ចិន​ចាប់ផ្ដើម​បើក​កិច្ច​ប្រជុំ​​ប្រចាំ​ឆ្នាំ​​ស្ដី​ពី​​គោល​នយោបាយ​​ឆ្នាំ​​២០១៥​

04-03-2015 7:25 pm 1377
ក្នុងកិច្ចប្រជុំប្រចំាឆ្នាំស្ដីពីគោលនយោបាយកាលពីថ្ងៃ០៣កុម្ភៈក្នុងទីក្រុងហុងកុង

កាលពី​ថ្ងៃ​ទី​០៣​មីនា ចិន​ចាប់ផ្ដើម​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​មួយ​នៅក្នុង​ទីក្រុង​ប៉េកាំង និយាយ​អំពី​គោលនយោបាយ​និង​អភិបាលកិច្ច​ល្អ​ក្នុង​សង្គម​ចិន​។ នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នេះ មាន​សមាជិក​ប្រមាណ​២០០០​នាក់​ចូលរួម​ពិភាក្សា​។ ជាមួយគ្នា​នោះ មេដឹកនាំ​ជាន់​ម្នាក់​របស់​គណបក្ស​កុម្មុនិស្ដ​ចិន​លោក​Yu Zhengsheng​បាន​និយាយថា កិច្ចប្រជុំ​គោលនយោបាយ​របស់​ចិន​សម្រាប់​ឆ្នាំ​២០១៥ គឺ​មាន​សារៈ​សំខាន់​​ណាស់​សម្រាប់​ធ្វើ​កំណែទម្រង់​ច្បាប់​ចិន​ឱ្យ​ស៊ីជម្រៅ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​ធ្វើ​កំណែទម្រង់​ទៅលើ​បក្ស​នី​មួយៗ ដើម្បី​ពួតដៃគ្នា​ធ្វើឱ្យ​ប្រទេស​រីកចម្រើន គ្មាន​ការខ្វែងគំនិត​គ្នា​និង​បែកបាក់​សាមគ្គី​ភាព​។​


​លោក​Zhengsheng​ប្ដេជ្ញា​ថា ត្រូវតែ​ពង្រឹង​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ ដើម្បី​ឱ្យ​ប្រទេស​មាន​សណ្ដាប់ធ្នាប់​ល្អ​និង​គ្មាន​ការស៊ីសំណូក​។ ក្នុង​កិច្ចប្រជុំ​ដដែល​មេដឹកនាំ​ជាន់ខ្ពស់​នៃ​បក្សកុម្មុយនិស្ដ​ចិន​រូបនេះ បាន​ជំរុញ​ឱ្យ​ទីក្រុង​ទាំងមូល​ដែល​ស្ថិត​ក្នុង​ការគ្រប់គ្រងរ​បស់​ចិន ត្រូវ​រៀបចំ​និតិរដ្ឋ​ឡើងវិញ ដើម្បី​ធានា​ឱ្យបាន​នូវ​អភិបាលកិច្ច​ល្អ​ក្នុង​សង្គម​ចិន​ទាំងមូល​។


​លោក​បាន​លើក​ឧទាហណ៍​មួយ​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​។​លោក​Zhengsheng​ថា ការធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង គឺ​មាន​ឧទាហណ៍​រួចជាស្រេច ព្រោះ​អភិបាលក្រុង​ហុងកុង​មាន​ការធ្វេសប្រហែស​ក្នុង​ការគ្រប់គ្រង ដែល​បណ្ដាល​ឱ្យ​មនុស្ស​រាប់ពាន់​នាក់​ស្រែក​តវ៉ា ដែល​ធ្វើឱ្យ​ទីក្រុង​គ្មាន​សណ្ដាប់ធ្នាប់​។


​ដូច្នេះ​លោក​Zhengsheng​ដដែល បាន​ជំរុញ​ឱ្យ​អភិបាល​ក្រុង​ហុងកុង​និង​ទីក្រុង​ម៉ា​កាវ ត្រូវ​ប្រមូល​មតិ​ប្រជាជន​រស់នៅ​តំបន់​ទាំងពីរ​នេះ ដើម្បី​ស្ដាប់​មតិ​ពី​ប្រជាជន​។ បើសិន​ជា​មតិ​របស់​ប្រជាជន​ផ្ទុយ​ពី​ច្បាប់​ចិន គឺ​ត្រូវ​សម្របសម្រួល​និង​ពិភាក្សា​រក​ដំណោះស្រាយ ដោយ​ជៀសវាង​កុំឱ្យ​មាន​បាតុកម្មហិង្សា​កើតឡើង​តទៅទៀត​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត