សំដីសារ​ភាព​​​​​​លោក​កឹម ​សុខា​ ​​​​​​​​​ប៉ុនប៉ង​​​​ផ្លាស់​​​ប្តូរ​​​រដ្ឋាភិបាល​​អាច​​​ប្រឈម​​​នឹង​​ច្បាប់​​ឬ​ទេ​​​?​​​​​​​​​

18-03-2015 6:53 pm 3806

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ថ្លែង​ព្រមាន​ដល់​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​នៅ​ចំពោះមុខ អ្នកគាំទ្រ របស់ខ្លួន នៅ​ទីក្រុង​ឡុង​ប៊ិក សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូចជា​រូប​លោក បាន​បរាជ័យ ក្នុង​ការផ្លាស់ប្តូរ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យបាន​ឆាប់រហ័ស​តាម​បំណង​របស់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ​។ លោក​កឹម សុខា ក៏​បាន​សុំ​ការ​អធ្យាស្រ័យ​ដល់​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ចំពោះ​ការបរាជ័យ​នេះ​ផង​ដែរ​។​

សម្លេង​លោក​កឹម សុខា

 

 

​លោក​កឹម សុខា បន្តថា ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​ប្តូរ​ការដឹកនាំ​រដ្ឋាភិបាល​មិនបាន​សម្រេច​ទាំង​ស្រុង​ក៏ដោយ ប៉ុន្តែ​គឺ​ផ្លាស់ប្តូរ​បាន​ខ្លះ​។ ដោយឡែក​សម្រាប់​ការចូល​សភា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​លោក​កឹម សុខា បកស្រាយ​ចំពោះមុខ​អ្នកគាំទ្រ គឺ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់ឲ្យ​ខ្មែរ​បង្ហូរឈាម​កាន់តែច្រើន ដោយសារតែ​ការតស៊ូ​ទាមទារ​ផ្លាស់ប្តូរ​ជាមួយ​អ្នក​ដែល​គ្មាន​សីលធម៌ គ្មាន​ឧត្តមគតិ​ស្នេហា​ជាតិ និង​អ្នក​ដែល​មិន​គោរព​សិទ្ធិមនុស្ស​។​

 

​ការលើកឡើង​ពី​សំណាក់​លោក​កឹម សុខា បែបនេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​អះអាងថា ជា​ការសារភាព​មួយ របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កន្លងមក​មាន​បំណង ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​មិន​បាន​សម្រេច ដូច្នេះ វា​ជា​ភស្តុតាង​មួយ ដែល​គួរ​ចាត់វិធានការ​ផ្នែក​ច្បាប់​ចំពោះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​។ លោក​ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​៥៨ នៅ​ខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៥​នេះ ។​

សម្លេង​លោក​ហ៊ុន សែន​

 

​នៅ​មិនទាន់​មាន​ការឆ្លើយតប​បែបណា នៅឡើយ​ទេ ជុំវិញ​ប្រតិកម្ម​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចំពោះ​លោក​កឹម សុខា ដោយ​លេខ​ទូរស័ព្ទ​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បិទ​។ ដោយឡែក​លេខ​ទំនាក់ទំនង​លោក​យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​រង​គណបក្ស​សង្គ្រោះ​ជាតិ ហៅចូល​ប៉ុន្តែ​គ្មាន​អ្នក​លើក​។​

តើ​ការសារភាព​របស់​លោក​កឹម សុខា ដែល​បាន​បញ្ជាក់ថា ខ្លួន​បាន​បរាជ័យ​ក្នុង​ការផ្លាស់ប្តូរ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ អាច​ធ្វើឲ្យ​លោក​ប្រឈម​នឹង​ច្បាប់​ដែរ​ឬទេ​?
​យ៉ាងណាក៏ដោយ សម្រាប់​លោក​សុខ ទូច អ្នកតាមដាន​ស្ថានការណ៍​នយោបាយ នៅ​កម្ពុជា បានឲ្យដឹងថា បើ​តាម​ច្បាប់​ស្តីពី​អំណាច​លទ្ធិប្រជាធិបតេយ្យ ជន​ណា​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល នឹង​ត្រូវ​ប្រឈម​ទៅ​នឹង​ផ្លូវច្បាប់​។ ដោយឡែក សម្រាប់​ករណី​លោក​កឹម សុខា អាច​ប្រឈម​នឹង​ច្បាប់ លុះត្រា​ណា​តែ មាន​ការបោះឆ្នោត​ដក​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ របស់​លោក​កឹម សុខា​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សម្រាប់​ការធ្វើ​រដ្ឋប្រហារ ឬ​ផ្តួលរំលំ​រដ្ឋាភិបាល តាមរយៈ​សារ​នយោបាយ ក៏​ត្រូវបាន​ចាត់ទុក​ថា ជា​បទ​ញុះ​ញ៉ុង​ផងដែរ​។​

សម្លេង​លោក​សុខ ទូច​

 

​គួររម្លឹកថា ក្រោយ​ការបោះឆ្នោតជាតិ ជ្រើសតាំង​តំណាងរាស្ត្រ អាណិត្ត​ទី​៥ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​មិន​បាន​ទទួលស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត​ឡើយ ខណៈ​ខ្លួន​ទទួលបាន​៥៥​អាសនៈ និង​គណបក្ស​ប្រជាជ​កម្ពុជា ទទួលបាន​សម្លេង​គាំទ្រ​៦៨​អាសនៈ​។ ការមិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នេះ បាន​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រជាពលរដ្ឋ ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​ជា​បន្តបន្ទាប់​។ អំឡុង​ពេល​បាតុកម្ម​នោះ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បញ្ជាក់ថា បាន​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន​ជាច្រើន និង​ធ្វើឲ្យ​បាត់បង់​ជីវិត​មនុស្ស ៥​នាក់ របួស​រាប់សិប​នាក់ ក្នុងនោះ​ក៏​មាន​កម្លាំង​សមត្ថកិច្ច​ផង​ដែរ​៕ដោយៈសៅ វិសាល

 

     

ព័ត៌មានផ្សេងទៀត