លោកមុត ចន្ថា ប្រធានខុទ្ទកាល័យរបស់លោក កឹម សុខា ដែលជាអនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់វិទ្យុវាយោនៅថ្ងៃទី២៦ ខែមីនានេះថា«លោកសូមបដិសេធចំពោះព័ត៌មាន មួយចំនួនដែលបានធ្វើសេចកី្តរាយការណ៍ថា លោក សម រង្ស៊ី និងលោក កឹម សុខា បានប៉ះសំដីគ្នាយ៉ាងតឹងសរសៃក នៅឯប្រទេសបារាំង»។លោកបានបន្តថា«ព័ត៌មានមួយចំនួនទាំងនោះបានសរសេរបំភ្លីការពិត និងបំភ័ន្តមតិសាធារណៈ ឲ្យយល់ច្រឡំ ជាពិសេស មានចេតនាបំបែកបំបាក់សាមគ្គីភាព និងឯកភាពផ្ទៃក្នុង របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ»។
សម្លេងលោកមុត ចន្ថា៖
លោកបានបញ្ជាក់ថា លោក កឹម សុខា បានបញ្ចប់បេសកកម្មរបស់លោក នៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែមីនានៅទីក្រុង Houston នៃរដ្ឋ Texas ហើយបានចេញដំណើរពីទីនោះមកកាន់ប្រទេសកម្ពុជា តាមជើងយន្តហោះ របស់ប្រទេសកូរ៉េ ។ លោកបានអញ្ជើញមកដល់ទីក្រុងសេអ៊ូល (Seoul)នៅថ្ងៃទី២៤ ខែមីនា វេលាម៉ោង ១៦:០៥នាទី។ លោកក៏បានបន្តចេញដំណើរពីទីក្រុង សេអ៊ូល ឆ្ពោះមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា នៅវេលាម៉ោង ១៨:៣០នាទី និងបានអញ្ជើញមកដល់រាជធានីភ្នំពេញ នៅម៉ោង ២២:៤៩នាទី។នេះជាការបញ្ជាក់របស់លោកលោកមុត ចន្ថា ប្រធានខុទ្ទកាល័យរបស់លោក កឹម សុខា។
យ៉ាងណាក៏ដោយ ប្រធានខុទ្ទកាល័យរបស់លោក កឹម សុខារូបនេះ បានបញ្ជាក់ថា«ការចោទប្រកាន់ដែលថា លោក កឹម សុខា និងលោក សម រង្ស៊ី ឈ្លោះប្រកែកគ្នា នៅប្រទេសបារាំង ជារឿងមិនត្រឹមត្រូវទាល់តែសោះ ពីព្រោះលោក សម រង្ស៊ី កំពុងស្ថិតនៅប្រទេសអាឡឺម្ម៉ង់ និងបារាំង ហើយលោក កឹម សុខា កំពុងធ្វើដំណើរវិលត្រឡប់មកមាតុប្រទេសវិញ តាមយន្តហោះ។ ម្យ៉ាងវិញទៀត លោក សម រង្ស៊ី បានថ្លែងពីប្រទេសបារាំងយ៉ាងច្បាស់ថា សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាពិសេសរវាងលោក និងលោក កឹម សុខា នៅតែរឹងមាំគ្មានងាករេ។ ចំណែក លោក កឹម សុខា ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ចំពោះចំណុចខាងលើនេះផងដែរ។
ជាចុងក្រោយលោក មុត ចន្ថា ក៏បានអំពាវនាវទៅកាន់សាធារណៈជនជាតិ និងអន្តរជាតិ ជាពិសេស ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាប់ពីរឿងនេះ។ ហើយលោកក៏បានបញ្ជាក់ថា «បើសិនជា អ្នកសារព័ត៌មានអាជីពដែលប្រកាន់នូវវិជ្ជាជីវៈ និងក្រមសីលធម៌ គួរតែសុំឲ្យមានការបំភ្លឺ ឬបកស្រាយពីប្រភពនៃគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ចៀសការយល់ច្រឡំ និងកំហុសវិជ្ជាជីវៈជាយកថាហេតុ៕