អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​រំពឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​៥០​ម៉ឺន​នាក់​

11-03-2015 3:31 pm 2757

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​) ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​រៀបចំ​មហា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ មេសា ក្រោម​ប្រធានបទ​”​ការចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​”​។ បើតាម​សេចក្តីជូនដំណឹង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ឲ្យ​ដឹង​​​​​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការរៀបចំ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​នេះ នៅ​ថ្ងៃ​ទី​១២ មីនា ដើម្បី​ផ្តល់​នូវ​ព័ត៌មាន​លម្អិត និង​ជា​ផ្លូវការ​ជូន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​មហាជន​ដើម្បី​បាន​ជ្រាប​កាន់តែ​ច្បាស់​ពី​ខ្លឹមសារ​រួម​នៃ​មហា​ព្រឹត្តិការណ៍​នេះ​។​

 

​នេះ​ជា​ឆ្នាំ​ទី​៣ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។ ព្រឹត្តិការណ៍​នេះ មាន​ការដាក់​បញ្ចូល​នូវ​ល្បែង​ប្រជាប្រិយ របាំ​ប្រពៃណី ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ សិល្បៈ​ទស្សនីយភាព​ផ្សេងៗ នឹងត្រូវ​លើកយក​មក​បង្ហាញ និង​សម្តែង​ជូន ដោយ​ក្រុម យុវជន យុវនារី សិល្បករ និង​សិល្បការិនី​ខ្មែរ រួមជាមួយ​នឹង​ការលើក​យក​បង្ហាញ​នូវ​កេរដំណែល​អរិយធម៌ និង​ស្នាដៃ​នានា របស់​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​តាំងពី​យូរលង់​ណាស់​មកហើយ លើ​ទឹកដី នៃ​អាណាចក្រ​វប្បធម៌ ខេត្តសៀមរាប​។​

 

​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​នេះ ត្រូវបាន​គេ​មើលឃើញថា នឹង​មាន​ការ​ដាក់​តាំង​នូវ​សម្ភារៈ​ធំៗ ដែល​នឹង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។ សម្ភារៈ​ធំៗ​ទាំងនោះ មានដូចជា មួក​ត្នោត​យក្ស អង្រុត​យក្ស និង​នំអន្សម​យក្ស ដែល​គ្រោង​បំបែក​ឯ​កគ្គទ​កម្ម​ពិភពលោក​ជា​ដើម​។​

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ ត្រូវបាន​រៀបចំ​ជា​ថ្មី​ម្តងទៀត ដោយ​ផ្អែក​លើ​ភាពជោគជ័យ នៃ​ព្រឹត្តិការណ៍​នេះ នា​បណ្តា​ឆ្នាំ​កន្លង​ទៅ នៅ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤​។ យោងតាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍​បានឲ្យដឹងថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​១ ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា ឆ្នាំ​២០១៣ ទទួលបាន​ការចូលរួម​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចំនួន ១៧៩.១៥៤​នាក់ មាន​ការកើនឡើង ១៤.០៩% ធៀប​ទៅនឹង​ឆ្នាំ​២០១២ ដែល​មាន​ចំនួន​ត្រឹមតែ​១៥៧.០១៩​នាក់​។ ទន្ទឹមនឹងនោះ មាន​ការកើនឡើង អាជ្ញាធរ​អប្សរា ក៏​បាន​បង្ហាញ​ឲ្យដឹង​ដែរថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៤ បាន​ទទួល​ភ្ញៀវ​ទេសច​រណ៍ សរុប​ចំនួន​៣៨៥.៦២៩​នាក់ ដែល​ក្នុងនោះ​ភ្ញៀវ​ជាតិប្រមាណ ៣៥៧.៨២០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​២៧.៨០៩​នាក់ ពោល​គឺ​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ចំនួន​ភ្ញៀវ​ទេសចរណ៍​ក្នុងអំឡុងពេល​ដូចគ្នា នា​ឆ្នាំ​២០១៣​។ តាមរយៈ​ទិន្នន័យ​នេះ កម្ពុជា ជា​ពិសេស​ខេត្ត​សៀមរាប​ផ្ទាល់ ទទួលបាន​ចំណូល​សេដ្ឋកិច្ច​ប្រមាណ​ជិត​៣០​លាន​ដុល្លារ​។

 

​យ៉ាងណាក៏ដោយ សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​នេះ គេ​សង្ឃឹមថា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ប្រមាណ​៥០​ម៉ឺន​នាក់ នឹង​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​នេះ ជាមួយនឹង​ការរំពឹង​ពី​កំណើន​សេដ្ឋកិច្ច​ដ៏​វិជ្ជមាន សម្រាប់​ខេត្ត​សៀមរាប​ផ្ទាល់ និង​សម្រាប់​ប្រទេស​កម្ពុជា ជារួម​។​

 

​សូមបញ្ជាក់​ថា ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ នឹង​រៀបចំ​ធ្វើឡើង​នៅ​តាម​បណ្តា​ទីតាំង​សំខាន់ៗ​មួយចំនួន​ដូចជា នៅក្នុង​បរិវេណ​ខាង​មុខ​ប្រាសាទអង្គរវត្ត ប្រាសាទ​បាយ័ន ដងស្ទឹង​សៀមរាប បរិវេណ​ពិព័រណ៍​អង្គរ​ឃ្យុ​ង​យូ និង​នៅ​ទីតាំង​ផាប់​ស្ទ្រីត ដែល​មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ មេសា​ខាង​មុខ​នេះ​។​


     

ព័ត៌មានផ្សេងទៀត