សៀវភៅ​”​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ​ជា​ឥស្ស​ជន​អមតៈ​” រំលេច​ពី​ស្នាម​ព្រះ​ហ​ស្ថ​ដ៏​អស្ចារ្យ​

02-03-2015 2:26 am 5330

​នៅក្នុង​នាទី​ម្ចាស់​ស្នាដៃ​នៅថ្ងៃនេះ ឡេង ដេត និង​លើក​យក​សៀវភៅ មួយ​ដែល​មាន​ចំណងជើង​ថា សម្តេច​ព្រះបាទ​នរោត្តម សីហនុ ជា​ឥស្សរៈជន​អមតៈ ដែល​ជា​ម្រង​អនុស្សាវរីយ៍​នៃ​ការចូ​ល​ទិវង្គត របស់​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ជា​ព្រះមហាវិរៈក្សត្រ​របស់​កម្ពុជា​។

 

​សៀវភៅ​កម្រង​អនុ​ស្សាវ​វី​យ៍នៃការ​ចូល​ទិវង្គត​របស់ ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ជា​សៀវភៅ​ដែល ចងក្រង​ដោយ លោក អាង គឹម អៀង ប្រធាន​ទី​ភ្នាក់ងារទេសចរណ៍ Great Ankor Tours និង​លោក គី សុខ​លីម នាយក​គ្រប់គ្រង​សេវាកម្ម ផលិត​ឯកសារ​គ្រប់​ប្រភេទ HDS និង​ជា​សមាជិក​គណៈកម្មាធិកា​រនា​យក នៃ​ក្លិប​អ្នកកាសែត​កម្ពុជា​។

 

សៀវភៅ​នេះ បោះពុម្ពផ្សាយ​នៅ​ដើម ឆ្នាំ ២០១៣ បន្ទាប់​ពី​ការ​សោយ​ទិវង្គត សម្តេចព្រះ នរោត្តម សីហនុ​។ បើ​តាម​លោក អាង គឹម​អៀង ថ្លែង​ក្នុង​អារម្ភ​កថា ឲ្យដឹងថា សៀវភៅ​នេះ ចងក្រង​ឡើង​ដើម្បី ចូលរួម​វិភាគទាន​ជា​មួយ រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជាតិ​ខ្មែរ ក្នុង​កិច្ច​តបស្នង​សងគុណ​ចំពោះ ព្រះមហា​គុណូបការៈ របស់​សម្តេច​ព្រះ​មហា​វិរក្សត្រ ព្រះ​វ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ទឹកដី និង​ជាតិខ្មែរ​។​

 

​សៀវភៅ​ដែលមាន​ចំណងជើង​ថា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ជា​ឥស្សរៈជន​អមតៈ​នេះ គឺជា​កម្រង​អនុ​វស្សា​វ​រីយ៍ ស្តី​ពី​ការយាង​ចូល​ព្រះ​ទិវង្គត របស់​សម្តេច នរោត្តម សីហនុ គឺជា​សៀវភៅ​មួយ ដែល​បង្ហាញ​ពី កេរ្តិ៍ឈ្មោះ ស្នាម​ព្រះ​ហ​ស្ថ (​ស្នាដៃ​) និង​ជីវប្រវត្តិ​តស៊ូ របស់​ព្រះអង្គ ដែល​ជា​ស្តេច​ល្បី នៅ​ទូ​រទាំង​ពិភពលោក​។ ព្រោះ​ការយាង​ចូល​ទិវង្គត​នេះ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​ទាំង​ក្នុងប្រទេស និង​នៅលើ​ពិភពលោក បាន​ចូលរួម​កាន់​ព្រះ​មរណទុក្ខ​របស់​ព្រះអង្គ​។​


​ក្រៅពីនេះ គឺ​បាន​បង្ហាញ​ពី​ព្រះនាម ៣ យ៉ាង ដែល​ព្រះមហាក្សត្រ កម្ពុជា​មាន គឺ​ទី​១ ព្រះបរមនាម ជា​ព្រះមហាក្សត្រ ដែល​មាន​នាម​ថា រាជ​ហរិ​វង្ស ឧភតោ​សុជាតិ វិសុទ្ធ​ពង្ស អគ្គ​មហា​បុរស​រតន៍ និករោ​ត្ត​ម ធម្មិក​មហា​រាជាធិរា​ជ បរមនាថ បរម​បពិត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​។ ព្រះនាម​ទី​២ គឺ​ព្រះបរមនាម​កិត្តិយស ដែល​មាន​នាម​ថា ព្រះមហា​វីវ​ក្សត្រ ព្រះ​វ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ​។ រីឯ​ព្រះនាម​ទី​៣ គឺ​ព្រះនាម​ដែល​ស្តេច​ខ្មែរ​ស្ទើរ​គ្រប់​អង្គ​តែងតែ​ទទួលបាន តាំងពី​សម័យអង្គរ​ម​ក គឺ​បរម​ប​ឆ្ឆា​មរណនាម (​ព្រះនាម​ដែល​ទ្រង់​សោយ​ទិវង្គត់​) ដែល​មាន​នាម​ថា ព្រះ​បរម​រតនៈ​កោដ្ឋ​។


​ក្នុង​កម្រង​សៀវភៅ ដដែល​នេះ បានបង្ហាញ​ថា សម្តេច នរោត្ត សីហនុ ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កត្តិក ឆ្នាំច ត្រូវ​នឹង​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ នៅ​រាជធានី​ភ្នំពេញ​។ ព្រះអង្គ​ជា​ព្រះរាជបុត្រ​របស់ ព្រះបាទ​សម្តេចព្រះ នរោត្តម សុរាម្រិត និង​ព្រះ​មហា​ក្រត្រិយានី ស៊ីសុវត្ថិ មុនី​វង្ស កុសមៈ​នារីរ័ត្ន សិរី​វ​ឌ្ឈ​នា​។​


​ពី​ឆ្នាំ ១៩៣០ ដល់​ឆ្នាំ ១៩៤០ ព្រះអង្គ​បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា​ហ្វ្រង់​ស័រ បូ​ឌូ​អ៊ីន​(Francois Baudion) និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ​។ បន្ទាប់មក​ព្រះអង្គ​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​បារាំង សាស​ឡូ​បា (Chasseloup Laubat) នៅ​ទីក្រុង​ព្រៃនគរ ប្រទេស​វៀតណាម​ខាងត្បូង​។​


​នៅ​ថ្ងៃ​ទី ២៣ មេសា ឆ្នាំ ១៩៤១ ក្រោយ​ពី​ព្រះ​អយ្យ​កោ ព្រះបាទ​ស៊ី​សុវត្ថិ មុនី​វង្ស​ចូល​ទិវង្គត សម្តេចព្រះ​នរោត្តម សីហនុ ដែល​កាលនោះ​មាន​ព្រះជន្ម ១៨ ព្រះវស្សា ត្រូវបាន​ក្រុមប្រឹក្សា​ព្រះ​រាជសម្បត្តិ​ក្នុងសម័យ​នោះ ជ្រើសតាំង ព្រះអង្គ ជា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


​ព្រះអង្គ​បាន​សោយ​រាជ នៅ​ថ្ងៃ​ទី ២៨ ខែតុលា ឆ្នាំ​១៩៤២​។ ខណៈ​ដែល​ប្រទេស​កម្ពុជា​ស្ថិត​នៅក្រោម​អាណានិគម​បា​រ៉ាង និង​ជា​ផ្នែក​មួយ​នៃ​តំបន់​ឥណ្ឌូចិន​របស់​បារាំង​។ នៅ​ឆ្នាំ ១៩៤១ ដល់​ឆ្នាំ ១៩៤៨ ព្រះអង្គ​បាន​បន្ត​ការសិក្សា​នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាសដែក ក្នុ​ទីក្រុង Saumur ប្រទេស​បារាំង​។​


​ក្នុង​ឆ្នាំ ១៩៤៧ ព្រះអង្គ​បាន​ទទួល​ជោគជ័យ​ក្នុង​ការទាមទារ​ឲ្យ​ថៃ​សងខេត្ត ៤ មក​កម្ពុជា​វិញ គឺ​ខេត្ត​បាត់ដំបង សៀមរាប សិរី​សោភ័ណ្ឌ និង​ឧត្តរមានជ័យ ដែល​ថៃ​គ្រប់គ្រង​អំឡុង​ពេល​សង្គ្រាមលោកលើកទី​២​។ ឆ្នាំ​១៩៤៩ ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា អាណាព្យបាល ដែល​ចុះហត្ថលេខា នៅ​ឆ្នាំ ១៨៦៣ និង ឆ្នាំ​១៨៨៤​។ ពី​ឆ្នាំ ១៩៥២ ដល់​ឆ្នាំ ១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ ១០០​ភាគរយ​ជូន​ជាតិ​មាតុភូមិ​។​


​នៅ​ថ្ង​ទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ដោយ​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពេញលេញ​ពី​សាធារណរដ្ឋ​បារាំង ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស បាន​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ​ជា “​ព្រះមហា​វិរ​បុរសជាតិ​-​ព្រះបិតា​ឯករាជ្យ​ជាង​”​។​


​នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ១៩៥៥ ព្រះអង្គ​បាន​ទទួល​មហា​ជោគជ័យ​ក្នុង​ការបោះឆ្នោត​សភាជាតិ ក្រោម​ការគាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរដ៍​ច្រើន​លើសលប់​។ ព្រះអង្គ​បាន​ទទួល​ព្រះរាជ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ជា​ប្រមុខ​នៃ​ប្រជារាស្ត្រ​ខ្មែរ ដោយ​ព្រះអង្គ​បាន​បំពេញ​រាជ​កិច្ចដឹកនាំ ដើម្បី​អភិវឌ្ឍ​កម្ពុជា​គ្រប់​វិស័យ​នៃ​ការកសាង​ជាតិ ជាពិសេស​លើកស្ទួយ​នារី​ឲ្យមាន​សិទ្ធ​ស្មើភាព​នឹង​បុរស​ក្នុង​ការងារ​។​


​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវិរក្សត្រ​ខ្មែរ បាន​សោយ​ទិវង្គត នៅ​ថ្ងៃ​ទី ១៥ តុលា ឆ្នាំ ២០១២ ពោល​គឺ ១៦ ថ្ងៃមុន​ពិធី​ចម្រើន​ព្រះជន្ម​គម្រប់ ៩០​ព្រះវស្សា នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​
​ស្នាម​ព្រះហស្ត​របស់​ព្រះអង្គ​នេះ បាន​ធ្វើឲ្យ​ព្រះអង្គ​ក្លាយ​ជា​ក្សត្រ​ខ្មែរ ដែល​ល្បី​នៅ​ទូទាំង​ពិភពលោក​។

 

អំឡុងពេល​នៃ​ការយាង​ចូល​ទិវង្គត របស់​ព្រះអង្គ មាន​ការចូលរួម​រំលែក​ព្រះរាជ​មរណទុក្ខ​ពី​សំណាក់ សម្តេចព្រះសង្ឃរាជ និង​មន្ត្រី​សង្ឃ​ជាច្រើន​អង្គ​ទៀត ព្រម​ទាំ​មន្ត្រីជាន់ខ្ពស់ នានា​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រៅពីនេះ ក៏​មាន​សារ​រំលែក​ព្រះ​បរម​មរណទុក្ខ និង​សោកស្តាយ​ពី​សំណាក​ថ្នាក់ដឹកនាំ និង​អតីត​ថ្នាក់ដឹកនាំ​បរទេស​នានា​នៅលើ​ពិភពលោក​ផងដែរ​។​


​យោង​តាម​បទ​សម្ភាស៍ រវាង​ក្រុម​ការងារ​ចងក្រង​សៀវភៅ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ជា​ឥស្សរជន​អមតៈ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ត្រូវជា​ក្មួយ និង​ជា​អតីត​លេខា​ផ្ទាល់​របស់​ព្រះ សម្តេច នរោត្តម សីហនុ ព្រះអង្គ​ស៊ីសុវត្ថិ ធម្មិកោ បាន​លើកឡើង​ថា សម្រាប់​ព្រះអង្គ សម្តេច​សីហនុ ជា​បញ្ញវន្ត​មួយរូប​។ ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​កេរដំណែល​នយោបាយ​របស់​ព្រះករុណា​ដូច​ជា​ការទាមទារឯ​ក​រាជ្យ និង​ធ្វើឲ្យ​ប្រទេស​មាន​សន្តិភាព​ជាដើម​៕(ដោយៈ ឡេង ដេត)

ព័ត៌មានផ្សេងទៀត