លោក​ហ៊ុន​ សែន​​វាយ​ប្រហារ​​ខ្លាំងៗ​​លើ​​សង្គ​ម​​ស៊ីវិល​​ដែល​​ពហិការ​​មិន​​ចូលរួម​​សិក្ខា​សាលា​​

10-03-2015 6:31 pm 2423

សេចក្ដីព្រាង​សេចក្ដីស្នើច្បាប់​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តិទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត​និង​សេចក្ដីព្រាង​សេចក្ដី ស្នើ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចំណាយ​អស់​រយៈពេល​៧​ខែ​មកនេះ ត្រូវបាន​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​ការបោះឆ្នោត​ភាគច្រើន​សម្តែង​ការ​មិន​ពេញចិត្ត និង​បាន​រិះគន់​។​ហើយ​ថា សេចក្តីព្រាង​នេះ​មាន​មាត្រា​មួយចំនួន​អាក្រក់​ជាង​ច្បាប់​មុន​ដោយសារតែ​មាន​ការដាក់​ទោស​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​រិះគន់​គណបក្ស​នយោបាយ​។​ការរិះគន់ និង​ការតវ៉ា​របស់​សង្គម​ស៊ីវិ​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​ការ​សែត​នៅ រសៀល​ថ្ងៃ​ទី​៩ មីនា​។​

 

​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា​ខុម​ហ្វ្រែល លោក គល់ បញ្ញា បាន​មានប្រសាសន៍ថា​សេចក្ដីព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​របស់​គណបក្ស​ទាំងពីរ​នេះ គឺ​មាន​បំណង​អាក្រក់ ដើម្បី​គំរាម​គំហែង​ទៅដល់​យុវជន មិន​លើកទឹកចិត្ត​យុវជន​ចូលរួម​ក្នុង​ការងារ​បោះឆ្នោត​៖

 

សម្លេង លោក គល់ បញ្ញា​៖

 

​ទោះជា​យ៉ាងណា​ក្តី​បើ​តាម​ការលើកឡើង​របស់​គណបក្ស​ទាំងពីរ នៅក្នុង​សិក្ខាសាលា​សិក្សា​ស្វែងយល់​ពី​ច្បាប់​ទាំង​ពីរ​ខាងលើនេះ​ក្រុមការងារ​គណបក្ស​ទាំង​ពីរ​អះអាងថា​សេចក្ដីព្រាងច្បាប់​នេះ​ល្អ​ជាង​ច្បាប់​ចាស់​ដែល​ធានា​នូវ​ឯករាជ្យ​របស់​ស្ថាប័ន​គ​.​ជ​.​ប និង​ជៀសវាង​ការជាប់គាំង​នៅក្រោយពេល​ការបោះឆ្នោត​។ ចំណែក​ការរិះគន់ និង​មតិយោបល់ ឬ​អនុសាសន៍ ក្រុមការងារ​គណបក្ស​ទាំង​ពីរ​នឹង​លើកយក ទៅ​ពិចារណា មុន​នឹង​ដាក់​ឲ្យ​សភា​អនុម័ត​។​

 

​ឆ្លើយតប​នឹង​ការ​ពហិការ​របស់​អង្គការ​សង្គម​ស៊ីវិល លោក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​មួយចំនួន ដែល​បាន​ធ្វើពហិការ​មិន​ចូលរួម​ចំពោះ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ច្បាប់​គ​.​ជ​.​ប​និង​ច្បាប់បោះឆ្នោត ដែល​រៀបចំ​ដោយ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​៩​មីនា​។​លោក​ហ៊ុន សែន​ថា «​ដោយសារ​តែ​វា​លង់​ទៅ​ដោយ​ជំងឺ​តួឯក​ក៏មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​គេ​ធ្វើ​ពហិការ​។​លោក​ហ៊ុន សែន​បន្ត​៖

 

​សំឡេង លោក​ហ៊ុន សែន៖

 

​លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា​។​លោក​ហ៊ុន សែន​បានឲ្យដឹងថា លោក មិនបាច់ចាំ​បញ្ជាក់ថា សង្គម​ស៊ីវិល​នោះ ជានរ​ណា​គេ​ឡើយ​។ គ្រាន់តែ​ចង់​បញ្ជាក់ថា ជំងឺ​តួ​ឯង​នេះ គឺ​មិន​មាន​ឥទ្ធិពល​ទៅលើ​ដំណើរការ​សេចក្ដីព្រាងច្បាប់​បោះឆ្នោត​ថ្មី​ឡើយ​។​បច្ចុប្បន្ន ក្រុមការងារ​គណបក្ស​នយោបាយ​ទាំងពីរ កំពុងតែ​ដំណើរការ ដោយ​រលូន គ្មាន​ឧបសគ្គ​អ្វី​រាំងស្ទះ​ឡើយ​។​

 

​សំឡេង លោក​ហ៊ុន សែន៖

 

​ជា​ការកត់សម្គាល់ ចាប់តាំងពី​សេចក្ដីព្រាង​សេចក្ដីស្នើច្បាប់​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តិទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត​និង​សេចក្ដីព្រាង​សេចក្ដី ស្នើ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ត្រូវបាន​ប្រកាស​បង្ហាញ​ដោយ​គណបក្ស​នយោបាយ​ទាំង​ពីរ​រួចមក ត្រូវបាន​គេ​មើល ឃើញថា បាន​ធ្វើឲ្យ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​ការបោះឆ្នោត​ភាគច្រើន សម្តែង​ការ​មិន​សប្បាយចិត្ត និង​ប្រកាស​តស៊ូ​មតិ ជាមួយ​និង​គណបក្ស​ទាំងពីរ ធ្វើយ៉ាងណា​ឲ្យ​ច្បាប់​បោះឆ្នោត​ថ្មី​ទ​ទូល​បាន​ភាព ល្អ​ប្រសើរ​នៅ​ពេល​ខាងមុខ​៕(ដោយ៖ ឆេង សូរិយា)

ព័ត៌មានផ្សេងទៀត