រដ្ឋមន្ដ្រី​​ក្រសួង​ការពារជាតិ​​អាមេរិក​​នឹង​បំពេញ​​ទស្សនកិច្ច​​​ទៅ​អាស៊ី​​ខែ​មេសា​​និង​ឧសភា​

04-04-2015 8:24 am 1518
​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោក Ash Carter

​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោក Ash Carter នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី នៅក្នុង​ខែ​មេសា​និង​ឧសភា​ឆ្នាំ​២០១៥​នេះ​។​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​អាមេរិក មាន​គោលដៅ​ចង់​បញ្ជាក់​និង​រឹតចំណង​មិត្ដភាព​ជាមួយ​សម្ព័ន្ធមិត្ដ​របស់ខ្លួន​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រសួង​ការពារជាតិ​អាមេរិក កាលពី​ថ្ងៃ​ទី​០៤​មេសា​នេះ​។


​សេចក្ដីថ្លែងការណ៍​ដែល​ចេញ​ដោយ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​និយាយថា លោក Carter​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី​០៨-០៩​ខែ​មេសា​។ នៅ​ទីនោះ លោក​នឹង​ជួប​ជាមួយ​មន្ដ្រីជាន់ខ្ពស់​ជប៉ុន ពិភាក្សា​ពី​យុទ្ធសាស្ដ្រ​ក៏ដូចជា​ពិនិត្យ​ឡើងវិញ​លើ​គោលការណ៍​នៃ​វិស័យ​ការពារ​ជាតិ មុនពេល​លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន Shinzo Abe ធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ចុងខែ​មេសា​។


​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ជប៉ុន លោក​Carter​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ទី​០៩-១០​ខែ​មេសា​ដដែល ដោយ​លោក​នឹង​និយាយ​ម្ដង​ទៀត​នូវ​ការប្ដេជ្ញាចិត្ដ​របស់​អា​មេរិក ចំពោះ​សន្ដិសុខ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង និង​ពិភាក្សា​ពី​បញ្ហា​ក្នុង​តំបន់​ជាមួយ​មន្ដ្រី​កូរ៉េខាងត្បូង​ផងដែរ​។


​នៅក្នុង​ខែ​ឧសភា​វិញ លោក​Carter​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី​និង​ឥណ្ឌា​។ ទៅ​ទីនោះ លោក​Carter​នឹង​ផ្ដោតជាសំខាន់​ក្នុង​ការកសាង និង​ពង្រឹង​ឱ្យ​រីកចម្រើន​នូវ​ភាព​ជា​ដៃគូ​រវាង​អាមេរិក​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង​។ ស្ថិត​នៅក្នុង​ប្រទេស​សិង្ហ​បុរី លោក Carter​ត្រូវ​រំពឹងថា​នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ប្រចាំឆ្នាំ Shangri-La Dialogue ពិភាក្សា​ពី​បញ្ហា​សន្ដិសុខ​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។


​ដោយឡែក​សម្រាប់​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ គឺ​លោក​Carter​នឹង​ទៅ​ប្រទេស​ឥណ្ឌា​។ នៅ​ឥណ្ឌា​លោក​Carter​នឹង​ស្វែងរក​ការពង្រឹង​កិច្ចសហប្រតិបត្ដិការ​លើ​វិស័យ​ការពារ​ជាតិ​អាមេរិក​-​ឥណ្ឌា វិស័យ​បច្ចេកវិទ្យា និង​ការផ្ដួចផ្ដើម​វិស័យ​ពាណិជ្ជកម្ម​ផងដែរ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​នៃ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​បន្ថែម​ទៀត​ថា លោក​Carter​ក៏​នឹង​ប្ដេជ្ញា​ជា​មួយ​ឥណ្ឌា ពិភាក្សា​លើ​បញ្ហា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទៀត​ដែរ​៕​​​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត