ក្រុមអ្នកវិភាគ​រិះគន់​ចិន​លើ​ការបង្កើន​អាយុ​ចូលនិវត្ដន៍​របស់​ម​ន្ដ្រី​រាជការ​

10-03-2015 9:25 pm 1329

​វា​ជា​មិនមែន​ជា​រឿង​ថ្មីថ្មោង​នោះទេ ដែល​ក្រុម​អ្នកវិភាគ​បាន​រិះគន់​ទៅលើ​វិបត្តិ​ប្រាក់​សោធន​និវត្តន៍​ឬ​ប្រាក់​ចូល​និវត្តន៍​ក្នុង​ប្រទេស​ចិន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នកវិភាគ​ក៏បាន​រិះគន់​ចិន​កំពុង​ជួប​វិបត្តិ​កង្វះ​ថវិកា​ជាតិ​ផង​ដែរ​។ ប៉ុន្ដែ​នៅពេល​នេះ ក្រុមអ្នកវិភាគ​បាន​រិះគន់​ទៅ​លើ​គោលនយោបាយ​មួយទៀត​របស់​រដ្ឋាភិបាល​ចិន គឺ​ការបង្កើន​អាយុ​ចូលនិវត្ដន៍​របស់​ម​ន្ដ្រី​រាជការ​។  

 

​បើតាម​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​ចិន​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ចិន​ត្រូវការ​ចាំបាច់​ក្នុង​ការបង្កើន​អាយុ​ចូលនិវត្តន៍​របស់​មន្ត្រី​រាជការ ព្រោះ​ចិន​ចង់​ស្ដារ​វិស័យ​ហិរញ្ញវត្ថុ​។ ជាមួយគ្នានេះ រដ្ឋមន្ត្រី​ធនធាន​មនុស្ស​ និង​សន្តិសុខ​សង្គម​ចិន​លោក​Yin Weimin បានឱ្យ​ដឹង​ដែរ​ថា ប្រទេស​ចិន​ពិតជា​ត្រូវ​ការឱ្យ​ប្រជាជន​ចិន​មាន​ជីវភាព​សមរម្យ​។ លោក​Yin បាន​បន្តទៀតថា នៅ​ថ្ងៃ​ខាង​មុខ​រដ្ឋាភិបាល​ចិន​នឹង​បង្កើន​អាយុ​ចូល​វិវត្តន៍​របស់​មន្ត្រីរាជការ​ជា​បន្តបន្ទាប់​។ រដ្ឋមន្ត្រី​ធនធានមនុស្ស​និង​សន្តិសុខ​សង្គម​ចិន​រូបនេះ មិន​បាន​បញ្ជាក់​ពី​អាយុ​ចូល​និវត្តន៍​ក្នុង​ច្បាប់​ប្រទេស​ចិន​នោះទេ​។ ហេតុផល​ទាំងនេះហើយ ទើប​ធ្វើឱ្យ​អ្នកវិភាគ​មួយ​ចំនួន​បាន​រិះគន់​ចំៗ នូវ​គោលនយោបាយ​របស់​ចិន​។​

 

​សូម​រម្លឹកថា កន្លងមក​ក្រុម​អ្នកវិភាគ​ធ្លាប់​បាន​ប៉ាន់ប្រមាណ​ថា នៅ​២០​ឆ្នាំ​ខាង​មុខ​ទៀត ប្រទេស​ចិន​នឹង​ជួប​វិបត្តិ​ឱនភាព​សាច់ប្រាក់​ឬ​ក៏​អាច​ហៅថា​ខ្វះ​ថវិកា​ជាតិ​រហូត​ដល់​១១​ពាន់​លាន​ដុល្លារ​អាមេរិក​។ ដូច្នេះ​បើ​សិន​ជា​ចិន​ប្រើ​គោលនយោបាយ​ពន្យារ​អាយុ​ចូលនិវត្ដន៍​របស់​ម​ន្ដ្រី​រាជការ​ច្បាស់ណាស់​ថា​ចិន​នឹង​ជួប​បញ្ហា​កង្វះ​ថវិកាជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​។​នេះ​ជាការ​បញ្ជាក់បន្ថែម​របស់​ក្រុម​អ្នកវិភាគ​៕(​ដោយ​៖​លាង ធីតា​)


     

 

ព័ត៌មានផ្សេងទៀត