លោក​ច​ន​ ឃើ​រី​​ស្តីបន្ទោស​​អ៊ីស្រាអែល​​ចំពោះ​​ការមិនគាំទ្រ​​ការចរចា​​នុយក្លេអ៊ែរ​​អ៊ីរ៉ង់​

26-02-2015 7:35 pm 2170

​ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច រវាង​អ៊ីស្រាអែល​និង​សហរដ្ឋអាមេរិក បាន​នឹង​កំពុង​ជួប​ភាពចម្រូងចម្រាស់​នឹង​គ្នា​។ ភាពចម្រូងចម្រាស់ គឺ​ទាក់ទង​នឹង​ការសម្រេចចិត្ត​លើ​ការពិភាក្សា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ កាលពី​ថ្ងៃ​ពុធ​ទី​២៥​កុម្ភៈ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ច​ន​ឃើ​រី បាន​ស្តីបន្ទោស​ចំៗ​ទៅ​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ប៊េយ៉ា​មីន នេ​តាន់​យ៉ា​ហ៊ូ​ថា បាន​ធ្វើ​ខុស​ខណៈដែល​លោក​សម្រេចចិត្ត ប្រឆាំង​ទៅនឹង​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​


​ការស្តីបន្ទោស​នេះ​បាន​ធ្វើឡើង ខណៈ​ដែល​លោកយ៉ា​ហ៊ូនឹ​ង​បំពេញ​ទស្សនកិច្ច​ទៅកាន់​អាមេរិក​នៅ​សប្តាហ៍​ក្រោយនេះ​។ ជា​ដំណើរ​ទស្សនកិច្ច​មួយ​តប​តាម​ការអញ្ជើញ​ពី​សំណាក់​លោក ច​ន បេន​នឺ​(John Boehner) សមាជិក​គណបក្ស​សាធារណរដ្ឋ​។ នៅក្នុង​ដំណើ​ទស្សនកិច្ច​នោះ​គេ​រំពឹង​ថា​លោកយ៉ា​ហ៊ូ នឹង​បញ្ជាក់​ជាថ្មី​ម្តងទៀត នូវ​គោលបំណង​ជំទាស់​លើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទៅកាន់​អាមេរិក​។


​ជា​ការកត់សំគាល់ ការអញ្ជើញ​នោះ​ទៀតសោធ​លោក​ច​ន បេន​នឺ​(John Boehner) មិន​បាន​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​បា​រ៉ាក់ ​អូបា​ម៉ា​នោះទេ​។ ទន្ទឹម​នឹង​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​មិន​បង្ហាញ​ឆន្ទះ​គាំទ្រ​ការពិភាក្សា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ សេត​វិមាន​អាមេរិក​បាន​ប្រាប់ឲ្យដឹង​ថា លោក​ប្រធានាធិបតី​អាមេរិក​នឹងមិន​ជួប​មុខ​លោកយ៉ា​ហ៊ូ​ឡើយ ពេល​ដែល​សម​ភាគី​របស់​ខ្លួន​មាន​វត្តមាន​នៅ​ទឹកដី​ក្រុង​វ៉ាស៊ីនតោន​។​


​បើ​យោង​ទៅតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីន​ហួរ បាន​ដកស្រង់​សំដី​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ពុធ​បានឲ្យដឹងថា លោកយ៉ា​ហ៊ូ​រិះគន់​ទៅ​លើ​អាមេរិក​ដែល​ដឹកនាំ​ការចរចារ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ លោកយ៉ា​ហ៊ូបាន​បន្ថែមថា មហាអំណាច​ទាំង​៦​មាន​អាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង និង​អាល្លឺម៉ង់ បាន​ទទួលស្គាល់​ការពិត​បន្តិច​ម្តងៗ​ជាច្រើន​ឆ្នាំ​មក​ហើយ​ថា អ៊ីរ៉ង់​នឹង​អភិវឌ្ឍន៍​នូវ​សមត្ថភាព​របស់​ខ្លួន ដើម្បី​បង្កើត​គ្រាប់បែក​នុយក្លេអ៊ែរ​។ លោក​ថា​ប្រហែលជា​ពួកគេ​ទាំងនោះ​អាច​រស់នៅ​ជាមួយ​បញ្ហា​ទាំងនោះ​បាន ប៉ុន្តែ​សម្រាប់​លោក​មិន​អាច​នោះទេ​។


​គួរ​រម្លឹក​ផងដែរ​ថា អ៊ីស្រាអែល​និង​ទី​ក្រុងតេអេ​រ៉ង់​មិន​ដែល​ត្រូវ​គ្នា​នោះ​ទេ ហេតុនេះ​អ៊ីស្រាអែល​ភ័យខ្លាច​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ ទទួលបាន​ជោគជ័យ​នៅ​ក្នុង​ការពិភាក្សា​នុយក្លេអ៊ែរ និង​ផលិត​គ្រាប់បែក​នុយក្លែអ៊ែរ​កម្ទេច​អ៊ីស្រាអែល​៕​(​ដោយ​៖​អ៊ុន សុខ​ឡា​)


ព័ត៌មានផ្សេងទៀត