ជប៉ុន ចិន កូរ៉េខាងត្បូង​​ជួប​​ពិភាក្សា​​គ្នា​​នៅ​​ក្រុង​​សេ​អ៊ូ​ល​

21-03-2015 4:16 pm 3093

​ដូច​ការគ្រោងទុក​​មន្ត្រី​ជាន់ខ្ពស់​​ប្រទេស​ទាំង​បី​​គឺ​លោក​​Yun Byung-se​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​កូរ៉េខាងត្បូង​ លោក​​Fumio Kishida​​រដ្ឋមន្ត្រី​ការបរទេស​​ជប៉ុន​​និង​លោក​​Wang Yi​​រដ្ឋមន្ត្រី​ការបរទេស​​ចិន​បាន​​​បើក​កិច្ចពិភាក្សា​​ជា​លើកដំបូង​នៅ​ក្រុង​សេ​អ៊ូ​ល​នៅ​រសៀល​ថ្ងៃ​ទី​២១​នេះ​។ ជំនួប​ត្រីភាគី​នេះ ធ្វើឡើង​នៅក្នុង​គោលបំណង ផ្តោះ​ប្តូរ​យោបល់​ដើម្បី​បន្ថយ​ភាព​តានតឹង​ទាក់ទង​ទៅ​នឹង​ជម្លោះទឹកដី និង​ជម្លោះ​ការទូត​ដែល​អូសបន្លាយ​ជា​យូរ​មក​ហើយ​។​

 

​ប្រទេស​ទាំង​បី​មាន​សេដ្ឋកិច្ច​ខ្លាំង​ស្ទើរ​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​ទំនាក់ទំនង​វិញ​បាន​ធ្លាក់ចុះ ដោយសារ​តែ​បញ្ហា​ប្រវត្តិសាស្ត្រ​មិន​ទាន់​ដោះស្រាយ ពោល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​ជប៉ុន​ដាក់​អាណានិគម​ន៍​លើ​ប្រទេស​កូរ៉េខាងត្បូង និង​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន​តាំងពី​សម័យ​មុន និង​អំឡុង​សម័យ​សង្គ្រាមលោក​លើក​ទី​២​។ សម័យ​នោះ​ហើយ​ដែល​ជប៉ុន​បាន​ចាប់​ស្ត្រី​នៅ​អាស៊ី​មួយចំនួន ភាគច្រើន​ជា​ស្ត្រី​កូរ៉េខាងត្បូង​និង​ចិន​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​យ៉ាង​ព្រៃផ្សៃ​។​

ស្របពេល​ដែល​ភាគី​ទាំង​បី​បើក​កិច្ចសន្ទនា​នេះ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិបាន​ គីមូលបាន​ជំរុញ​បន្ថែម​ដល់​ប្រទេស​ទាំងបី បន្ត​សំណេះសំណាល​ដើម្បី​ឆ្ពោះទៅរក​ទំនាក់ទំនង​ល្អ​។ ទីក្រុង​វ៉ា​ស៊ីន​តោន​​វិញ​បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​សម្ព័ន្ធមិត្ត​យោធា​របស់​ខ្លួន​តែប៉ុណ្ណោះ គឺ​កូរ៉េខាងត្បូង​និង​ជប៉ុន ដោយ​បាន​ថ្លែងថា ចង់​ឲ្យ​សម​ភាគី​ទាំងពីរ​ផ្តោត​សំខាន់​លើ​ការរួបរួម​គ្នា​ប្រឆាំង​ចិន​ទៅវិញ​។​

 

​ចិន​​​​​​និ​ង​កូរ៉េខាងត្បូង​បាន​បញ្ចេញ​អារម្មណ៍​មួហ្មង​និង​សោកស្តាយ ចំពោះ​ជប៉ុន​ដែល​មិន​ព្រម​សុំ​ទោស​ពី​បញ្ហា​ទាសករ​ផ្លូវភេទ​។ បើ​និយាយ​ពី​ការជួបគ្នា​ជា​លើកដំបូង ក្រោយ​ពី​ខកខាន​អស់​រយៈពេលជិត​៣​ឆ្នាំ​ អាច​និយាយបាន​ថា​ជា​ជំហាន​ឆ្ពោះទៅមុខ ដើម្បី​ជម្រុញ​ឲ្យ​មេ​ដឹ​នាំ​កំពូល​អាស៊ី​ទាំង​បី​ជួប​សន្ទនា​នៅពេល​ខាងមុខ​។ កិច្ចប្រជុំ​នៅ​ថ្ងៃ​សៅរ៍​ទី​២១​មីនា​នេះ មិន​ត្រូវបាន​គេ​រំពឹង​ថា​ទទួលបាន​ផ្លែផ្កា​អ្វី​នោះទេ ព្រោះ​​​គ្រាន់តែ​និយាយ​ពី​បញ្ហា​រសើប​ខ្លះៗ​ប៉ុណ្ណោះ មិនទាន់​ស៊ីជម្រៅ​នោះឡើយ​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ដែរ ជា​លទ្ធផល​ភាគី​ទាំង​បី​នឹង​ធ្វើ​សេចក្តីថ្លែងការណ៍​រួម​មួយ​៕

(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត