សភា​ថៃ​​បោះឆ្នោត​​រក​ការ​គាំទ្រ​​ឱ្យ​​បង្កើត​​ច្បាប់​​រឹតបន្ដឹង​​ការធ្វើ​​បាតុកម្ម​

27-02-2015 12:16 am 1579
ការតវ៉ារបស់ក្រុមបាតុករថៃកន្លងមក

​សភា​ថៃ​នៅ​ថ្ងៃ​ទី​២៦​កុម្ភៈ​នេះ  បាន​បោះឆ្នោត​ស្វែងរក​សំឡេង​គាំទ្រ​ឱ្យ​បង្កើត​ច្បាប់​ថ្មី រឹតបន្ដឹង​ទៅលើ​ក្បួន​បាតុកម្ម​នយោបាយ​។  ពាក់ព័ន្ធ​នឹង​ការបង្កើត​ច្បាប់​រឹតបន្ដឹង​លើ​ក្បួន​បាតុកម្ម​នយោបាយ​នេះ អ្នកនាំពាក្យ​របប​យោធា​ថៃ​បាន​បញ្ជាក់​ដូច្នេះ​ថា “​ច្បាប់​ថ្មី​នេះ​នឹង​រឹតបន្ដឹង​ទៅលើ​ពេលវេលា ទីកន្លែង និង​អាកប្បកិរិយា​របស់​ក្រុមបាតុករ ប៉ុន្ដែ​ច្បាប់​នេះ​មិន​បាន​ហាម​មិនឱ្យ​តវ៉ា​ទេ​”​។ លោក​បន្ដថា “​ច្បាប់​នេះ​មិនមែន​បង្កើតឡើង​ដើម្បី​ការពារ​មិនឱ្យ​មាន​ការតវ៉ា​ទេ តែ ផ្ទុយទៅវិញ បង្កើតឡើង​ក្នុង​គោលបំណង​ផ្ដល់​នូវ​បទបញ្ជា​ដល់​ការប្រមូលផ្ដុំ​ជា​សាធារណៈ​” ។​


​ប៉ុន្ដែ​ទោះជា​មាន​ការអះអាង​បែប​នេះ​ក្ដី ក្រុម​អ្នក​រិះគន់​បាន​លើកឡើង​ថា​ច្បាប់​រឹតបន្ដឹង​លើ​ការតវ៉ា​នេះ នឹង​បង្ក​ការរារាំង ហើយ​នឹង​ចូលខ្លួន​មក​ជំនួស​ច្បាប់​អាជ្ញាសឹក នៅពេល​ណា​ច្បាប់អាជ្ញាសឹក​ត្រូវបាន​ដកចេញ​។ ក្រុម​អ្នក​រិះគន់​ក្នុង​ប្រទេស​ថៃ​បាន​បន្ថែមទៀតថា “​ច្បាប់​ថ្មី​នេះ នឹង​ចូលមក​គ្រប់គ្រង​លើ​អ្នក​តវ៉ា​ជា​លក្ខណៈ​នយោបាយ ហើយ​អាច​ជួយ​ដល់​របប​យោធា​ថៃ ប្រឆាំង​រារាំង​នឹង​ចលនា​ផ្សេងៗ និង​អាច​ការពារ​ច្បាប់​មិនឱ្យ​មាន​ការប្រឆាំង​របស់របប​យោធា​ថៃឱ្យ​កាន់តែ​ខ្លាំង​ជាង​មុន​”​។


​ដោយឡែក​ចំពោះ​អ្នកនាំពាក្យ​ក្រុម​សកម្មជន​រណសិរ្ស​រួបរួម​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ប្រឆាំង​នឹង​របប​ផ្ដាច់ការ ដែល​ជា​ក្រុមគាំទ្រ​ដល់​អតីត​នាយករដ្ឋមន្ដ្រី​ថៃ​លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​បាន​ឱ្យដឹងថា ច្បាប់​រឹតបន្ដឹង​លើ​ការធ្វើ​បាតុកម្ម នឹង​មក​ជំនួស​ច្បាប់អាជ្ញាសឹក គ្រប់គ្រង​លើ​ក្រុម​តវ៉ា ដែល​នេះ​ជា​ការរំលោភ​សិទ្ធិមនុស្ស​មួយ​។


​រីឯ​លោក​Matthew Smith ជា​នាយក​ប្រតិ​ប​ត្ដិ​នៃ​អង្គការ​សិទ្ធិមនុស្ស​Fortify Rights ជា​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បាន​និយាយ​ដែរ​ថា វា​នឹង​មាន​ការលំបាក​សម្រាប់​ប្រទេស​ថៃ ដើម្បី​អះអាងថា​ច្បាប់​ថ្មី​អាច​ទាញ​ចំណាប់អារម្មណ៍​ពី​សាធារណជន​។ តែ​ផ្ទុយទៅវិញ វា​ហាក់ដូចជា​ការផ្លាស់ប្ដូរ​មួយ​ដែល​មិន​សមស្រប ជាមួយនឹង​កាតព្វកិច្ច​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ថៃ​។


​គួររម្លឹកថា ថៃ​បាន​ជួប​ភាពចលាចល​នយោបាយ​ជា​ថ្មី​តាំងពី​ឆ្នាំ​២០១៤​មក​ម្លេះ​។ បន្ទាប់មក កងទ័ព​បាន​ធ្វើ​រដ្ឋប្រហា​រ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត លោកស្រី​យី​ង​ឡាក់​ចោល​កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤​។ ច្បាប់អាជ្ញាសឹក​ត្រូវបាន​ប្រើ​ក្នុងប្រទេស​ថៃ តាំងពី​មុន​ការធ្វើ​រដ្ឋប្រហារ​ទៅទៀត ហើយ​បន្ដ​ដល់ពេល​បច្ចុប្បន្ន ក្រៅតែពី​តំបន់ឧស្សាហកម្ម​ទេសច​រណ៍​ប៉ុណ្ណោះ​។ ច្បាប់អាជ្ញាសឹក​ក៏​រាប់បញ្ចូល​ការហាម​មិន​ឱ្យ​ប្រមូលផ្ដុំ​ជា​សាធារណៈ ដែល​មាន​មនុស្ស​លើសពី​៥​នាក់​ផង​ដែរ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត