សហភាព​​អឺរ៉ុប​​នៅ​តែ​​បន្ត​​ពង្រីក​​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​​លើ​​រុស្ស៊ី​រ​ហូត​​ដល់​​ចុង​​ឆ្នាំ​​២០១៥​

20-03-2015 4:47 pm 3604
មេដឹកនាំ​សហភាព​អឺរ៉ុបកំពុងប្រជុំគ្នាស្ដីពីបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី

មេដឹកនាំ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១៩​មីនា បាន​ព្រមព្រៀង​គ្នា​រួចហើយ​នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ព្រុច​សែ​ល ដើម្បី​ពង្រីក​ទណ្ឌកម្មសេដ្ឋកិច្ច ដាក់​ទៅលើ​រុស្ស៊ី​រហូត​ដល់​ចុង​ឆ្នាំ​២០១៥​។ មូលហេតុ​នោះ​គឺ​មាន​​​២​ចំណុច​ធំៗ​។ ចំណុច​ទី​១៖ រុស្សី​នៅ​មិន​ទាន់​អនុវត្ត​តាម​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ​ឡើយ បន្ទាប់ពី​ចុះហត្ថលេខា​ជាមួយ​មេដឹកនាំ​អ៊ុយ​ក្រែន​នៅ​ទីក្រុង​Minsk ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ ដែល​មាន​ការសម្របសម្រួល​ពី​លោក Francois Hollande និង​អធិការបតី​អាល្លឺមង់​លោកស្រី Angela Merkel ពាក់ព័ន្ធ​នឹង​ការបញ្ចប់​សង្គ្រាម​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន​។


​ចំណុច​ទី​២៖ ករណី​ធ្លាក់​យន្តហោះ​MH១៧​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី គឺ​មិន​ទាន់​បាន​រកឃើញ​អ្នកបាញ់​ទម្លាក់​នៅឡើយ​ទេ ដោយ​ការធ្លាក់​យន្តហោះ​នេះ​ត្រូវ​សហភាព​អឺរ៉ុប​ចោទថា ក្រុម​ឧទ្ទាម​គាំទ្រ​រុស្ស៊ី​ជា​អ្នកបាញ់​ទម្លាក់​។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ គ្មាន​នរណា​ម្នាក់​ចេញ​មុខ​អះអាង​ទទួលខុសត្រូវ​ឡើយ​។ បើ​គិត​ទៅ ហេតុការណ៍​ធ្លាក់​យន្តហោះ​MH១៧​បាន​អូសបន្លាយ​ជាង​កន្លះ​ឆ្នាំ​ហើយ គឺ​ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​២០១៤​។


​ជាមួយគ្នានេះ មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​បន្ថែមទៀតថា សហភាព​អឺរ៉ុប​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​គាំទ្រ​បទ​ឈប់​បាញ់​ដែល​ចុះ​កិច្ចព្រមព្រៀង​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​។ មេដឹកនាំ​រូប​នេះ​បាន​សង្កត់ធ្ងន់ថា បើសិនជា​រុស្ស៊ី​ប្ដេជ្ញាចិត្ត​ខ្ពស់ ដើម្បី​បញ្ឈប់​ការគាំទ្រ​ដល់​ក្រុម​ឧទ្ទាម​អ៊ុយ​ក្រែន​នោះ ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើ​ទីក្រុង​មូ​ស្គូ អាច​នឹង​បញ្ចប់​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​


​គួរបញ្ជាក់​ថា សហភាព​អឺរ៉ុប​និង​ប្រទេស​លោកខាងលិច​ជាពិសេស​អាមេរិក តែងតែ​ពង្រីក​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី​ជា​បន្តបន្ទាប់ ព្រោះតែ​រុស្ស៊ី​នៅ​តែ​គាំទ្រ​ក្រុម​ឧទ្ទាម​អ៊ុ​យក្រែន ថែមទាំង​បាន​ផ្ដល់​អាវុធ​ទៅ​ក្រុម​នេះ​ទៀត ដើម្បី​ប្រឆាំង​ជាមួយ​អ៊ុ​យក្រែន​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត