ជប៉ុន​​-​​ចិន​​នឹង​​បើក​​កិច្ច​​ពិភាក្សា​​ស្តី​ពី​​សន្តិ​សុខ​​នៅ​​ខែ​​មីនា​​នេះ​​

06-03-2015 7:55 pm 1270
កោះ​សមុទ្រ​ចិន​ខាងកើតមានឈ្មោះថាកោះ​​Senkaku

កាលពី​ថ្ងៃ​ទី​០៥​មីនា រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ចិន​និង​ជប៉ុន​នឹង​បើក​កិច្ចប្រជុំ​ស្ដីពី​បញ្ហា​សន្តិសុខ​។ បញ្ហា​សន្ដិសុខ​គឺ​និយាយ​អំពី​ជម្លោះ​ដែន​កោះ​សមុទ្រ​ចិន​ខាងកើត​គឺ​កោះ​​Senkaku ដែល​បច្ចុប្បន្ន​ជប៉ុន​ជា​អ្នកកាន់កាប់​។ ក្រៅពីនោះ ជប៉ុន​-​ចិន​នឹង​ជជែក​ពី ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ផងដែរ​។

 

កិច្ចប្រជុំ​ស្ដី​ពី​សន្តិសុខ នឹង​បើក​កិច្ច​ពិភាក្សា​នៅ​ថ្ងៃទី​១៩​មីនា​ខាងមុខ ចំណែក​ទីតាំង​វិញ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ ហើយ​កិច្ចប្រជុំ​នោះ​មាន​ការចូលរួម​ពី​ដ្ឋ​មន្ត្រី​ការបរទេស​ជាន់ខ្ពស់ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ជាន់ខ្ពស់​របស់​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​


​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​រូបនេះ បាន​បញ្ជាក់ទៀតថា​មូលហេតុ​ដែល​បើក​កិច្ចប្រជុំ​ស្ដីពី​បញ្ហា​សន្តិសុខ គឺ​ដោយសារតែ​នាវា​ល្បាត​ចិន​និង​ជប៉ុន ក៏​ដូចជា​យន្តហោះ​ល្បាត​ប្រទេស​ទាំង​ពីរ នៅតែ​រកាំរកូស​ជាមួយគ្នា​នៅ​ដែនសមុទ្រ​Senkaku​។ បញ្ហា​នេះ​ហើយ​ធ្វើឱ្យ​ជប៉ុន​រស់នៅ​ជាមួយ​ភាពភ័យខ្លាច ព្រោះ​ជប៉ុន​មិន​ចង់​ឃើញ​ជម្លោះ​កើតឡើង​តទៅទៀត​។

 

ដូច្នេះហើយ ទើប​ជប៉ុន​និង​ចិន​បាន​សម្រេច​បើក​កិច្ចប្រជុំ​ស្ដីពី​បញ្ហា​សន្តិសុខ​។ កិច្ចប្រជុំ​ស្ដី​ពី​សន្តិសុខ​លើក​នេះ គឺជា​លើក​ដំបូង​ហើយ បន្ទាប់​ពី​អាក់ខាន​បើក​កិច្ចប្រជុំ​អស់​រយៈពេល​៤​ឆ្នាំ គឺ​ចាប់តាំងពី​ខែ​មករា​​​ឆ្នាំ​២០១១​។​នេះ​ជា​ការ​បញ្ជាក់បន្ថែម​ពី​លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​។


​គួររម្លឹកថា ចាប់តាំងពី​ប្រធានាធិបតី​ចិន​លោក​Xi Jinping និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​Shinzo Abe បាន​ជួបគ្នា​លើកដំបូង​នៅ​ទីក្រុង​ប៉េកាំង​មក​នោះ ជម្លោះ​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាងកើត មាន​ភាព​ស្ងប់​ស្ងាត់​​ជា​បណ្ដើរៗ​ហើយ ហើយ​ក៏​គ្មាន​រឿង​អ្វី​កើតឡើង​ខ្លាំងក្លា​ដែរ។ កាលណោះ​លោក​Xi Jinping​និង​លោក​Shinzo Abe បាន​ជួបគ្នា​នៅ​ខាងក្រៅ​វេទិកា​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤ ស្ដីពី​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា​ឡើងវិញ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត