ចិនត្រូវបានគេទទួលស្គាល់និងមានឈ្មោះបោះសំឡេងពេញពិភពលោកទៅហើយ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច យោធា ជាពិសេសគឺទាក់ទងនឹងការផលិតអាវុធ។ ត្បិតចិនមិនទាន់ក្លាយជាប្រទេសដែលនាំមុខគេលើវិស័យទាំងអស់នេះ ក៏ដោយ ប៉ុន្ដែចិនក៏ជាប្រទេសមិនធម្មតាដែរ ហើយក៏ធ្វើឱ្យអាមេរិកជាប្រទេសមហាអំណាចពិភពលោក ព្រឺក្បាលមិនតិចនោះទេទាក់ទងនឹងសព្វាវុធរបស់ខ្លួន។
ជាមួយសន្ទុះនៃការកើនឡើងជាបន្ដបន្ទាប់នូវគុណភាព រួមទាំងល្បឿននៃការផលិតអាវុធ ចិនបានក្លាយជាប្រទេសជាប់លំដាប់ថ្នាក់ទីបី ជាប្រទេសនាំចេញអាវុធធំនិងច្រើនជាងគេក្នុងពិភពលោក។ បើតាមការបញ្ជាក់ពីក្រុមអ្នកជំនាញមានមូលដ្ឋាននៅក្រុងStockholm ប្រទេសស៊ុយអែត បាននិយាយនៅថ្ងៃទី១៦មីនានេះថា ចិនបាននាំមុខអាល្លឺម៉ង់និងបារាំង ដោយក្លាយជាប្រទេសដែលនាំចេញសព្វាវុធលំដាប់ទី៣លើពិភពលោក បន្ទាប់ពីអាមេរិកនិងរុស្ស៊ី។
ទំហំនៃពាណិជ្ជកម្មអាវុធ ដែលមានទឹកប្រាក់វាល់លានដុល្លាររបស់ចិន បានកើនឡើង១៦ភាគរយក្នុងរយៈពេលពីឆ្នាំ២០១០ដល់ឆ្នាំ២០១៤។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសន្ដិភាពពិភពលោកនៅក្នុងទីក្រុង Stockholm បញ្ជាក់បន្ថែមនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ។ វិទ្យាស្ថានដដែលបានឱ្យដឹងទៀតថា បើតាមតួលេខបានបង្ហាញថា អាមេរិកមានការនាំចេញអាវុធជាសាកលរហូតដល់៣១ភាគរយ បន្ទាប់មកគឺរុស្ស៊ីមាន២៧ភាគរយ។
ទាក់ទងនឹងប្រទេសក្នុង តំបន់អាស៊ីបីដែលទទួលទិញអាវុធជាងពីរភាគបី នៃការនាំចេញអាវុធរបស់ចិន មានប៉ាគីស្ថាន៤១ភាគរយ បន្ទាប់មកទៀតមានបង់ក្លាដែសនិងមីយ៉ាន់ម៉ា។ លើសពីនេះទៅទៀត ចិនមានអតិថិជន១៨ប្រទេសផ្សេងទៀតនៅទ្វីបអាហ្វ្រិក។ ដោយឡែកចំពោះអតិថិជនផ្ដាច់មុខរបស់រុស្ស៊ីវិញគឺឥណ្ឌា ដោយឥណ្ឌាបាននាំចូលអាវុធមាន៧០ភាគរយ គឺដេញថ្លៃយកពីរុស្ស៊ី។ រីឯអាមេរិកដែលជាប្រទេសលំដាប់ថ្នាក់លេខមួយក្នុងការនាំចេញអាវុធ ក្នុងពិភពលោក មានអតិថិជនចម្រុះច្រើនជាងគេបំផុត ហើយកូរ៉េខាងត្បូងគឺជាអតិថិជនផ្ដាច់មុខ៕ដោយៈពេញ ផេង