ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី កិច្ចសហការរវាងក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រសួងរ៉ែ និងថាមពល ក្នុងការដោះស្រាយបញ្ហាការធ្វើអាជីវកម្មខ្សាច់ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ នៅថ្ងៃទី២៥ មីនានេះ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ដើម្បីអនុវត្តតាមយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យរបស់រដ្ឋាភិបាល និងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលស្នើឲ្យក្រសួងរ៉ែ និងថាមពល ផ្អាកបណ្តោះអាសន្ន ការផ្តល់អាជ្ញាប័ណ្ណថ្មី និងធ្វើការពិនិត្យ និងវាយតម្លៃឡើងវិញនូវក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណស្រាប់ និងសកម្មភាពអនាធិបតេយ្យ ជីកយករ៉ែទាំងឡាយនៅទូទាំងប្រទេស ក្រសួងរ៉ែ និងថាមពល បានសម្រេចបង្កើតក្រុមការងារអធិការកិច្ចចំនួន៣ ដែលមួយក្រុមៗ ដឹកនាំដោយរដ្ឋលេខាធិការមួយរូប និងមន្ត្រីជំនាញមួយក្រុម៖
១.ក្រុមទី១ ដឹកនាំដោយលោកម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ ទទួលបន្ទុកចុះត្រួតពិនិត្យ នៅបណ្តាខេត្តនៃតំបន់ភាគឦសាន។
២. ក្រុមទី២ ដឹកនាំដោយលោកហូរ វិចិត្រ រដ្ឋលេខាធិការ ទទួលបន្ទុកចុះត្រួតពិនិត្យ នៅបណ្តាខេត្តនៃតំបន់ភាគពាយ័ព្យ។
៣. ក្រុមទី៣ ដឹកនាំ ដោយលោក ឌិត ទីណា រដ្ឋលេខាធិការ ទទួលបន្ទុកចុះត្រួតពិនិត្យ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងបណ្តាខេត្តនៃតំបន់ភាគនិរតី។
លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ការបង្កើតក្រុមការងារអធិការកិច្ចទាំង៣ក្រុមនេះ គឺដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដូចជាការដោះស្រាយបញ្ហាការធ្វើអាជីវកម្មធនធានរ៉ែខុសច្បាប់ ការចេញអាជ្ញាបណ្ណអាជីវកម្មខ្សាច់ឲ្យបានទាន់ពេលវេលា និងការដោះស្រាយអំពីតម្រូវការទីផ្សារលើធនធានខ្សាច់ជាដើម បន្ទាប់ពីបានចុះធ្វើអធិការកិច្ចចាប់តាំងពីខែមករា ឆ្នាំ២០១៥មក។
សម្លេងលោកស៊ុយ សែម
ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពល ក៏បានចាត់វិធានការមួយចំនួនផងដែរ ដើម្បីដោះស្រាយបន្ទាន់លើបញ្ហានេះ។ វិធានការទាំងនោះរួមមាន៖
- ការបន្តពន្យាអាជ្ញាបណ្ណដែលមានស្រាប់នៅក្នុងតំបន់ដែលបានសិក្សារួចជាស្រេចទៅលើផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន
- ចំពោះអាជ្ញាបណ្ណថ្មីក្នុងតំបន់ថ្មី ត្រូវតែមានការវាយតម្លៃ និងសិក្សាឲ្យបានច្បាស់លាស់ជាមុនសិន ទៅលើផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ពីក្រុមជំនាញបច្ចេកទេសដែលទទួលស្គាល់ដោយក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល
- ក្រសួងក៏នឹងរៀបចំយុទ្ធនាការ “ឆ្មាំទន្លេ” ដើម្បីការពារទន្លេ ប្រឆាំងទប់ស្កាត់នឹងការធ្វើអាជីវកម្មខ្សាច់ខុសច្បាប់
- បង្កើតលេខទូរស័ព្ទទាន់ហេតុការ(Hotline) ដើម្បីទទួលបានដំណឹងទាក់ទងនឹងការបូមខ្សាច់អនាធិបតេយ្យ នៅតាមសមុទ្រ ទន្លេ និងស្ទឹង។
- រៀបចំ និងពិនិត្យឡើងវិញនូវរាល់ ការចេញលក្ខខណ្ឌ ក្នុងការផ្តល់អាជ្ញាបណ្ណ រួមនឹងការធ្វើលទ្ធកម្មជ្រើសរើសអ្នកជំនាញបច្ចេកទេសបរិស្ថាន ដើម្បីជួយសិក្សាតំបន់ដែលអាចធ្វើអាជីវកម្មខ្សាច់បានដោយមិនប៉ះពាល់ដល់ច្រាំងទន្លេ សមុទ្រ និងស្ទឹង។
កន្លងមកការបូមខ្សាច់យ៉ាងអនាធិបតេយ្យ ត្រូវបានប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គអះអាងថា បានបង្កឲ្យមានការបាក់ស្រុតដីច្រាំងទន្លេ រលំផ្ទះសំបែង ដែលបង្កការប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពួកគាត់។
យ៉ាងណាក៏ដោយ សម្រាប់ក្រសួងបរិស្ថាន ដែលមានភារកិច្ចក្នុងការចួលរួមសហការពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែនេះ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងកិច្ចសហការជាមួយនឹងក្រសួងរ៉ែ និងថាមពល។ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា សម្រាប់កិច្ចសហការនេះ ក្រសួងមានភារកិច្ចសិក្សា និងវាយតម្លៃឲ្យបានច្បាស់លាស់ទៅលើទីតាំងសម្រាប់ធ្វើអាជីវកម្មខ្សាច់។ ការសិក្សា វាយតម្លៃនេះ ក្រសួងនឹងរៀបចំធ្វើជាប្រចាំ យ៉ាងហោចណាស់ ក៏មួយឆ្នាំ១ម្តងដែរ។
សម្លេងលោកសាយ សំអាល់
កិច្ចសហការនេះ ក៏មានការចូលរួមផងដែរពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានតួនាទីសំខាន់បំផុតគឺការចុះការពារដល់មន្ត្រីក្រសួងរ៉ែ និងថាមពល ក៏ដូចជាក្រសួងបរិស្ថាន និងមន្ត្រីមួយចំនួនទៀត ដែលមានភារកិច្ច និងតួនាទី ក្នុងការចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យ លើអាជីវកម្មខ្សាច់នេះ។ ទន្ទឹមនឹងនេះ កងរាជអាវុធក៏នឹងផ្តល់ឧបករណ៍សម្រាប់ចុះប្រតិបត្តិការផងដែរ ដូចជាអូប័រ។ នេះជាការបញ្ជាក់ពីសំណាក់លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សម្លេងលោកសៅ សុខា
គួរបញ្ជាក់ថា បើតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការកំណត់គោលការណ៍ធ្វើអាជីវកម្មខ្សាច់ គឺបានប្រគល់ភារកិច្ចជូនក្រសួងរ៉ែ និងថាមពល ជាអ្នកចេញអាជ្ញាបណ្ណ និងទទួលខុសត្រូវគ្រប់បែបយ៉ាង លើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ ដោយគិតចាប់តាំងពីពេលដាក់ពាក្យស្នើសុំ រហូតដល់ការចេញអាជ្ញាបណ្ណ ។ រាល់អាជ្ញាបណ្ណ ដែលបានចេញទាំងអស់ ក្រសួងរ៉ែ និងថាមពល ត្រូវចម្លងជូនគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និងក្រសួង ស្ថាប័នពាក់ព័ន្ធជាកំហិត។ មិនអនុញ្ញាតឲ្យចេញ អាជ្ញាបណ្ណ បណ្តោះអាសន្នជាដាច់ខាត។
ដោយឡែក បើតាមសេចក្តីប្រកាសអន្តរក្រសួងរវាងក្រសួងរ៉ែ និងថាមពល ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា សម្រាប់អាជ្ញាបណ្ណលើអាជីវកម្មខ្សាច់សំណង់ គ្រួស និងដីឥដ្ឋ ក្នុង១អាជ្ញាបណ្ណ មានតម្លៃ១០លានរៀល។ ក្រសួងនឹងផ្តល់ជូនអាជ្ញាបណ្ណនេះ ក្នុងរយៈពេល៤៥ថ្ងៃ ក្រោយការដាក់ពាក្យស្នើសុំ និងមានសុពលភាពមានរយៈពេល២ឆ្នាំ។ បើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា បច្ចុប្បន្នអាជីវកម្មខ្សាច់នៅទូទាំងប្រទេស ទាំងអាជីវកម្មខ្សាច់លើកគោក(ខ្សាច់បក) និងក្នុងទឹក(ខ្សាច់សំណង់) មានចំនួន១៤២ក្រុមហ៊ុន ក្នុងនោះអាជ្ញាបណ្ណខ្សាច់លើគោកមាន ៣៧អាជ្ញាបណ្ណ និងខ្សាច់ក្នុងទឹកមាន៨៦អាជ្ញាបណ្ណ៕ ដោយៈសៅ វិសាល