អ្នក​នាំពាក្យ​​៖​ការ​ផលិត​​នំអន្សម​​យក្ស​​ក្នុង​​ព្រឹត្តិការណ៍​​អង្គរ​​សង្ក្រាន្ត​​មិន​​អត់​ប្រយោជន៍​​ទេ​

18-03-2015 4:17 pm 2279

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា  ក្នុង​ការរៀបចំ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៥ ខាងមុខនេះ បាន​ទម្លាយ​ឲ្យដឹង​ពី​អាថ៌កំបាំង​នំអន្សម​យក្ស​។ សម្រាប់​ការធ្វើ​នំ អន្សម​យក្ស លើក​នេះ គ្រោង​នឹង​ចំណាយ ថវិកា​ចំនួន​ជាង ២​ម៉ឺន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​ការ​ឲ្យដឹងពី លោក សោម រតនា អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស ជា​ផ្លូវការ​នៃ​ការ រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​ឆ្នាំ​២០១៥ កាលពី​ថ្ងៃ​ទី​១២​មីនា ។​គម្រោង​នៃ​ការចំណាយ​លើ​ការផលិត​នំអន្សម​យក្ស​រហូតដល់​២​ម៉ឺន​ដុល្លារ​នេះ រង​ការរិះគន់​ថា ចំណាយ​ថវិកា​ឥតប្រយោជន៍​។​ជា​ការឆ្លើយតប លោក សោម រតនា អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បានអោយដឹងថា នំអន្សម​យក្ស​ឆ្នាំនេះ ទោះបី​ចំណាយ​ថវិកា​ច្រើនជាង​ឆ្នាំមុន ប៉ុន្តែ មិនមែន​ឥតប្រយោជន៍​ទេ​។ នំអន្សម​យក្ស​បាន​ប្រាប់​មនុស្ស​ទូទាំង​ពិភពលោក​ឲ្យមក​ទស្សនា និង​ស្គាល់​កម្ពុជា​កាន់តែ​ច្រើនឡើងៗ​។​

​សំឡេង លោក​សោម រតនា

 

​លោក​សោម រតនា​បាន​បន្តថា ការចំណាយ​ថវិកា​លើ​ការផលិត​នំអន្សម​យក្ស​នេះ គឺ​កើត​ចេញពី​ការបិរច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ពី​ប្រជាពលរដ្ឋ និង​កើតចេញ​ពី​សប្បុរសធម៌​ជាដើម​។​ដូចនេះ ការចូលរួម​របស់​ប្រជាពលរដ្ឋ​គឺ​មាន​សារៈសំខាន់​ណាស់​។​នំអន្សម​យក្ស​ធំជាងគេ​បង្អស់​លើ​ពិភពលោក ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​លើ​ទឹកដី​អាណាចក្រ​អង្គរ ខេត្តសៀមរាប ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី ១៦ ខែ​មេសា ឆ្នាំ​២០១៥​ខាងមុខ  គ្រោង​នឹង​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ។​

សំឡេង លោក​សោម រតនា

 

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​ជា​ផ្លូវការ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​ឆ្នាំ​២០១៥ នៅ​ថ្ងៃ​ដដែល​នោះ លោក សុខ សប្បាយ​ណា ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​ឆ្នាំ​២០១៥ បានឲ្យដឹងថា រាល់​ការចំណាយ​លើ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គ​រ​សង្ក្រាន គឺ​កើត​ចេញពី​ការចែករំលែក​គ្នា ពី​សមាជិក សស​យក ស្ថាប័ន ផ្សេងៗ រួម​នឹង​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ទាំងមូល​។ មាន​ប៉ុនណា គឺ​យើង​ចំណាយ​ប៉ុណ្ណោះ​។​

សំឡេង លោក​សុខ សប្បាយ​ណា​

 

​លោក សុខ សប្បាយ​ណា បាន​មានប្រសាសន៍​បន្ត​ថា អង្គរ​សង្ក្រាននៅ​ឆ្នាំ​២០១៥ លើ​ទឹកដី​សៀមរាប គឺ​មាន​ភាពខុសប្លែក​ពី​ឆ្នាំ​២០១៤​។ ខុសប្លែក​ត្រង់​ថា នៅក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ មាន​កម្មវិធី​ជា​ច្រើន ដូចជា​កម្មវិធី​សាសនា កម្មវិធី​ភូមិ​ខ្ញុំ កម្មវិធី​និម្មិត​ភូមិ កម្មវិធី​របាំ​បុរាណ ប្រពៃណី និង​ប្រជាប្រិយ កម្មវិធី​ល្បែង​ប្រជាប្រិយ និង​កម្មវិធី​តំបន់​ត្រជាក់ចិត្ត កម្មវិធី​គុន​ល្បុក្កតោ កម្មវិធី​ពិព័រណ និង​ការប្រកួត​រូបថត និង​កម្មវិធី​ជា​ច្រើន​ទៀត​។​ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ គឺថា នៅ​ឆ្នាំ​២០១៥​នេះ  ក្រៅពី​មាន​ការ​ដាក់​តាំង​បង្ហាញ​ពី​នំអន្សម​យក្ស គឺ​មាន​ការ​ដាក់​តាំង​បង្ហាញ​សំភារៈ​យក្ស​ចំនួន​៤​ខុសៗ​គ្នា ក្នុងនោះ​មាន ដូចជា កន្ត្រក​ប្រហុក​យក្ស បំពង់​ទឹកត្នោត​យក្ស មួក​ស្លឹកត្នោត​យក្ស និង​អង្រុត​យក្ស​។​

សំឡេង លោក​សុខ សប្បាយ​ណា​

 

​កាលពី​ឆ្នាំមុន សមាគម​ចុងភៅ និង​បុគ្គលិក​ជាង ៥០​នាក់ បាន​ផលិត​នំអន្សមជ្រូក​យក្ស​ធ្វើ​ពី អង្ករដំណើប​ទម្ងន់​ជាង ៣០០ គីឡូក្រាម ដោយ​បាន​ចំណាយ​ថវិកា ៧៥០០ ដុល្លារ​អាមេរិក ដាក់​ដង្ហែ និង តាំង​បង្ហាញ​នៅខាងមុខ​រមណីយដ្ឋាន​អង្គរវត្ត​។​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប​ឆ្នាំនេះ នឹង​រៀបចំ​ធ្វើឲ្យ​អធិកអធម​ទ្វេដង ហើយ​ការ​ដែល​ធ្វើ​នំអន្សម​យក្ស​ដែល​ធំ​ជាង​ឆ្នាំមុន​បែបនេះ គឺជា​ការបង្ហាញ​ដល់​ពិភពលោក​ពី​សក្ដានុពល​នៃ​ស្រូវ​អង្ករ​ខ្មែរ​យើង​ផង ក៏ដូចជា​ការឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​នៃ​ការគាំទ្រ​សកម្មភាព​លើកតម្កើង​វប្បធម៌ អរិយធម៌​ដ៏​ល្អ​ផូរផង់ និង​សម្បូរ​បែប​របស់​ខ្មែរ​យើង តាំងពី​បុរាណកាល​មក​៕

ព័ត៌មានផ្សេងទៀត