ស្ថានភាពហិរញ្ញវត្ថុប្រទេសក្រិកកាន់តែទ្រុឌទ្រោមទៅៗ អាចប្រឈមទៅនឹងការក្ស័យធន។ បើតាមប្រធានសភាសហភាពអឺរ៉ុបលោកMartin Schulz បានឲ្យដឹងថា ស្ថានភាពហិរញ្ញវត្ថុប្រទេសក្រិកពេលនេះគឺស្ថិតក្នុងភាពគ្រោះថ្នាក់។ ប្រទេសមួយនេះ ត្រូវការប្រាក់ប្រមាណពី២ទៅ៣ពាន់លានអឺរ៉ូ ដើម្បីយកមកគាំទ្រ ហើយទឹកប្រាក់នោះត្រូវប្រមូលឲ្យបានយ៉ាងឆាប់រហ័សជាទីបំផុត បើមិនដូច្នោះទេ ក្រិកនឹងមិនអាចជៀសផុតពីការក្ស័យធនបាននោះទេ ទាំងធនាគារនៅក្នុងប្រទេសក្រិក រួមទាំងថវិកាជាតិរបស់ក្រិកផងដែរ។
ប្រធានសភាអឺរ៉ុបបានថ្លែងបែបនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ គឺមុនពេលដែលមេដឹកនាំសហភាពអឺរ៉ុប ជួបពិភាក្សាគ្នានៅក្រុងព្រុចសែល។ ជាការជួបពិភាក្សាអំពីបញ្ហាថវិកា ដើម្បីសង្គ្រោះប្រទេសក្រិក។ បើតាមលោកMartin Schulz លោកថាក្រិកត្រូវចាយប្រាក់ច្រើននៅចុងខែនេះ ដូច្នេះ ក្រិកត្រូវការលុយជាចាំបាច់ ដើម្បីផ្គត់ផ្គង់មូលនិធិរបស់ខ្លួនដែលកំពុងតែខ្សត់ខ្សោយ។
ក្រិកបានជួបវិបត្តិផ្នែកហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ មិនត្រឹមតែជួយខ្លួនឯងមិនបាន ថែមទាំងរួមរិតទៅដោយបំណុលជុំវិញខ្លួន។ ក្រិកត្រូវអន្តរជាតិទាមទារឲ្យសងបំណុលដែលជំពាក់មុខក្រោយ ចាប់តាំងពីដំណឹងនៃវិបត្តិហិរញ្ញវត្ថុក្រិកបានបែកធ្លាយ។ កន្លងមកប្រទេសមួយនេះបានប្រើលុយខ្ជះខ្ជាយ ដោយរដ្ឋាភិបាលបានកាន់យកគោលនយោបាយមួយគឺ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅសុខស្រួល ដោយយកពន្ធតិច និងផ្តល់ប្រាក់ខែខ្ពស់ដល់បុគ្គលិក។
វិបត្តិហិរញ្ញវត្ថុក្រិក បានទាញពេលវេលាឲ្យសហភាពអឺរ៉ុបជួបជជែកគ្នាកាន់តែញឹកញាប់ ដើម្បីរកដំណោះស្រាយ។ ការពិភាក្សាគ្នាកាលពីពេលកន្លងទៅ សហភាពអឺរ៉ុបបានផ្តល់អនុសាសន៍ឲ្យក្រិក ផ្លាស់ប្តូរគោលនយោបាយ។ សហភាពអឺរ៉ុបថ្លែងថា ក្រិកត្រូវតែបង្កើនពន្ធ និងទម្លាក់ប្រាក់ខែបុគ្គលិក ទើបអាចស្ដារស្ថានការណ៍វិញបាន៕
(ដោយ៖អ៊ុន សុខឡា)