ចិន​ កូរ៉េ​ខាងត្បូង​​និង​​ជប៉ុន​​គ្រោង​​ជួប​​ពិភាក្សា​​គ្នា​​ក្នុង​​ខែ​​មីនា​​នេះ​

12-03-2015 4:49 pm 1593
រដ្ឋមន្រ្តីក្រសួងការបរទេសទាំងបីចិនកូរ៉េខាងត្បូងនិងជប៉ុនជួបគ្នាកាលពីឆ្នាំ២០១២

​មន្ត្រី​ជាន់ខ្ពស់​​របស់​ប្រទេស​​បី ​​គឺ​​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​​ចិន កូរ៉េខាងត្បូង​​និង​​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​​ជប៉ុន គ្រោង​ជួប​ពិភាក្សា​គ្នា​​នៅក្នុង​​ខែ​មីនា​នេះ​​។ ​ជិត​​៣​ឆ្នាំ​ហើយ​​ដែល​ភាគី​​ទាំង​បី​​មិន​ដែល​​ជួប​ពិភាក្សា​គ្នា​​ជា​​ផ្លូវការ ពោល​​តាំងពី​បី​​ភាគី​​បាន​​ជួប​គ្នា​​កាលពី​​ថ្ងៃ​ទី​​១៣​​ខែ​មីនា​ឆ្នាំ​២០១២​នៅ​ក្រុង​ប៉េកាំង​។ តាម​ប្រភព​ព័ត៌មាន​ទីក្រុង​សេ​អ៊ូ​ល​បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស​ចិន កូរ៉េខាងត្បូង​និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​នឹង​កំពុង​រៀបចំ​ការជួបពិភាក្សា​មួយ​នៅក្នុង​ខែ​មីនា​នេះ​។

 

ជំនួប​កំពូល​ត្រីភាគី​ជា​ថ្មី​នេះ ធ្វើឡើង​ដើម្បី​ពិភាក្សា​ដោះស្រាយ​ភាព​តានតឹង​ដែល​បាន​កើតឡើង​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​២​។ ជា​សម័យ​សង្គ្រាម​ដែល​ជប៉ុន​បាន​យក​ស្រីៗ​ប្រទេស​នៅ​អាស៊ី​មួយ​​ចំនួន នៅក្នុង​នោះ​ភាគច្រើន​ជា​ស្ត្រី​កូរ៉េខាងត្បូង និង​ស្ត្រី​ជនជាតិ​ចិន​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​យ៉ាង​ព្រៃផ្សៃ​។​

 

​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជប៉ុន ជំនួប​រវាង​មន្ត្រី​ជាន់​ខ្ពស់​ទាំង​បី​ប្រទេស នឹង​ធ្វើឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១​ដល់​ទី​២២​ខែ​មីនា​នេះ​។ ប៉ុន្តែ​បើ​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​លោក​​Lee Kyung-soo​បានឲ្យដឹងថា ជំនួប​នឹង​ប្រព្រឹត្តទៅ​ក្នុង​ខែ​មីនា​នេះ តែ​មិន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នោះទេ​។ ក្នុងពេល​ជាមួយគ្នា​នោះ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង​ថ្លែងថា ប្រសិនបើ​ជំ​នួប​​កំពូល​បាន​ប្រព្រឹត្ត​ទៅ​ដូច​ការគ្រោទុក វា​នឹង​ផ្តល់​នូវ​ឱកាស​មួយ ដើម្បី​បង្កើត​មូលដ្ឋាន​សម្រាប់​សាងសង់​ជំនឿ​ទុកចិត្ត​រវាង​គ្នា​។​

 

​បើ​និយាយ​ពី​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​ទាំង​បី​វិញ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ស៊ីន​ហ្ស៊ូ​អាបេ និង​លោក​ប្រធានាធិបតី​ចិន​ស៊ីជី​ង​ពីង​ធ្លាប់បាន​ជួប​គ្នា​កាលពី​ខែតុលា តែ​ជា​ជំនួប​កើតឡើង​តាមរយៈ​កិច្ច​ប្រ​ជុំ​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​(APEC)​។ លោក​ស៊ីន​ហ្ស៊ូ​អាបេ​មិន​ដែល​ជួប​ជាមួយ​ប្រធានាធិបតី​ស្ត្រី​កូរ៉េខាងត្បូង​ប៉ាក គុន​ហេ​នោះទេ​។​

 

​សូម​បញ្ជាក់​ដែរ​ថា ភាព​តានតឹង​រវាង​កូរ៉េ​ខាងត្បូង​និង​ជប៉ុន បាន​កើតឡើង​ជា​យូ​រណាស់​មកហើយ ដែល​កូរ៉េខាងត្បូង​បាន​ចោទ​កងទ័ព​ជប៉ុន​ថា ​បាន​យក​ស្រីៗ​កូរ៉េខាងត្បូង​ធ្វើជា​ទាសករ​ផ្លូវភេទ​យ៉ាង​ព្រៃ​ផ្សៃ​ ​ខណៈ​ជប៉ុន​ធ្វើ​អាណានិគម​លើប្រទេសកូរ៉េខាងត្បូង​។ បន្ថែម​លើ​នេះ កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ដូចគ្នា ក៏​មាន​ភាព​តានតឹង​ទាក់ទង​នឹង​កោះ ដែល​កូរ៉េខាងត្បូង​ហៅ​ថា​កោះ​Dokdo ​ហើយ​ជប៉ុន​ហៅ​ថា​កោះ​Takeshima​ដែរ​។ ដោយឡែក​ចិន​និង​ជប៉ុន​វិញ​ មាន​ភាព​តានតឹង​ទាក់ទង​នឹង​ការទាមទារ​ធ្វើ​ជា​ម្ចាស់​កោះ​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន ដែល​ជប៉ុន​ហៅ​កោះ Senkaku​​ហើយ​ចិន​ហៅ​ថា​កោះ​Diaoyu៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត