មន្ទី​ពេទ្យ​​បង្អែក​​ខេត្ត​​​ព្រះសីហនុ​​​ទទួល​​ជំនួយ​​​ពី​​​ជប៉ុន​​ជាង​​១៥​​លាន​​ដុល្លារ​​​

27-02-2015 9:59 pm 3677

​រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​ជំនួយឥតសំណង​ដល់​មន្ទីរពេទ្យ បង្អែក​ខេត្ត​ព្រះសីហនុ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​១៥​លាន​ដុល្លារ សម្រាប់​កែលំអ​មន្ទីរពេទ្យ​នេះ​ឡើង​វិញ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។

 

​ថ្លែង​ចំពោះមុខ​អ្នកកាសែត លោក​សេង ណុង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា គម្រោង​កែ​លំអ​នេះ អាច​លើកកម្ពស់​គុណភាព សេវាកម្ម និង​បង្កើន​ជំនឿ​ទុកចិត្ត​របស់​អតិថិជន ដោយសារ​ការបំពាក់​ឧបករណ៍ បរិក្ខា​ពេទ្យ​ថ្មី​ទំនើប និង​បណ្តុះបណ្តាល ធនធានមនុស្ស​។ គម្រោង​នេះ ក៏​នឹង​អាច​កាត់បន្ថយ អាត្រា​អ្នកស្លាប់ និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ជូន​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

 

​ប្រធាន​មន្ទីរពេទ្យ​រូបនេះ បន្តថា គម្រោង​កែ​លម្អ​នេះ​ចាប់ផ្តើម​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ ដល់​ខែ​កញ្ញា​ឆ្នាំ​២០១៥ មាន​រយៈពេល​១៦​ខែ ជា​ជំនួយ​ឥត​សំណង របស់​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​JICA ។ គួរបញ្ជាក់​ថា ប្រទេស​ជប៉ុន​បាន​ចូលរួម​ស្ដារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩១​មក​។ ជប៉ុន​បាន​កំណត់​គោលការណ៍​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​វិស័យ​អាទិភាព​ចំនួន​៣​ក្នុងនោះ​រួមមាន ការពង្រឹង​មូលដ្ឋាន​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​សង្គម និង​ការពង្រឹង​អភិបាលកិច្ច​ល្អ​៕ ដោយៈ​សៅ វិសាល​

 

     

ព័ត៌មានផ្សេងទៀត