មន្ដ្រី​​ជាន់​ខ្ពស់​​អាមេរិក​​គ្រោង​​ទៅ​​កូរ៉េ​ខាងត្បូង​​​ចំ​ពេល​​បងប្អូន​​កូរ៉េ​​កំពុង​​មាន​​ភាព​​តាន​តឹង​​

25-03-2015 4:51 pm 2060
រដ្ឋមន្រ្តីក្រសួង​ការពារជាតិ​អាមេរិកលោក​Ashton Carter

រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​របស់​អាមេរិក​លោក​Ashton Carter គ្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ខែក្រោយ​។ ការធ្វើ​ដំណើរ​ទស្សនកិច្ច​លើក​នេះ ចំ​ពេល​ដែល​កូរ៉េខាងជើង​និង​កូរ៉េខាង​ត្បូង កំពុងតែ​មាន​ភាព​តានតឹង​ជាមួយ​គ្នា​កាន់តែ​ខ្លាំង​ឡើងៗ​។

 

ភាព​តានតឹង គឺ​កូរ៉េខាងត្បូង​តែងតែ​ជំរុញ​ឱ្យ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​ផលិត​មី​ស៊ី​ល​ផ្ទុក​នុយក្លេអ៊ែរ​បន្តទៀត តែ​កូរ៉េ​ខាងជើង​បដិសេ​ធ​។ ក្រៅពីនោះ​នៅ​មាន​រឿង​រកាំរកូស​មួយចំនួនទៀត ដូចជា​ការធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ រវាង​កូរ៉េ​ខាងត្បូង​ជាមួយ​អាមេរិក​ជាដើម ដែល​ធ្វើឱ្យ​បងប្អូន​កូរ៉េ​មើល​មុខ​គ្មា​មិន​ចំ​។​


​ភាព​តានតឹង​នេះហើយ បាន​រុញច្រាន​ឱ្យ​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​របស់​អាមេរិក​លោក​Ashton Carter មាន​បំណង​ទៅ​ប្រទេស​កូរ៉េខាងត្បូង​។ បើ​តាម​រដ្ឋាភិបាល​របស់​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់លោក​Carter គឺ​ក្នុង​គោលបំណង​ត្រួតពិនិត្យ​ថា​តើ​អាច​ដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​កំរិត​ខ្ពស់​របស់​អាមេរិក​(THAAD)​បាន​ដែរឬទេ ព្រោះ​កន្លងមក​អាមេរិក​ធ្លាប់បាន​និយាយ​ហើយ​ថា អាមេរិក​អាច​នឹងដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​មួយ​នៅ​មជ្ឈឹម​បូព៌ា​ដើម្បី​ការពារ​កម្លាំង​មី​ស៊ី​ល​ដែល​អាច​ហោះ​ចេញពី​កូរ៉េខាងជើង​។


​គួរ​បញ្ជាក់ដែរថា​កាលពី​ថ្ងៃ​ទី​២០​មីនា អគ្គរដ្ឋទូត​បស់​កូរ៉េខាងជើង​លោក​Hyun Hak-bong ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា កូរ៉េ​ខាងជើង​មាន​សមត្ថភាព​អាចបាញ់​មី​ស៊ីល​ផ្ទុក​នុយក្លេអ៊ែរ​បាន​គ្រប់​ពេលវេលា បើសិនជា​អាមេរិក​ធ្វើ​កូដកម្ម​ប្រឆាំង​ជាមួយ​នឹង​កូរ៉េខាងជើង​។ លោក Hyun Hak-bong បាន​សង្កត់ធ្ងន់ថា​កូរ៉េខាងជើង​ត្រៀមខ្លួន​ជាស្រេច សម្រាប់​សង្គ្រាម​ដែល​អាច​កើតឡើង​។ តែ​លោក​បាន​និយាយថា កូរ៉េខាងជើង​មិន​ចង់ឱ្យ​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ណាមួយ​ឡើយ ។ ប៉ុន្តែ​បើសិនជា​មាន​អ្នក​បំពាន​ខ្លួន នោះ​រឿងរ៉ាវ​មិន​អាច​ស្មាន​ទុក​មុន​បានទេ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត