​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន​​​៣ថ្ងៃ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​សម្លាប់​​មនុស្ស​​២១​​នាក់​​ របួស​​​១៣១​​នាក់​​​​

22-02-2015 2:09 am 1513

​គ្រោះថ្នាក់​ចរាចរណ៏​ផ្លូវគោក នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១៨, ១៩ និង​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ  បាន​កើតឡើង​ចំនួន​៧៦​លើក សម្លាប់​មនុស្ស ចំនួន​២១​នាក់ និង​របួសធ្ងន់ និង​ស្រាល ចំនួន ១៣១ នាក់​។​

 

​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបង្ហាញ​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង នៅ​ទូទាំង​ប្រទេស​ចំនួន ១០​លើក បណ្តាលឲ្យ​មនុស្ស ស្លាប់​ចំនួន ០៥​នាក់ របួសធ្ងន់ ០៥​នាក់ និង​របួសស្រាល​១១​នាក់​។​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ចំនួន ៣៤​លើក បណ្តាលឲ្យ​មនុស្ស ស្លាប់​ចំនួន ៩​នាក់ របួសធ្ងន់ ៥៧​នាក់ និង​របួសស្រាល ២៤​នាក់​និង​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ  មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ចំនួន ២២​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់ ចំនួន​០៧​នាក់ របួសធ្ងន់ ១៩​នាក់ និង​របួសស្រាល ១៥​នាក់​។​

 

​ចំនួន​អ្នក​ស្លាប់​ទាំង​២១​នាក់ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន ឆ្នាំ​២០១៥​នេះ ត្រូវ​គេ​ឃើញ ថា​មាន​បាន​ថយ​ចុះ​គួរឲ្យកត់សម្គាល់ ដោយ​ឆ្នាំ​២០១៤ មាន​អ្នក​ស្លាប់​ប្រមាណ ៤០​នាក់ នៅ​ឆ្នាំ​២០១៣ មាន​៦៣​នាក់ និង​នៅក្នុង​ឆ្នាំ​២០១២ មាន​ចំនួន​៣៧​នាក់​។​

 

​អ្នកស្លាប់ របួស ពិការ ដែល​បង្ក​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅតែ​ជា​បញ្ហា​ប្រឈម​ចំពោះ​សុខមាលភាព សាធារណៈ និង​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ របស់​រាជរដ្ឋាភិបាល​។ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បើទោះជា​មាន​ការខិតខំ​ប្រឹងប្រែង ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​ការខិតខំ​រឹតបន្តឹង ការអនុវត្ត​ន៏​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាងណាក្តី ក៏​បញ្ហា​នេះ​នៅតែ​ជា​បញ្ហា​ប្រឈម ចំពោះ​ការបាត់បង់​អាយុជិវីត ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ផ្លូវ​គួរឱ្យ​បារ​ម្មរណ៍​។ យោងតាម​របាយការណ៍​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍ បាន​សម្លាប់​មនុស្ស​ជា​មធ្យម​ជាង ៥​នាក់​ក្នុង ១​ថ្ងៃ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​រង​គ្រោះ​ដោយ​ហេតុការណ៍​ដ៏​គ្រោះថ្នាក់​នេះ​។

 

​យោង​តាម​របាយ​ការ​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ឆ្នាំ​២០១៤ បាន​កើតឡើង​ចំនួន​៤.៨៤០​លើក បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៣ កើនឡើង​១៣%​។ ក្នុង​ករណី​ទាំង​៤៨៤០​លើក​នេះ បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​២.១៤៨​នាក់ កើនឡើង​១៣% និង​របួសធ្ងន់​ចំនួន​៤.៦៥៤​នាក់ កើនឡើង​១១% របួសស្រាល ៣.៤០៣​នាក់ កើនឡើង​១៣% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​។
​មាន​កត្តា​ច្រើនយ៉ាង ដែលនាំអោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ ដូច​ជា​កត្តា​មនុស្ស និង​កត្តា​យានយន្ត ការបើកបរ​ហួស​ល្បឿន​កំណត់ និង​ការបើកបរ ស្ថិត ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ជាដើម​។​

 

​គួររម្លឹកថា បើ​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៣ ដែល​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានបង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៣ បាន​ធ្វើឲ្យ​កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ​ជា​៣២៩​លាន​ដុល្លា អាមេរិក ហើយ​ភាគច្រើន​នៃ​អ្នកបង្ករ​គ្រោះថ្នាក់ ជា​យុវជន និង​មនុស្ស​ពេញកំលាំង​រក​ប្រាក់ចំណូល មាន​អាយុ​ចាប់ពី​១៥​ដល់​៤០​ឆ្នាំ​។ យ៉ាង​ណាក៏​ដោយ​ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៥​នេះ ត្រូវបាន​គេ​រំពឹង អាច​នឹង​មាន​ការកាត់បន្ថយ ដោយសារ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​នឹង​ត្រូវ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ មានការ​រឹតបន្តឹង​ច្រើន​៕​ដោយៈ​សៅ វិសាល​

   

ព័ត៌មានផ្សេងទៀត