លោក​នេតា​ន់​​យ៉ា​ហ៊ូ​​រិះគន់ចំៗ​​ទៅ​លើ​​ផែនការ​​ចរចា​​​​កម្មវិធី​​នុយក្លេអ៊ែរ​​អ៊ីរ៉ង់​

04-03-2015 7:39 pm 1522
លោក​នេតាន់យ៉ាហ៊ូ​កំពុង​ថ្លែង​ក្នុង​សភា​អាមេរិក​កាលពីថ្ងៃទី​០៣​មីនា

​ភាពចម្រូងចម្រាស​គ្នា​រវាង​នាយករដ្ឋមន្ដ្រី​អ៊ី​ស្រាល​អ៊ែល លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ជាមួយនឹង​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា​លើ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​កើតឡើង​កាន់តែ​ខ្លាំង​ជាង​មុន​។ ចម្រូងចម្រាស​កាន់តែខ្លាំង គឺ​បន្ទាប់ពី​លោកនេតា​ន់​យ៉ា​ហ៊ូ​ធ្វើដំណើរ​ទៅដល់​ទីក្រុង​វ៉ាស៊ីនតោន និង​បាន​ប្រកាស​ជំហរ​ប្រឆាំង​ផែនការ​របស់​លោក​អូ​បា​ម៉ា​ឥត​សំចៃមាត់​ទាំង​ខ្លួន​កំពុង​ស្ថិត​ក្នុង​ទឹកដី​អាមេរិក​នៅ​ឡើយ​។


​ប្រធានាធិបតី​អាមេរិក​បាន​ខិតខំ​ស្វះស្វែង​រក​វិធីសាស្ដ្រ​គ្រប់បែបយ៉ាង ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ប៉ុន្ដែ​ចំពោះ​លោកនាយក​រដ្ឋមន្ដ្រី​អ៊ីស្រាអែល​នេ​តាន់​យ៉ា​ហ៊ូ​វិញ បាន​លើកឡើង​ថា ផែនការ​របស់​លោក​អូ​បា​ម៉ា​ដែល​សម្រេច​ឱ្យ​មាន​ការចរចា​គ្នា​រវាង​ប្រទេស​មហាអំណាច​៥​បូក​១​ជាមួយ​អ៊ីរ៉ង់ គឺជា​ដំណោះស្រាយ​មួយ​អាច​ធ្វើឱ្យ​អ៊ីរ៉ង់​ប្រើប្រាស់​កម្មវិធី​នុយក្លេអ៊ែរ​របស់​គេ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដដែល ហើយ​វា​ក៏​នឹង​អាច​ផ្ទុះឡើង​នៅ​សុបិន្ដ​អាក្រក់​នុយក្លេអ៊ែរ​ផងដែរ​។


​ថ្លែង​រិះគន់​ពី​គោលនយោបាយ​ដែល​លោក​អូ​បា​ម៉ា​បាន​ប្រឹងប្រែង​បង្កើតឱ្យមាន​កិច្ចព្រមព្រៀង​ប្រវត្ដិសាស្ដ្រ​លើ​កម្មវិធី​នុយក្លេអ៊ែ​រ​អ៊ីរ៉ង់ លោកនាយក​រដ្ឋមន្ដ្រី​នេ​តាន់​យ៉ាង​ហ៊ូ បាន​និយាយ​ដោយ​គ្មាន​ញញើត​ថា ភាព​ជា​អ្នក​ដឹកនាំ​របស់​អ៊ីរ៉ង់ គឺជា​ការ​កែទម្រង់​ទាំងស្រុង ហើយ​មិន​អាច​ជឿ​ទុកចិត្ដ​បាន​ទេទៅ​លើ​អ៊ីរ៉ង់​។ មួយវិញទៀត​កិច្ចព្រមព្រៀង​ដែល​បាន​ធ្វើឡើង​ដោយ​អាមេរិក និង​ប្រទេស​មហា​អំណាច​ផ្សេងទៀត​នៅ​លើ​ពិភពលោក នឹង​មិន​អាច​រារាំង​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​បានទេ តែ​ផ្ទុយទៅវិញ​វា​គឺជា​ផ្លូវ​មួយ​សម្រាប់​ឱ្យ​អ៊ីរ៉ង់​ធ្វើ​សកម្មភាព​នុយក្លេអ៊ែរ​ទៅវិញ​។


​ជា​ការកត់សម្គាល់​ឆ្លើយតប​នឹង​ប្រតិកម្ម​របស់​លោកនេតា​ន់​យ៉ា​ហ៊ូ​ដែល​បាន​ថ្លែង​ក្នុង​សភា​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​ទី​០៣​មីនា លោក​អូ​បា​ម៉ា​ក៏​បាន​បញ្ជាក់​ដែរ​ថា ការអះអាង​របស់​លោក​នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល​រូបនេះ មិនមាន​អ្វី​ថ្មី​នោះ​ទេ​។ លោក​អូ​បា​ម៉ា​បន្ដថា លោកនេតា​ន់​យ៉ា​ហ៊ូ មិន​បាន​ផ្ដល់​ជម្រើស​មួយ​ស្ថិតស្ថេរ សម្រាប់​កិច្ចចរចា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នាពេល​បច្ចុប្បន្ន​នេះ​ទេ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត