លោក​ញឹក ប៊ុនឆៃ​៖​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នឹង​មាន​ការ​គាំទ្រ​ខ្លាំង​នៅ​អាណាត្តិទី​៦

28-03-2015 9:45 am 2996

​ថ្លែង​ប្រាប់​វិទ្យុ​វាយោ​នៅ​រសៀល​ថ្ងៃទី​២៧ ខែ​មីនា​លោក ញឹក ប៊ុនឆៃ​អនុប្រធាន​ទី​២ នៃ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​អះអាង​ថា​«​លោក​មាន​ការជឿជាក់​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​មាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ច្រើន​ជាង​អាណា​ត្តិ​មុន​។ មូលហេតុ​ដែល​លោក​ហ៊ាន​អះអាង​ដូច្នេះ គឺ​ដោយសារតែ​ទីមួយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បង្រួបបង្រួម​អ្នករាជានិយម​ឡើងវិញ ទី​ពីរ​ស្ថាន​ការ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ពេល​ប​ច្ច​ប្បន្ន​នេះ វា​មាន​ភាព​អំណោយផល​ច្រើន​សម្រាប់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​»​។​

 

​អនុប្រធាន​ទី​២ នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ បាន​បញ្ជាក់​ជំហ​រថា ចាប់តាំងពី​ពេល​នេះ​ត​ទៅ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច នឹង​មិន​មាន​ទេ​ការបែកបាក់​គ្នា​ទេ នៅ​ថ្ងៃ​អនាគត​។ ហើយ​លោក​ក៏​អះអាងថា បញ្ហា​ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​កើតមាន​ឡើង​នៅ​ពេល​កន្លងមក​នោះ គឺ​មិនមែន​ជា​ជម្លោះ​នោះ​ទេ​វា​គ្រាន់តែ​ជា​មតិ​ផ្ទុយគ្នា​តែប៉ុណ្ណោះ​។ ហើយ​មកដល់ពេលនេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កំពុងតែ​បង្រួបបង្រួម​សមាជិក សមាជិការ​របស់​គណ​បក្ស​នៅ​ទូទាំង​ប្រទេស​ទាំងអស់ ឲ្យមាន​ការរួបរួម​គ្នា​ឡើង​វិញ​ផង​ដែរ​។ គណបក្ស​មួយ​នេះ នឹង​បន្ត​លើក​ផ្លាកគណបក្ស​ឲ្យបាន​ទូទាំងប្រទេស​ដែល​លោក​អះអាង​ថា ត្រូវ​ចំណាយ​រយៈពេល​ជាង​បី​ខែ​ទើប​រួចរាល់​។​

 

​យ៉ាងណា​ក្តី​លោក​ញឹក ប៊ុនឆៃ​អនុប្រធាន​ទី​២ នៃ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការបង្រួបបង្រួម គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅពេលនេះ គឺ​មិនមែន​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ជា​ការចោទប្រកាន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។​ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា ការដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​គឺ​មិនអាច​ពឹងផ្អែក​គណបក្សនយោបាយ​តែ​មួយ​បាន​ទេ​។​

 

​សូម​រម្លឹក​បន្តិច​ថា កន្លង​មក​បញ្ហា​ផ្ទៃក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់​មាន​ការ​រង្គោះរង្គើ ដោយសារតែ​ការ​មិន​ចុះសម្រុង​គ្នា​រវាង​សម្តេច​ក្រុមព្រះ និង​លោក​ញឹក ប៊ុនឆៃ​។ ភាព​មិន​ស៊ីចង្វាក់​គ្នា​នេះ គឺ​ដោយសារតែ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​បាន​ប្រកាស​រំលាយ គណៈកម្មាធិការ​អចិន្ត្រៃយ៍ (២៣​រូប​) គណៈកម្មការ​នាយក (២៥៣​រូប​) និង​រៀបចំ​ឡើង​វិញ ត្រឹមតែ ២៧​រូប ដោយ​មិន​ដាក់​សមាជិក​ចាស់ ចូល​វិញ​ទេ គឺ​ដាក់​មនុស្ស​ថ្មី​ទាំងអស់ និង​រៀបចំ​រចនាសម្ព័ន្ធ ថ្នាក់​មូលដ្ឋាន​ថ្មី​ទាំងអស់​។ មិនតែប៉ុណ្ណោះ ព្រះអង្គ ក៏​បាន​ចេញ​សេចក្តីណែនាំ ឲ្យ​ទម្លាក់ស្លាក​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច នៅ​ទូទាំង​ប្រទេស រង់ចាំ​ការលើក​ស្លាក​គណបក្ស​ថ្មី​។ បញ្ហា​នេះ​ហើយ​ដែល​ធ្វើឲ្យ មន្ត្រី​គណៈកម្មាធិការ​នាយក និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ រួមទាំង​មន្ត្រី​នៅ​ថ្នាក់ មូលដ្ឋាន មាន​ការមិនសប្បាយចិត្ត និង​មិន​ពេញចិត្ត ចំពោះ​ទង្វើ​របស់​សម្តេច​ក្រុមព្រះ​។​

 

​បញ្ហា​ទាំងនេះ ហើយ​ដែល​នាំឲ្យ​មាន​ការលេចលឺ​ពី​មាត់​មន្ត្រី​មួយចំនួន​ក្នុង​ជួរ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ថា វត្ត​មាន​ជា​ព្រះប្រធាន​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជាថ្មី ពី​សំណាក់​សម្តេច​ក្រុមព្រះ ជា​ការយាង​មក​ដើម្បី​បង្រួបបង្រួម​អ្នក​ជាតិនិយម ឬ​យាង​មក​ដើម្បី​បំបែកបំបាក់​គណបក្ស​។

 

​តែ​យ៉ាងណាក៏ដោយ បញ្ហា​ទាំងនេះ បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ទាំង​២ រួម​មាន​ព្រះប្រធាន​គណបក្ស និង​អនុប្រធាន​ទី​២ ជួប​ប្រជុំ​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ និង​បាន​ឈាន​ដល់​ចំនុច​ឯកភាព​គ្នា​មួយ ហើយ​ការឯកភាព និង​សាមគ្គីភាព​ជា​ថ្មី របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះ ត្រូវបាន​លោក​ញឹក ប៊ុនឆៃ អះអាងថា នឹង​មិន​មាន​ភាព​រកាំ​រកូស​តទៅ​ទៀត​ឡើយ ហើយក៏​អាច​ប្រមូលផ្តុំ​អ្នក​ជាតិនិយម​ជាច្រើន បោះឆ្នោត​គាំទ្រ​គណបក្ស សម្រាប់​អាណត្តិ​ទី​៦ ខាងមុខ​នេះ​ផង​ដែរ​៕ ដោយៈ​សៅ វិសាល​

     

ព័ត៌មានផ្សេងទៀត