លោក​​​​ហ៊ុន​ សែនផ្តល់​​​ជម្រើស​​​២​​​ដល់​​​លោក​​​សម​​ រង្ស៊ី​​​ពិចារណា​​​ពី​បេក្ខភាព​​​ទី៩​​​​​គជ​ប​​

01-04-2015 6:10 pm 1655

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រតិកម្ម​នឹង​ការ​ក្រ​ឡាស់​ពាក្យ​សំដី​របស់​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​នឹង​សមាជិក​ទី​៩ នៃ​គជប​ថ្មី​។ ការ​ប្រតិកម្ម​នេះ កើតឡើង​បន្ទាប់ពី​លោក​ហ៊ុន សែន បាន​ទទួល​សារ​អេឡិចត្រូនិច​ពី​លោក​សម រង្ស៊ី នៅ​ថ្ងៃ​ទី​៣១ មីនា​។ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​២៩ មីនា បានឲ្យដឹងថា លោក​ហ៊ុន សែន និង​លោក​​​​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា​តាម​ទូរស័ព្ទ​សម្រេច​ជ្រើសរើស​យក​លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា “​និចហ្វិច​”​ធ្វើ​ជា​បេក្ខភាព​ទី​៩ នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

 

​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ទៀតថា លោក​ហ៊ុន សែន បាន​ចុះហត្ថលេខា​យល់ព្រម​រួចហើយ និង​បាន​ឲ្យ​លោក​សម រង្ស៊ី ពិនិត្យ និង​ចុះហត្ថលេខា លើ​លិខិត​នេះ ដើម្បី​ទុក​បញ្ជូនទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ក្រោយ​ពេល​រដ្ឋសភា​បញ្ចប់​ការទទួលពាក្យ​សុំ​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិ​ក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ប៉ុន្តែ​ការសម្រេច​នេះ ត្រូវបាន​លោក​សម រង្សី បដិសេធ ដោយ​ចង់​ផ្លាស់ប្តូរ​សមាសភាព​ថ្មី​ម្នាក់​ផ្សេងទៀត​វិញ​។​

 

​ការបដិសេធ​នេះ ធ្វើឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ប្រតិកម្ម ដោយ​បាន​បញ្ជាក់ថា លោក​នៅ​តែ​សម្រេច​ជ្រើស​យក លោក​ហង្ស ពុទ្ធា ធ្វើជា​សមាជិក​ទី​៩​នៃ គ​.​ជ​.​ប  បើ​ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ផ្លាស់ប្ដូរ​ក៏ដោយ​។ ទន្ទឹមនឹងនេះ លោក​ហ៊ុន សែន ក៏បាន​ផ្តល់​ជម្រើស​២ ដល់​លោក​សម រង្ស៊ី ទី​១ គាំទ្រ​បេក្ខភាព​លោក​ហង្ស​ពុទ្ធា ជា​បេក្ខភាព​សមាជិក​ទី​៩ នៃ​គជប ហើយ​ចុះ​ហត្ថលេខា​លើ​លិខិត ដែល​លោក​បាន​ព្រាង​ផ្ញើ​ទៅឲ្យ និង​ទី​២-​មិន​បាច់​មាន​ការបោះឆ្នោត ជ្រើសរើស​សមាជិក​គជ​ប​ថ្មី នៅ​ថ្ងៃ​ទី​១៣ មេសា នៅ​រដ្ឋសភា​ទេ ហើយ​ទុក ឲ្យ​គជប​ចាស់ បន្ត​ការងារ​បន្តទៀត​។ ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​បែបនេះ ធ្វើឡើង​ក្នុង​ឱកាស​ចូលរួម​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន ឆ្លងកាត់​ទន្លេមេគង្គ និង ផ្លូវជាតិ​លេខ​៩ ត​ភ្ជាប់​ខេត្ត​ស្ទឹងត្រែង និង ខេត្ត​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា​។​

សម្លេង​លោក​ហ៊ុន សែន​

 

​លោក​យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​រង​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ឆ្លើយតប​លើ​ចំណុច​នៃ ការ​ផ្តល់​ជម្រើស​ទាំង​២​ខាងលើ របស់​លោក​នាយករដ្ឋមន្ត្រី​ទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា យោង​ទៅ​តាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​ថ្ងៃ​២២ កក្កដា ឆ្នាំ​២០១៤ គណបក្ស​សង្គ្រោះ​ជាតិ គឺ​ចង់​បញ្ចប់​នូវ​រាល់​តានតឹង និង​វិបត្តិ​នយោបាយ ទាំងអស់​។ ដោយឡែក​សម្រាប់​ជ្រើសរើស​សមាសភាព​ទី​៩ នៃ​គជប​នេះ គឺ​ត្រូវបាន​ដាក់បញ្ចូល​នៅក្នុង​ច្បាប់​គជប​ថ្មី ដែល​តម្រូវឲ្យ​មាន​ការ ឯកភាព ព្រមព្រៀង​ពី​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​។​

 

​លោក​យ៉ែម បុញ្ញ​ឫទ្ធិ បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិនទាន់​សំឡឹង​មើល​ឃើញ បេក្ខភាព​ទី​៩ នៃ​គជប​ថ្មី នៅឡើយ ដោយសារ​កំពុងតែ​ត្រួតពិនិត្យ​លើ បេក្ខជន​ដែល​មក​ដាក់​ពាក្យ​ទាំងអស់​។​

 

​ដោយឡែក សម្រាប់​ការបកស្រាយ​ចំពោះ​ការបដិសេធ​របស់លោក​សម រង្ស៊ី ដែល​មិន​ព្រម​ទទួលយក​លោក​ហង្ស ពុទ្ធា ជា​បេក្ខភាព​ទី​៩ នៃ​គជប​វិញ​នោះ ត្រូវបាន​លោក​យ៉ែម បុញ្ញ​ឫទ្ធិ អះអាងថា ជា​គោលការណ៍​របស់​គ​ណ​បក្ស ហើយ​ការសម្រេច​នេះ នៅ​មិនទាន់​សម្រេច​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​នៅ​ឡើយ​។​

សម្លេង​លោក​យ៉ែម បុញ្ញ​ឫទ្ធិ​

 

​គួររម្លឹកថា នៅ​ថ្ងៃ​ទី​៣១​មីនា លោក​សម រង្ស៊ី បាន​ផ្ញើ​សារ​អេឡិចត្រូនិច ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​បាន​បញ្ជាក់ថា លោក​ហង្ស ពុទ្ធា មាន​បញ្ហា​សុខភាព គឺ​កើត​ជំងឺ​ទឹកនោម​ផ្អែម ដែល​ត្រូវ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។ ដូច្នេះ​លោក​សម រង្ស៊ី ស្នើ ពិនិត្យ​នូវ​បេក្ខជន​ទី​៩ នៃ​គជប ម្នាក់ទៀត​។ ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី បានប្រកាស​បដិសេធ ហើយ​ថា ការលើកឡើង​ពី​បញ្ហា​សុខភាព​របស់​លោក​ហង្ស ពុទ្ធា មិនមែន​ជា​ហេតុផល​ស​ម​ស្រប​នោះឡើយ លើកលែង​តែ​ខុស​ទៅ​នឹង​លក្ខន្តិកៈ​ដូចជា​ករណី​លោក​ស្រី​ពុង ឈី​វ​កេក លើ​បញ្ហា​សញ្ជាតិ​ខ្មែរ​តែមួយ​៕ ដោយៈ​សៅ វិសាល​

     

ព័ត៌មានផ្សេងទៀត