ័យ​កៅស៊ូ​ផងដែរ ហើយ​រុស្ស៊ី​ចង់​នាំ​ទំនិញ​ទាំងនេះ​ទៅ​វិនិយោគ​ក្នុង​ប្រទេស​ខ្លួន​។ តែ​ទោះជា​យ៉ាងណា​នាយករដ្ឋមន្ត្រី​រុស្ស៊ី​រំពឹងថា អាច​នឹង​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​លើ​បញ្ហា​នេះ​។​


​សូមបញ្ជាក់​ថា ការធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ទៅ​ប្រទេស​ថៃ ត្រូវបាន​ប្រទេស​លោកខាងលិច​មួយចំនួន រួមទាំង​អង្គការសហប្រជាជាតិ​រិះគន់​យ៉ាង​ខ្លាំង​។ រិះគន់ គឺ​រុស្ស៊ី​ជា​ប្រទេស​ប្រឆាំងនឹង​លោក​ខាងលិច​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ទៅកាន់​ប្រទេស​ថៃ​ ក្រោយ​កាត់ផ្ដាច់​រយៈពេល​២៥​ឆ្នាំ​។ តែ​ពេល​នេះ​ប្រទេស​ទាំង​ពីរ​ស្តារ​ទំនាក់ទំនង​ឡើងវិញ​ហើយ​។


​បើសិនជា​ទំនាក់ទំនង​រុស្ស៊ី​និង​ថៃ​អាច​នឹង​កាន់តែ​ស្អិតរ​មួ​ត ហើយ​មិន​អាច​ខ្វះ​គ្នា​បាន​នោះ តើ​រុស្ស៊ី​អាច​ធ្វើឱ្យ​ថៃ​រលាស់ដៃ​ចេញ​ពី​អាមេរិក ហើយ​ងាក​មក​ចាប់​ដៃ​ជាមួយ​ខ្លួន​បាន​ដែរឬទេ​? ប្រសិនបើ​ធ្វើ​បាន​បែប​នេះ​មែន ច្បាស់​ណាស់​ថា​រុស្ស៊ី​ឈប់​ខ្វល់​ពី​ការដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាងលិច​ហើយ ព្រោះ​ផលិតផល​ទាំងអស់​នេះ​អាច​វិនិយោគ​ជាមួយ​ប្រទេស​ថៃ ហើយ​អាច​នឹង​វិនិយោគ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បន្ថែម​ទៀត​ផង​។ ពេល​នោះ​ហើយ ដែល​ជា​ពេល​ធ្វើ​ឱ្យ​រុស្ស៊ី​អាច​បញ្ចេញ​សាច់ដុំ​ដាក់​អាមេរិក លើ​វិស័យសេដ្ឋកិច្ច​របស់​រុស្ស៊ី​៕(​ដោយ​៖​លាង​ធីតា​)

ព័ត៌មានផ្សេងទៀត