ឥណ្ឌូនេស៊ី​​-​ជប៉ុន​​ព្រមព្រៀង​គ្នា​​រឹត​ចំណង​​លើ​​វិស័យ​​ការពារ​​ជាតិ​​និង​​សេដ្ឋកិច្ច​​

24-03-2015 11:22 am 2506
ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​Joko Widodoនិងនាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe

កាលពី​ថ្ងៃ​ទី​២៣​មីនា ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​Joko Widodo បាន​ទៅ​ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe​នៅ​ទីក្រុង​Tokyo​។ ការធ្វើដំណើរ​របស់​លោក​Joko Widodo ក្នុង​គោលបំណង​ពង្រឹង​ទំនាក់​​ទំនង​​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។


​បន្ថែម​លើ​នេះ ក្នុង​កិច្ច​ជំនួប​នោះ​លោក​Shinzo Abe និង​លោក​Joko Widodo  បាន​ព្រមព្រៀង​គ្នា​រួចហើយ ដើម្បី​រឹតបន្តឹង​លើ​វិស័យ​ការពារជាតិ​និង​វិស័យសេដ្ឋកិច្ច​។ ក្រៅពីនោះ ក៏​បាន​ព្រមព្រៀង​លើ​កិច្ច​សហ​ប្រតិបត្តិកា​រ​សន្តិសុខ​នៅតាម​តំបន់ឆ្នេ​រថែម​ទៀត​។ លើសពីនេះទៅទៀត កិច្ច​ជំនួប​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង​កិច្ចការ​នយោបាយ និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទៀតផង​។


​នៅក្នុង​ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយថា​ទៅកាន់​លោក Joko Widodo​ថា ”​យើង​មាន​បំណង​រួមចំណែក​លើ​ផ្នែក​សន្តិសុខ​និង​ចង់​មាន​ភាពរុងរឿង​ជាមួយ​សហគមន៍​អន្តរជាតិ ជាពិសេស​ជប៉ុន​មាន​បំណង​ពង្រឹង​យុទ្ធសាស្ត្រ​នៃ​ភាព​ជា​ដៃគូរ​ជាមួយ​លោក​Joko Widodo​ផងដែរ​”​។


​ក្នុងពេល​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន លោក​Joko Widodo ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ដែរ លើ​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​។ លោក​បាន​និយាយថា​ចិន​គ្មាន​មូលដ្ឋាន​ច្បាសលាស់​ត្រឹមត្រូវ​ឡើយ ដែល​ថា​ដែនសមុទ្រ​ចិន​ខាងត្បូង​ភាគច្រើន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះ​។ សម្ដី​នេះ​គឺ​លោក Joko Widodo បាន​និយាយ​មុន​ពេល​ជួប​ជាមួយ​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​។​


​សូមបញ្ជាក់​ថា លោក​Joko Widodo ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន​រយៈពេល​១​សប្ដាហ៍​។ រយៈពេល​មួយ​សប្ដាហ៍​នេះ ជា​រយៈពេល​មួយ​វែង ដើម្បី​ជួប​សំណេះសំណាល​ដើម្បី​រឹតចំណង​មិត្តភាព​ប្រទេស​​​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ លោក Joko Widodo​បាន​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ថា លោក​ចាប់អារម្មណ៍​ដែល​ជប៉ុន​ផ្ដល់​ជំនួយ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា​​ផ្លូវថ្នល់ និង​ផ្លូវដែក​ជាដើម​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត