ជប៉ុន​​នឹង​ផ្ដល់​​ជំនួយ​​ជាង​​៥០​ម៉ឺន​​ដុល្លារ​​សម្រាប់​​ជួយ​​កុមារ​​ពិការ​​នៅ​កម្ពុជា​​

07-03-2015 1:05 am 2268

​ជាថ្មី​ម្ដងទៀត ក្រោម​គម្រោង​នៃ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាលរ​បស់​ជប៉ុន រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្ដល់​ជំនួយ​ជា​ថវិកា​ប្រមាណ​ជាង ៥០ ម៉ឺន​ដុល្លារ សម្រាប់​ជួយសង្គ្រោះ​កុមារ​ពិការ​នៅ​កម្ពុជា​។ សម្រាប់​ជំនួយ​ដែល​នឹង​ផ្ដល់​មក​ឲ្យ​នេះ ថវិកា​ចំនួន ២៧០,៨៨៦​ដុល្លារ​សម្រាប់​ជួយសង្គ្រោះ​ដល់​សមាគម AAR សម្រា​គម្រោង​លើកកម្ពស់ ការអប់រំ​បញ្ចូល​គ្នា​ដល់​កុមារ​ពិការ​ភ្នែក​ក្នុង​ខេត្ត​កណ្ដាល​។ ដោយឡែក​ថវិកា ចំនួន ២៩៥,៨៥៩​ដុល្លារ​នឹង​ផ្ដល់​ឲ្យ​អង្គការ Japan Team of Young Human power (JHP) សម្រាប់​ធ្វើឲ្យ​ប្រសើរឡើង​នូវ​បរិស្ថាន​អប់រំ​នៅ​ក្នុង​សាលារៀន​។

 

ជាមួយគ្នា​នេះ​ស្ថានទូត​ជប៉ុន នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៥ បានប្រកាសថា ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​នេះ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​ធំ​នៃ​ស្ថានទូត​ជប៉ុន វេលា​ម៉ោង ១១ ព្រឹក​។ សូមបញ្ជាក់​ថា​កិច្ចសន្យា​ផ្តល់​ជំនួយ​នេះ​នឹង​ចុះហត្ថលេខា​ដោយ​លោក​គូ​ម៉ា​ម៉ា​រូ យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា និង​កញ្ញា សូ​ណូ​ដា តូ​ម៉ូកូ ប្រធាន​សមាគម AAR និង​កញ្ញា យ៉ា​កាបេ សា​គី អ្នកសម្របសម្រួល​គម្រោង​នៃ​អង្គការ JHP នៅ​ស្ថានទូត​ជប៉ុន​៕ (​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត