ប្រជា​ពលរដ្ឋ​ខ្មែរ​​ជាប់​សែ​ស្រឡាយ​​ចិន​​ថា​ការ​​ហែ​អ្នក​តា​ចិន​​ដើម្បី​​សុំ​​សេចក្តី​សុខ​​

06-03-2015 2:46 am 12672

សម្លេង​៖

​នេះ​គឺជា​សម្លេង​នៃ​ការ​ហែរ​អ្នកតាចិន នៅតាម​ដងផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ពិធី​ហែរ​អ្នកតាចិន គឺជា​ទំនៀម​ទំលាប់​ប្រពៃណី​ចិន​មួយ ដែល​តែងតែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ធ្វើ​នៅ​ថ្ងៃ ១៥ កើត និង​ថ្ងៃ ១ រោច​។ ពិធីបុណ្យ​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​បន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​បានបញ្ចប់​។ ជាក់ស្ដែង​សម្រាប់​ឆ្នាំ​២០១៥​នេះ ពិធី​ហែ​អ្នកតា​ចិន​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ចំ​ថ្ងៃ​ទី ០៤ -០៥ ខែ​មីនា នេះ​។

 

​នៅតាម​បណ្ដា​ផ្លូវ​នីមួយៗ​នៅក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​តាម​ផ្លូវ​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី និង​នៅ​ផ្សារ​ធំថ្មី ហើយ​កាន់តែ​ច្រើន​ទៀត​នោះ​គឺ​មាន​នៅ​ម្ដុំ​តាខ្មៅ និង​ច្បារអំពៅ គឺ​មាន​ការ​ហែរ​ក្បួន​អ្នកតា​ចិន​ច្រើនជាងគេ​។ ក្នុងឱកាស​នៃ​ការ​ហែរ​អ្នកតា​ចិន​នេះ យើង​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​ជាប់សែស្រឡាយ​ចិន គឺ​ហាក់ដូចជា​មាន​ជំនឿ​យ៉ាង​មុតមាំ​ទៅលើ​ប្រពៃណី​របស់​ជនជាតិ​ចិន​មួយ​នេះ​។​

 

​កំពុង​ឈរ​នៅ​ពីមុខ​តុ​មួយ​ដែល​រៀប​សំ​ណែន និង​កំប៉ុង​ជើង​ធូប ជាមួយនឹង​ខ្លួនប្រាណ​ទទឹកជោក​ដោយ​ទឹកមន្ត ដែល​អ្នក​តា​បាន​ចុះ​មក​ប្រោះព្រំ​អោយ អ្នកស្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ជាប់សែស្រឡាយ​ចិន​ម្នាក់​ដែរ​នោះ បាន​រៀបរាប់​ប្រាប់​ថា​ពិធី​នេះ​ធ្វើឡើង​ដើម្បី​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន និង​ការរកស៊ី​មាន​បាន​ដល់​ក្រុមគ្រួសារ និង​បណ្ដេញ​នូវ​ឧបទ្រពចង្រៃ​កុំឲ្យ​កើតមាន​។​

 

សម្លេង​៖

 

​ពិធី​ហែរ​អ្នកតាចិន គឺជា​ទំនៀមទម្លាប់​របស់​បង​ប្អូន​ខ្មែរ សែរ​ស្រ​ឡាយ​ចិន ដែល​ធ្វើឡើង​ក្នុងការ​បួងសួង​សុំ​សេចក្តីសុខ សេចក្តីចំរើន​ដល់​កូនចៅ ។ គេ​គិត​រាប់​ពី​ថ្ងៃ​ទី​១ ខែ​១ របស់​ចិន រហូតមកដល់​ថ្ងៃ​ទី ១៤​កើត ១៥​កើត និង ១​រោច ដែល​ជា​ថ្ងៃ​ពេញ​បូ​រ៌មី ក្រុម​សមាគមន៍​របស់​បងប្អូន​ខ្មែរ​-​ចិន​បាន​នាំគ្នា ធ្វើ​ពិធី​សែន​ព្រេង មាន​នំចំណី ផ្លែឈើ ធូប​ទៀន ផ្កា​ភ្ញី​ជាដើម​សម្រាប់​ទទួល​និង ដង្ហែរ​អ្នកតា​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​។​

 

នៅលើ​រថយន្ត​ដែល​រៀបចំ​តុបតែង​មាន​ចង​ជាមួយ​នូវ​ទង់​ពណ៌​លឿង ដែល​សរសេរ​អក្សរ​ចិន ព្រម​ជាមួយ​នូ​ការបិទ​យ័ន្ត​ផ្សេងៗ និង​មាន​មនុស្សម្នា​ដែល​ស្លៀក​សំលៀកបំពាក់​ចិន ហើយ​មាន​មនុស្ស​ម្នាក់​ដែល​តុបតែង​ខ្លួន​ខុសពី​គេ តំណាង​ឲ្យ​អ្នកតា​ចិន​នោះ  ក្រោយពេល​អ្នកតា​ចិន​បាន​ចូល​រូប​ហើយ គឺ​មនុស្ស​តំណាង​នោះបាន​យក​ដាវ​មក​អារ​អណ្ដាត​ខ្លួនឯង រួចហើយ​ក៏​បង្ហូរឈាម​ទាំងនោះ​ទៅ​ផ្ដិត​ជាមួយនឹង​ក្រដាស​យ័ន្ត​។ សម្រាប់​ក្រដាស​យ័ន្ត​ដែល​មាន​ប្រឡាក់​ជាប់​ឈាម​របស់​អ្នកតា​នោះ គឺ​ត្រូវបាន​គេ​នាំគ្នា​ដណ្ដើម​យក​ដើម្បី​យក​ទៅ​បិទ​នៅ​ខាង​មុខ​ផ្ទះ ក្នុង​គោលបំណង​បណ្ដេញ​ខ្មោច​ព្រាយ​បិសាច​ចេញ​។ ពាក់ព័ន្ធ​ទៅនឹង​ក្រដាស​យ័ន្ត​នេះ ត្រូវបាន​អ្នកស្រី​ដដែល​បានឲ្យដឹង​ទៀត​ថា​៖

 

សម្លេង​៖

 

​មិន​ខុស​ពី​អ្នកស្រី​ខាងលើ​ប៉ុន្មាន​ទេ​ក្នុង​ដៃ​កំពុង​តែ​កាន់​នូវ​ក្រដាស​យ័ន្ត​ពណ៌​លឿង​ដែល​ប្រឡាក់​ដោយ​ឈាម ជាមួយនឹង​អំបោះ​ពណ៌​ក្រហម ស្ត្រី​ម្នាក់​ដែល​ជា​សមាជិក​នៃ​សមាគមន៍​ខ្មែរ​-​ចិន នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រាប់ឲ្យដឹង​ថា​យ័ន្តនេះ​គឺ​គេ​យក​ទៅ​បិទ​នៅ​ក្លោងទ្វា​ផ្ទះ​ដើម្បី​ជួយ​ឲ្យ​រកស៊ី​មានបាន និង​បណ្ដេញ​ព្រាយ​បិសាច​ដូចគ្នា​។​

 

សម្លេង​៖

 

​ស្ត្រី​ដដែល​នេះ​ក៏​បានឲ្យដឹង​ទៀត​ថា ជា​រៀងរាល់ឆ្នាំ គឺ​មាន​អ្នកតា​ចំនួន ១០០ នាក់​ដែល​ត្រៀម​ចូល​រូប​។ ហើយ​រូប​នី​មួយៗ គឺ​មាន​ការចូល​សណ្ឋិត​រូប​អ្នកតា​ផ្សេងៗ​គ្នា​។​

 

សម្លេង​៖

 

​គួរបញ្ជាក់​ថា​ពិធី​នេះ​គឺជា​ប្រពៃណី​របស់​ជនជាតិ​ចិន តែ​មិន​មាន​បំណង​អី​ក្រៅពី​សុំ​សេចក្តីសុខ​សេចក្តីចំរើន​នោះទេ​។ ហើយ​ការ​ហែល​អ្នកតា ត្រូវបាន​គេ​ដាក់​ដេញថ្លៃ នូវ​ចង្កៀងគោម ឬ​កន្ត្រក ដែល​គេ​ប្រសិទ្ធ​នាម​ថា ជា​វត្ថុ​ស័ក​សិទ្ធ ដែល​ផ្តល់​ដោយ​អ្នកតា​ដែល​មាន​ពរជ័យ ពាក្យស្លោក ដែល​គេ​មាន​ជំនឿ ថា ទទួលបាន​សេចក្តីសុខ​ហើយ​អ្នក​ដែល​ទទួលបាន គេ​យក​ទៅ​ទុក​ក្នុងផ្ទះ​ដែល​អាច​នាំមក​នូវ​លាភ​សំណាង​និង​ជោគជ័យ​។​ការដាក់​ដេញថ្លៃ វត្ថុ​ស័ក​សិទ្ធ គឺ​មាន​តំលៃ​ខ្ទង់​ពាន់​ដុល្លារ ចំណែក​ថវិកា​ដែល​បានមក​ពី​ការដេញថ្លៃ វត្ថុ​ស័ក​សិទ្ធ នៅក្នុង​ពិធី​ហែរ​អ្នកតា​ត្រូវបាន​គេ​យក​ទៅ​កសាង ព្រះវិហារ កសាង​សាលារៀន និង​ចែក​ជូន​ដល់​អ្នក​ក្រីក្រ​ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍​ពណ៌​សប្បុរ​ឡើយ​៕ (​ដោយ​៖ ចេ​ន សុជាតា​)

 


ព័ត៌មានផ្សេងទៀត