រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នូវ​ទឹកប្រាក់​ប្រមាណ​២៣០​លាន​ដុល្លារ​

26-03-2015 4:13 pm 3604

​រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់​ជំនួយឥតសំណង និង​កម្ចី​សម្បទាន​សរុប​ប្រមាណ​២៣០​លាន​ដុល្លារ ដល់​រដ្ឋាភិបាល​កម្ពុជា លើ​ការអនុវត្ត​គម្រោង​ពីរ ស្ថិតនៅ​តាម​បណ្តារ​ខេត្ត​មួយចំនួន​។​គម្រោង​ទាំង​នោះ រួមមាន គំរោង​ជំនួយ​ឥត​សំណង មាន​ទឹកប្រាក់ ប្រមាណ ៣៦ លាន​ដុល្លារ អភិវឌ្ឍន៍​នៅ ខេត្ត រួមមាន ទី​១.​គំរោង​កែ​លំអ មន្ទីរពេទ្យបង្អែក ខេត្ត​ស្វាយរៀង​។ ២.​គំរោង​អភិវឌ្ឍន៍ ប្រព័ន្ធ​គ្រប់គ្រង​ចរាច​រណ៍ នៅ​ទីក្រុង​ភ្នំពេញ​។ ៣.​គំរោង​ជំនួយ​ឥត​សំណង​បន្ថែម សម្រាប់​គំរោង​សាងសង់ និង​កែលំអ រោងចក្រ​វា​រី​អគ្គិសនី​ខ្នាត​តូច នៅ​ខេត្ត​រតនគិរី​។​

 

គម្រោង​មួយទៀត​គឺ គំរោង​ពង្រីក​ប្រព័ន្ធ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​២​។ ចុងក្រោយ​គឺ​គំរោង​ធ្វើឲ្យ​ប្រសើរឡើង​នូវ ផ្លូវជាតិ​លេខ​៥ កំណាត់​ផ្លូវ​ពី​ធ្លា​ម្អម​.​បាត់ដំបង និង​សិរីសោភ័ណ​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស ចុះ​ថ្ងៃ​ទី ២៦ ខែ​មីនា​នេះ ឲ្យដឹងថា លោក​ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក យូ​ជី គូ​ម៉ា​ម៉ា​រូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​ពិភាក្សា ស្តីពី​ការ ផ្តល់​ជំនួយឥតសំណង និង​កម្ចីសម្បទាន នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា​ខាងមុខ​នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស​៕(ដោយៈ ឡេង ដេត)

ព័ត៌មានផ្សេងទៀត