ការពូនភ្នំខ្សាច់នេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកន្ដាលទីធ្លាដែលគេបានកំនត់ រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើតហើយគេសន្មត់ហៅថា «វាលុកចេតិយ»ឬក៏ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។គឺតំនាងអោយព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសានិងព្រះចង្កូមកែវនៃព្រះពុទ្ធ។ការសាងវាលុកចេតិយនេះដោយគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ។ដើម្បីយល់កាន់តែច្បាស់ពី ពិធីពូនភ្នំខ្សាច់នេះ ជាបន្តសូមស្តាប់គួន សំបូរពណ៌នា ដូចតទៅ៖
អានិសង្សដែលបានកសាងបុណ្យកុសលក្នុងឱកាសដាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារ អ្នកដែលបានផ្ងូតទឹកឲ្យមាតា បិតា គ្រូឧបជ្ឈាយ៍ អាចារ្យឬព្រះសង្ឃក្នុងឱកាសសង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដី មានឫទ្ធិដ៏មហិមាសំបូរដោយរតនៈ ៧ ប្រការ ដេរដាសដោយពពួកនាងនារីដែលមានរូបឆោមល្អនិង សំបូរដោយចតុរង្គសេនា និងជាអ្នកបានសេចក្តីសុខគ្រប់យ៉ាង។នេះបើតាមការសំដែងរបស់ព្រះពុទ្ធ ។អ្នកដែលបានលែងសត្វតិរច្ឆាន ដូចជា មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំណាចដែលបានលេងសត្វទាំងនោះអ្នកនោះរមែងជាអ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើនឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួងប្រកបតែសេចក្តីសុខ ។ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃអ្នកនោះទោះទៅកើតក្នុងភពណាៗរមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមានសំបុរកាយផូរផង់ជាទីគាប់ចិត្តជាទីគួរឲ្យមើល ជាអ្នកមានប្រាជ្ញាស្រួចជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់និង ចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺនយូររាល់ៗជាតិជាអ្នកមានបុត្រ ភរិយា សុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ទាំងនេះជាអានិសង្សផ្ងូតទឹកក្នុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។ ដោយប្រការដូច្នេះហើយបានជានៅឱកាសចូលឆ្នាំមនុស្សទាំងឡាយតែងនាំគ្នាដោះលែង សត្វតែងនាំគ្នាធ្វើបុណ្យផ្សេងៗ ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។
ចំណែកអានិសង្សវាលុកចេតិយឬពូនភ្នំខ្សាច់វិញ ក៏មានអានិសង្សដូចគ្នានេះផងដែរ។ វាលុកចេតិយឬក៏ពាក្យសាមញ្ញហៅថា អានិសង្ស នៃពិធីពូនភ្នំខ្សាច់ជារឿងដែលគេតាក់តែងជាភាសាខ្មែរយូរលង់ណាស់មកហើយ ដែលសំដែងអំពីការសាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការ ពេលមានវេលាឆ្លងវាលុកចេតិយ គេច្រើនយកព្រះសង្ឃមកទេសន៍និទានអំពីផល្លានិសង្សនៃពិធីពូនភ្នំខ្សាច់នេះ ។ តទៅនេះយើងខ្ញុំបាទនិងលើកយករឿងនៃពិធីពូនភ្នំខ្សាច់នេះមកពិពណ៌រនាដូចតទៅ៖
មានរឿងនិទានមួយបានតំណាលថា មានអ្នកនេសាទម្នាក់ បានធ្វើតែបាប សំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់មិនដែលបានធ្វើបុណ្យម្តងសោះឡើយ ។ នាថ្ងៃមួយ មានភិក្ខុសង្ឃ ១រូបនឹកអាណិតនាយនេសាទខ្លាំងណាស់ក៏គិតរកឧបាយឲ្យគាត់បានសាងបុណ្យកុសលខ្លះ ។ លុះគិតរួចហើយភិក្ខុអង្គនោះក៏គ្រងចីវរកាន់យកនូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ ។ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និង វិចបាយ១កញ្ចប់ចេញទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង ។ ដំបូងនាយនេសាទប្រកែកដាច់ខាត់ថា មិនព្រមប្រគេនតែភិក្ខុនោះចេះតែទទូចសុំ ។ អត់មិនបានក៏រំលែកបាយ ១ ពំនូតប្រគេន ។ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅត្រូវពួកយមបាល ឬយមភូបាលយកខ្លួនទៅសួរយកចម្លើយអំពីរឿងកាលនៅមនុស្សលោកនោះបានធ្វើបុណ្យខ្លះទេ ? នាយនេសាទតបថា ៖មិនបានធ្វើបុណ្យទេ ធ្វើតែបាបតាំងពីតូចមក ។ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្តៅភ្លើងនរក តែមិនឆេះត្រលប់ជាខ្ទាតចេញមកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ។ទទួលនាយនេសាទក្រលេកទៅឃើញអណ្តាតភ្លើងមានពណ៌ដូចចីវរលោកសង្ឃក៏នឹកឃើញដល់ទានដែលខ្លួនបានធ្វើ ទើបឆ្លើយថាកាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូបដែរ ។ពួកយមបាលប្រាប់ថា បើដូច្នេះអ្នកឯងត្រូវទៅកើតឯឋានសួគ៌មួយអាទិត្យលុះដល់ថ្ងៃទី ៨ យើងនឹងយកខ្លួនមកទទួលទោសនៅឋាននរកនេះវិញ ។ក្នុងមួយរំពេចនោះវិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតនៅឋានសួគ៌បានបរិបូណ៌ទៅដោយសម្បត្តិ និង ស្រីទេពកញ្ញាបំរើត្រៀបត្រា។ ទេវបុត្រនោះ សោយសម្បត្តិបាន ៦ថ្ងៃ នឹកឃើញដល់ពាក្យរបស់យមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ពេកហើយចូលទៅដេកទួញយំ នាងសុវណ្ណឱរ៉ៃ ឃើញដូច្នេះក៏ចូលទៅសួរទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងពីដើមរហូតដល់ចប់ ។ នាងសុវណ្ណឱរ៉ៃលួងលោមថាបើដូច្នោះសូមព្រះអង្គកុំជាទុក្ខទោមនស្សឡើយត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាបអម្បាលម៉ានក្តីបើចង់ឲ្យរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយគប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លងហើយនិងងរួចអំពីកម្មពៀរនោះហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។ទេវបុត្របានឮដូច្នោះក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយ និង ធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវាង ៧ ថ្ងៃនោះ ។លុះដល់ថ្ងៃទី ៨ វេលាព្រឹកព្រហាមពួកយមបាលក៏ទៅដល់ស្រែកហៅរកទេវបុត្រឲ្យចេញមកគ្រានោះទេវបុត្រគេចមុខចេញទុកឲ្យនាងសុវណ្ណឱរ៉ៃចេញមកទទួល ។ នាងបដិសេធយមបាលដោយមិនព្រមបើកយកស្វាមីរបស់នាងទៅឡើយ ។ នាងអះអាងថា៖ស្វាមីរបស់យើងបានសាងវាលុកចេតិយ និង ធ្វើបុណ្យឆ្លងរួចហើយ ។បាបកម្មទាំងពួងក៏ជ្រះអស់អំពីខ្លួនហើយតែបើនៅតែត្រូវការយកខ្លួនគាត់ទៅធ្វើទោស ចូររាប់ខ្សាច់១ពែងនេះឲ្យអស់ ទើបអាចយកទៅបាន ។ យមបាលតបថា ៖ មិនពិបាកអ្វីទេការរាប់ខ្សាច់ ១ ពែង ប៉ុណ្ណោះ ។រួចនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ។គ្រាប់ខ្សាច់ដែលយកចេញពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែខ្សាច់ក្នុងពែងនៅដដែលគ្មានស្រកស្រុតទៅណាសោះឡើយ ។ ពួកយមបាលទាល់ចំណេះមិនរាប់តទៅទៀតក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។រីឯទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត ។គាត់មិនបានទៅសោយទុក្ខក្នុងនរកដូចដែលយមបាលកំនត់ទុកនោះទេ ។
តាមការពិនិត្យមើល និង វិភាគនូវកិច្ចខាងសាសនាទាំងអស់ដែលធ្វើឡើងក្នុងពេលពូនភ្នំខ្សាច់ឬកិច្ចដទៃទៀតខាងសាសនាយើងអាចសន្និដ្ឋានបានថា វាជាកិច្ចខាងសាសនាព្រាហ្មណ៍ដែលបន្សល់ទុកនៅក្នុងទំនៀមទម្លាប់របស់ខ្មែរព្រោះខ្មែរបានទទួលរងឥទ្ធិពលលទ្ធិព្រាហ្មណ៍ជាច្រើនរយឆ្នាំ ។ដូច្នេះ ទោះបីជាខ្មែរបែរមកកាន់ព្រះពុទ្ធសាសនាក៏ដោយ ក៏ល្បែងរបាំនិង ប្រពៃណីរបស់សាសនាព្រាហ្មណ៍នៅបន្តមានសេសសល់ក្នុងផ្នត់គំនិតនិង កិច្ចនានាខាងសាសនាផងដែរ ។
ដោយសារតែប្រជាជនខ្មែរភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនាដើម្បីរក្សាទុកនូវកិច្ចទាំងឡាយខាងសាសនាព្រាហ្មណ៍កុំឲ្យសាបសួន្យអ្នកនិពន្ធបានប្រឌិតរឿងជាច្រើនដោយភ្ជាប់សាច់រឿងទៅនឹងតួអង្គព្រះពុទ្ធ ឬព្រះពុទ្ធសាសនា ។កាលកើតមានរឿងសំដែងអំពីអានិសង្សនៃការពូនភ្នំខ្សាច់ដូច្នេះហើយប្រជាពលរដ្ឋខ្មែរ យើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និង ជ្រះថ្លាទើបបាននាំគ្នាពូនភ្នំខ្សាច់ជាប់ជាប្រវេណីដរាបមកដល់បច្ចុប្បន្នកាលនេះជារៀលរហូតមក៕
(ដោយ៖គួន សំបូរ)