ការ​ជ្រើស​រើស​​និង​​តួនាទី​របស់​​​​ប្រធាន ​អនុប្រធាន ​និង​​​សមាជិក​គ​.​ជ​.​ប​​​ថ្មី​​​

13-03-2015 7:45 pm 6372

សេចក្តីព្រាង សេចក្តីស្នើ ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​រដ្ឋភា ប្រជុំ​ពិនិត្យ មុននឹង​បញ្ជូន​ទៅ​ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ​ដើម្បី​ឡាយព្រះហស្ថលេខា ចូល​ជា​ធរមាន​។ សេចក្តីព្រាង សេចក្តីស្នើ ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​​ឆ្នោត បាន​ចែង​នូវ​ចំនុច​សំខាន់ៗ​ជាច្រើន ដូច​ជា​ការជ្រើសរើស​ស​មាស​ភាព​គជប មុខងារ និង​អាណត្តិ​ការងារ​ជា​ដើម​។ តើ​ប្រធាន អនុប្រធាន និង​សមាជិក គជប​ថ្មី ត្រូវ​ជ្រើសរើស​យ៉ាងដូចម្តេច និង​មាន​​​មុខងារ​​​អ្វីខ្លះ​? សូមស្តាប់​បទ​អន្តរាគមន៍​ពី​សៅ វិសាល​។​

 

​សូរិយា​៖ វិសាល ឃើញថា នៅ​ថ្ងៃ​ទី​១៣ មីនា​នេះ រដ្ឋ​សភា​កម្ពុជា បាន​នឹង​កំពុង​ប្រជុំ​ត្រួតពិនិត្យ​លើ​ច្បាប់​បោះឆ្នោត​ថ្មី ដែល​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា បាន​ព្រមព្រៀង​គ្នា​បញ្ចប់ និង​បាន​ដាក់​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​រួចរាល់​។ ច្បាប់​បោះឆ្នោត​ថ្មី​នេះ មាន​ចំនួន​២ គឺ​សេចក្តីព្រាង សេចក្តីស្នើ ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ ថ្ងៃនេះ យើង​នឹង​និយាយ​តែ​ពី​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តែប៉ុណ្ណោះ​។ តើ​ហេតុអ្វី​ចាំបាច់​បង្កើត​ច្បាប់ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ​?

 

បាទ​សូរិយា​! សេចក្តីព្រាង សេចក្តីស្នើច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា ព្រមព្រៀង​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ មាន​៧​ជំពូក និង​៦៦​មា​ត្រ​។ សម្រាប់​សំនួរ​សួរថា តើ​ចាំបាច់​អ្វី​ឲ្យមាន​ការបង្កើត​នូវ​ច្បាប់​នេះ​, ជា​ការពិត​ណាស់​សេចក្តី​ព្រាង សេចក្តីស្នើច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ មាន​មិនមែនជា​ច្បាប់​ថ្មី ដែល​ត្រូវ​បាន​តាក់តែង​ទាំងស្រុង​នោះ​ទេ គឺជា​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ចាស់​លើ​មាត្រា និង​ជំពូក​មួយចំនួន​តែប៉ុណ្ណោះ​។ ច្បាប់​ថ្មី​នេះ គឺ​មាន​គោលដៅ​កំណត់​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​រៀបចំ ចាត់ចែង និង​គ្រប់គ្រង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ព្រម​ទាំង​ការបោះឆ្នោត​ផ្សេងទៀត តាម​ការកំណត់​នៃ​ច្បាប់ ខណៈ​ដែល​កន្លងមក​មាន​កា​រិះគន់ថា មិន​មាន​តម្លាភាព គ្មាន​យុត្តិធម៌ ដែល​ជា​ការលើកឡើង​ពី​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​ឈ្មោះ​ជា​អក្សរ​កាត់​ថា “​គ​.​ជ​.​ប​”​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​មាន​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត និង​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត ដើម្បី​អនុវត្ត​ការងារ​របស់​ខ្លួន​។​ ហើយ​សមាជិក​ទាំងឡាយ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សមាជិក​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ ត្រូវ​មាន​ជំហរ​អព្យាក្រឹត្យ​ឥត​លម្អៀង ក្នុង​ការអនុវត្ត​ការងារ​បោះឆ្នោត​។​

 

​សូរិយា​៖ វិសាល​! មក​និយាយ​ពី​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត សម្រាប់​អាណត្តិ​ថ្មី​វិញ​ម្តង​។ តើ​រហូតមកដល់​ពេលនេះ មាន​ការកំណត់​ពី​អ្នក​ដែល​ត្រូវ​កាន់តំណែង​ជា​ប្រធាន និង​អនុប្រធាន គជប​ថ្មី​នេះ ហើយ​ឬ​នៅ​? តើ​សមាសភាព​គជប​ថ្មី មាន​ប៉ុន្មាន​នាក់​?

 

​បាទ​សូរិយា​! រហូតមកដល់​ពេលនេះ នៅ​មិនទាន់​មាន​ការបញ្ជាក់​ពី​សមាសភាព​គជប​ថ្មី ពី​សំណាក់​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​នៅ​ឡើយ​ទេ​។ កន្លងមក​ក្រុមការងារ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ថ្មី មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​អះអាង​ថា សម្រាប់​ជ្រើសរើស​សមាសភាព​គជប​ថ្មី នឹង​រៀបចំ​ធ្វើឡើង បន្ទាប់​ពី​មាន​ការរៀបចំ​សេចក្តីព្រាង​ច្បាប់​ថ្មី​នេះ រួចរាល់ ដោយ​ត្រូវ​ធ្វើតាម​ដំណាក់កាល​។ សមាសភាព គជប មាន​ចំនួន​៩​រូប ក្នុង​នោះ​ប្រធាន​១​រូប អនុប្រធាន​១​រូប និង​សមាជិក​៧​រូប​។ កន្លងមក បេក្ខភាព​ប្រធាន​គជប​ថ្មី ត្រូវបាន​គេ​មើល​ថា សាក​សម្យ​បំផុត សម្រាប់​លោកស្រី​ពុង ឈី​វ​កេក ប្រធាន​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ​។ កាលនោះ​លោក​ស្រី ពុង ឈី​វ​កេក ក៏​ធ្លាប់បាន​យល់ព្រម​ទទួលយក​សំណើ​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ធ្វើ​ជា​បុគ្គល​ឯករាជ្យ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ រហូតមកដល់​ពេលនេះ គឺ​ស្ថិតនៅក្នុង​ភាពស្រពិចស្រពិល​នៅឡើយ​។​

​សូរិយា​៖ តើ​ការជ្រើសរើស​សមាសភាព​គជប​ថ្មី​នេះ ធ្វើឡើង​ក្នុង​លក្ខខណ្ឌ​យ៉ាង​ដូចម្តេច​ដែរ​?

 

​ស្ថិត​ក្នុង​ជំពូក​ទី​២ ស្តីពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រង់​មាត្រា ៤,៥,៦ នៃ​ច្បាប់​ពី​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចែង​ថា ចែងថា សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​ជ្រើសរើស​ក្នុងចំណោម​ឥស្សរជន​ខ្មែរ​ទាំង​២​ភេទ ដែល​មាន​លក្ខណសម្បត្តិ​ដូចខាងក្រោម​៖
 
-​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយគត់​ក្នុងពេល​បំពេញ​ការងារ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​

-​មាន​អាយុ​យ៉ាងតិច​៣៥​ឆ្នាំ គិត​ដល់​ថ្ងៃ​តែងតាំង​

-​មាន​សញ្ញាបត្រ​ចាប់ពី​ថ្នាក់​ឧត្តមសិក្សា​ឡើងទៅ​

-​មាន​បទពិសោធន៍​ការងារ​យ៉ាង​តិច​១០​ឆ្នាំ​

-​មិន​ត្រូវ​ជាប់​ជា​សហព័ន្ធ ឬ​ញាតិ​លោ​ហិត ឬ​ញាតិពន្ធ​រហូតដល់​ថ្នាក់​ទី​៣ របស់​ប្រធាន អនុប្រធាន​គណបក្ស​នយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​។​

 

​ដោយឡែក សមាសភាព​ទាំង​៩​រូប នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​ជ្រើសរើស​៖ ៤​រូប ជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល (​បក្ស​ប្រជាជន​កម្ពុជា​), ៤​រូប ជ្រើសរើស​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​មិន​ចូលរួម​ក្នុង​រាជរដ្ឋាភិបាល និង​១​រូប​ទៀត ជ្រើសរើស​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​គណ​បក្ស​ទាំងអស់​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​។​

​សូរិយា​៖ តើ​វិសាល​អាច​បញ្ជាក់​ពី​តួនាទី របស់​ប្រធាន អនុប្រធាន និង​សមាជិក គជប ថ្មី​នេះ បានទេ​?

 

​យោងតាម​មាត្រា​៧ ក្នុង​ជំពូក​ទី​២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចែង​ថា ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​អាណត្តិ ៥​ឆ្នាំ ហើយ​ត្រូវ​ផុត​អាណត្តិ​នៅ​ពេល​សមាសភាព​ថ្មី​ចូលកាន់​តំណែង​។​ ​ក្នុងករណី​ដែល​ខកខាន​មិន​បាន​រៀបចំ​សមាសភាព​គជប នោះ​សមាសភាព​គជប​ដែល​មាន​ស្រាប់ ត្រូវអនុវត្ត​ការងារ​របស់​ខ្លួន​បន្ត​ទៀត និង​មាន​សមត្ថកិច្ច ដើម្បី​ចាត់ចែង​រៀបចំ​បោះឆ្នោត​ស្របតាម​ច្បាប់​ជា​ធរមាន​។​

 

​សម្រាប់​មុខងារ​ប្រធាន អនុប្រធាន និង​សមាសភាព គជប ដែល​មានចែង​ក្នុង​មាត្រា​៨ គឺ​មាន​វិសមិតភាព​ជាមួយ​ការបំពេញ​មុខ​តំណែង​ក្នុង​មុខងារសាធារណៈ និង​ជាមួយ​មុខងារ​ជា​សមាជិក​នៃ​ស្ថាប័ន​ដទៃទៀត ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ប្រធាន អនុប្រធាន និង​សមាជិក គជប ត្រូវ​បាន​ព្យួរ​សិទ្ធិ​បោះឆ្នោត​ជា​បណ្តោះអាសន្ន រហូត​ដល់​ថ្ងៃ​បញ្ចប់​មុខតំណែង​។​ ​ប្រធាន អនុប្រធាន និង​សមាជិក គជប ដែល​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ ត្រូវ​សុំ​លាលែង​ពី​គណបក្សនយោបាយ ហើយ​អាច​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​វិញ​បាន ក្នុង​រយៈពេល​យ៉ាងតិច​២​ឆ្នាំ បន្ទាប់​ពី​បញ្ចប់​អាណត្តិ​ការងារ ឬ​បាត់បង់​មុខតំណែង ឬ​ត្រូវ​បាន​បណ្តេញចេញ ដូច​មានចែង​ក្នុង​មាត្រា​៧,៩, និង​មាត្រា​១០ នៃ​ច្បាប់​នេះ​៕

​សូរិយា​៖ អរគុណ​វិសាល ដែល​បាន​អន្តរាគមន៍​ស្តីពី​ការជ្រើសរើស និង​តួនាទី របស់​ប្រធាន អនុប្រធាន និង​សមាជិក គជប​ថ្មី​។​

 

អរគុណ​!

     

ព័ត៌មានផ្សេងទៀត