លោក​ឃែ​រី​​គ្រោង​​បើក​​កិច្ច​​ពិភាក្សា​​ជាមួយ​​រុស្ស៊ី​​និង​​អ៊ីរ៉ង់​​នៅ​​សប្ដាហ៍​​ក្រោយ​​

28-02-2015 12:23 am 1394
រដ្ឋមន្រ្តីការបរទេសអាមេរិកលោកចនឃែរី

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ច​ន​ឃែ​រីនឹង​ជួប​ជាមួយ​សម​ភាគី​រុស្ស៊ី​លោក Sergei Lavrov និង​សម​ភាគី​អ៊ីរ៉ង់​លោក Mohammad- Javad Zarif ដើម្បី​បើក​កិច្ចប្រជុំ​មួយ​។ កិច្ចប្រជុំ​នោះ នឹង​ប្រព្រឹត្តទៅ​នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ប្រទេស​ស្វីស​។ កិច្ចប្រជុំ​ដដែល​គឺ​ផ្ដោត​សំខាន់​ទៅលើ កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ស្ថានភាព​អសន្តិសុខ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន ។


​បើតាម​អ្នកនាំពាក្យ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ស្រី​Jennifer Psaki​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៦​កុម្ភៈ​ថា លោកឃែ​រីនឹង​ពិភាក្សា​រួម​គ្នា​ជាមួយ​សម​ភាគី​ប្រទេស​អ៊ីរ៉ង់​និង​រុស្ស៊ី​។ កិច្ចពិភាក្សា​ទី​១​និយាយ​អំពី​ស្ថានភាព​អសន្តិសុខ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន​។ ភាព​អសន្តិសុខ​នៅ​តំបន់​នោះ គឺ​មិន​ទាន់​មាន​ភាពល្អប្រសើរ​នោះទេ ពោល​គឺ​នៅតែ​លឺស្នូរ​គ្រាប់កាំភ្លើង​ធុន​ធ្ងន់ វាយប្រហារ​ទៅ​វិញ​​ទៅមក​រវាង​កង​ទ័ព​អ៊ុ​យក្រែន និង​ក្រុម​ឧទ្ទាម​គ្រាំទ្រ​រុស្ស៊ី​។


​លើសពីនេះទៅទៀត លោកឃែ​រីនឹង​ចោទ​សំនួរ​មួយចំនួន​ថា នៅពេល​ដែល​រុស្ស៊ី​និង​អ៊ុយ​ក្រែន​បានចុះ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នៅក្នុង​ទីក្រុង​Minsk​កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ ហើយ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១៥​កុម្ភៈ​ហើយ​នោះ តើ​ហេតុអ្វី​បាន​ជា​ប្រទេស​ទាំង​ពីរ​នៅតែ​បញ្ចេញ​សាច់ដុំ​ដាក់គ្នា​ដូច្នេះ​។​ សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​កងទ័ព​អ៊ុ​យក្រែន បានចាប់ផ្ដើម​ដក​អាវុធ​ធុន​ធ្ងន់​ជា​បណ្ដើរៗ​ហើយ ខណៈ​ដែល​ក្រុម​ឧទ្ទាម​គាំទ្រ​រុស្ស៊ី​ស្វែងរក​ឯករាជ្យភាព​នៃ​បទ​ឈប់​បាញ់​។​


​រីឯ កិច្ចពិភាក្សា​ទី​២​នឹង​បើក​កិច្ចចរចារ​ចម្រូងចម្រាស​មួយ ពាក់ព័ន្ធ​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ព្រោះ​កិច្ចចរចា​កន្លង​មិន​ដែល​ទទួលបាន​ជោគជ័យ​នោះ​ទេ​។ អ្នកនាំពាក្យ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​បន្ថែម​ដែរ​ថា កិច្ចចរចា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មាន​ការចូលរួម​ពី​ប្រទេស​មហាអំណាច​5+1 គឺ​អាមេរិក រុស្ស៊ី អាល្លឺម៉ង់ ចិន អង់គ្លេស និង​បារាំង​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត