តើ​ក្រុម​​អ៊ីស្លាម​​ជ្រុលនិយម​​IS​​ជា​នរណា​​ទើប​​សម្លាប់​​មនុស្ស​​មិន​​ញញើត​​ដៃ​​បែបនេះ​?

18-02-2015 1:25 am 5282
កងទ័ពក្រុមអ៊ីស្លាមIS

​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ យើង​មាន​កិច្ចសន្ទនា​រវាង​អ៊ុន សុខ​ឡា​ជាមួយ​ពេញ ផេង ទាក់ទង​ទៅនឹង​ក្រុម​សកម្មប្រយុទ្ធ​មក​ពី​រដ្ឋ​អ៊ីស្លាម​(IS)​។ មួយ​រយៈពេល​ចុងក្រោយ​នេះ ក្រុម​IS​បានធ្វើ​សកម្មភាព​កាន់តែ​ខ្លាំង​ជាង​មុន ដោយ​បាន​សម្លាប់​ចំណាប់ខ្មាំង​ជា​បន្ដបន្ទាប់​មិន​ញញើត​ដៃ​ឡើយ​។ ជាក់ស្ដែង​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​កុម្ភៈ ពួកគេ​បាន​បង្ហោះ​វីដេអូ​កាត់​ក្បាល​ជនជាតិ​អេ​ហ្ស៊ី​ប​២១​នាក់ បង្ក​ការភ្ញាក់ផ្អើល​សារជាថ្មី​ពេញ​ពិភពលោក​។ សកម្មភាព​របស់​ពួកគេ បានធ្វើឱ្យ​អន្ដរជាតិ​ថ្កោលទោស​យ៉ាងខ្លាំង ព្រមទាំង​ចាត់ទុក​ពួកគេ​ថា​ជា​អង្គការ​ភេរវកម្ម​។ តើ​ក្រុម​អ៊ីស្លាម​មួយ​នេះ​មាន​ប្រភព​មក​ពី​ណា​ទើប​មាន​សកម្មភាព​សាហាវ​ដូច្នេះ​? តើ​ហេតុអ្វី​បានជា​ពួកគេ​សម្លាប់​មនុស្ស​បន្ដបន្ទាប់​គ្នា​បែបនេះ​?


​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​កិច្ចសន្ទនា​រវាង​អ៊ុន សុខ​ឡា​ជាមួយ​ពេញ ផេង នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖

សំឡេង៖


១ ក្រុម​សកម្មប្រយុទ្ធ​មក​ពី​រដ្ឋ​អ៊ីស្លាម ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ISIS​ឬក៏​IS​នោះ កំពុងតែ​ធ្វើ​សកម្មភាព​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ហើយ ទោះបីជា​សម្ព័ន្ធ​អន្ដរជាតិ​បាន​បើក​យុទ្ធនាការ​វាយប្រហារ​តាម​ជើង​អាកាស​យ៉ាងណាក៏ដោយ​។ អ្វី​ដែល​គួរឱ្យ​រន្ធត់​នោះ គឺ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​មួយ​នេះ បាន​សម្លាប់​មនុស្ស​ជា​បន្ដបន្ទាប់​តាម​រយៈ​ទង្វើ​ឃោ​ឃៅរ​បស់ខ្លួន គឺ​ការ​កាត់​ក្បាល​ទាំង​រស់​។ ប្រិយ​មិត្ដ​ខ្លះ​ប្រហែល​ជា​ស្គាល់​ហើយ​ថា​ក្រុម​នេះ​ជា​នរណា ប៉ុន្ដែ​ប្រហែល​ជា​ប្រិយ​មិត្ដអ្នកស្ដាប់​ខ្លះ​មិន​ទាន់​បាន​ដឹង​ទេ​។ តើ​ពួកគេ​មាន​ប្រភព​ពី​ណា​ឱ្យ​ពិតប្រាកដ ជា​នរណា​ឱ្យ​ពិតប្រាកដ បានជា​មាន​សកម្មភាព​សាហាវ​ឃោឃៅ​បែបនេះ​?


​ទាក់ទង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​(IS)​នេះ យើង​អាច​និយាយបាន​ដោយ​ខ្លី​ថា ជា​ក្រុម​បង្ក​ចលាចល និង​បាន​ទន្ទ្រាន​ដណ្ដើម​កាន់កាប់​ទឹក​ដី​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី និង​ឆ្លង​ដល់​ភាគ​ខាងជើង​និង​ភាគ​ខាងលិច​នៃ​ប្រទេស​អ៊ីរ៉ាក់​។ យើង​អាច​ដឹង​បាន​ដែរ​តាមរយៈ​ការសម្លាប់​ចំណាប់ខ្មាំង​ដែល​ពួកគេ​ចាប់ខ្លួន​បាន​ថា ពួកគេ​មាន​សកម្មភាព​សាហាវឃោឃៅ​ខុស​ពី​ក្រុម​ឧទ្ទាម ឬ​ក៏​ក្រុម​សកម្មប្រយុទ្ធ​ផ្សេងទៀត​។ ពួកគេ​បាន​សម្លាប់​និង​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​រួមមាន ជនជាតិភាគតិច សមាជិក​នៃ​សាសនា​ផ្សេងៗ ហើយ​បាន​សម្លាប់​ទាហាន​ក៏ដូចជា​អ្នកកាសែត រួម​ទាំង​ចំណាប់ខ្មាំង​ដទៃ​ដែល​ពួក​គេ​ចាប់ខ្លួន​បាន​ដោយ​កាត់​ក្បាល​ទាំង​រស់​បង្ក​ភាពភ័យខ្លាច​ទូទាំង​ពិភពលោក​។


​សួរថា​តើ​ក្រុម​មក​ពី​រដ្ឋ​អ៊ីស្លាម​(IS)​មាន​ដើមកំណើត​យ៉ាងណា និង​ប្រភព​ពី​ណា​នោះ យើង​អាច​សិក្សា​បាន​ទាំងអស់គ្នា​។ ក្រុម​សកម្មប្រយុទ្ធ​មក​ពី​រដ្ឋ​អ៊ីស្លាម​(IS) អាច​ដឹកនាំ​កម្លាំង​ដ៏​ស្ដួចស្ដើង​ខ្លួន​ទៅរក​ការដឹកនាំ​របស់​លោក​Abu Musab al-Zarqawi ជា​ជនជាតិ​ហ្ស៊កដានី ដែល​បាន​បង្កើត​នូវ​ក្រុម​ជី​ហាដ​Tawhidwa al-Jihad នៅក្នុង​ឆ្នាំ​២០០២ គឺ​មួយ​ឆ្នាំ​បន្ទាប់​អាមេរិក​បាន​ដឹកនាំ​ការវាយប្រហារ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។ លោក​Zarqawi​បាន​សន្យា​យ៉ាង​ស្ម័គ្រស្មោះ​ទៅ​លោក​Osama Bin Laden​ហើយ​បាន​បង្កើត​ក្រុម​អាល់​កៃ​ដា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​(AQI)​ក្រោយមក​បាន​ក្លាយជា​ក​ង​កម្លាំង​ក្រុម​ឧទ្ទាម​ធំ​មួយ​នៅក្នុង​ប្រទេស​មួយ​នេះ​។


​បន្ទាប់ពី​លោក​Zarqawi​បាន​ស្លាប់​នៅក្នុង​ឆ្នាំ​២០០៦ ក្រុម​អាល់​កៃ​ដា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​(AQI) បាន​បង្កើត​អង្គការឆ័​ត្រមួយ​គឺ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​(ISI)​។ ISI​ត្រូវ​បាន​បង្ក្រាប​ដោយ​កងទ័ព​អាមេរិក និង​ការបង្កើតឡើង​ក្រុមប្រឹក្សា​កុល​សម្ក័ន្ធ​អារ៉ាប់​ស៊ុន​នី​ឈ្មោះថា​Sahwa មានន័យ​ថា “​ការ​ដាស់​ឱ្យ​ភ្ញាក់​ឡើងវិញ​” ដោយ​ក្រុម​នេះ​បាន​បដិសេធ​មិន​ចូលរួម​ជាមួយ​ទង្វើ​ឃោ​ឃៅរ​បស់​ក្រុម​ISI​ឡើយ​។​


​បន្ទាប់ពីនោះ​មក​មាន​លោក​Baghdadi នៅពេលដែល​លោក​បាន​ក្លាយជា​មេដឹកនាំ​ក្រុម​ISI​នៅក្នុង​ឆ្នាំ​២០១០​លោក​ក៏​បាន​បង្កើតឡើង​វិញ​នូវ​សមត្ថភាព​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ាក់​(ISI)​។​នៅ​ឆ្នាំ​២០១៣ សកម្មភាព​វាយប្រហារ​បាន​កើតឡើង​ជាថ្មី​ម្ដងទៀត  ដោយ​មាន​ការវាយប្រហា​រ​នៅ​អ៊ីរ៉ាក់ ជា​ច្រើនលើក​ច្រើនសារ​ក្នុង​មួយខែៗ​ដឹកនាំ​ដោយ​លោក​Baghdadi​។


​ចាប់អារម្មណ៍​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុងប្រទេស​អ៊ីរ៉ាក់​ដដែល​កងកម្លាំង​នៃ​ក្រុម​នេះ​ក៏​បាន​ចូលរួម​ជាមួយ​ក្រុម​ឧទ្ទាម​ប្រឆាំង​លោក​ប្រធានាធិបតី​ស៊ី​រី​Bashar al-Assad​ផងដែរ និង​បាន​បង្កើត​កង​សហ​ប្រតិ​ប​ត្ដិ​ការ​ក្រុមអាល់កៃ​ដា​នៅ​ស៊ីរី​ឈ្មោះថា “al-Nusra Front” ដែល​ត្រូវ​អង្គការសហប្រជាជាតិ​ហៅថា ជា​អង្គការ​ភេរវកម្ម​។​al-Nusra Front បានប្រកាស​ការបង្កើត​ក្រុម​ខ្លួន​នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១២ ពេល​មាន​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ស៊ី​។​


​ក្នុង​ខែ​មេសា ឆ្នាំ​២០១៣ លោក​Baghdadi បានប្រកាស​ការរួបរួម​ជាថ្មី​នៃ​កងកម្លាំង​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ី​រី ហើយ​បាន​បង្កើត​ក្រុម​អ៊ីស្លាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​អ៊ីស្លាម​ISIS​។ តាមពិត​ទៅ​អ្នកដឹកនាំ​នៃ​ក្រុម​al-Nusra​ដែល​បង្កើតឡើង​ក្នុង​ប្រទេស​ស៊ី​រី និង​ក្រុម​អាល់​កៃ​ដា​ក៏​បាន​បដិសេធ​ចំពោះ​ចលនា​បំលាស់ប្ដូរ​តទៅទៀត​ដែរ ប៉ុន្ដែ​អ្នក​ប្រយុទ្ធ​ដែល​ស្មោះស្ម័គ្រ​នឹង​លោក​Baghdadi បាន​បែកបាក់​ពី​ក្រុម​al-Nusra ហើយ​បាន​ជួយ​ក្រុម​ISIS​នៅ​សេសសល់​ក្នុង​ប្រទេស​ស៊ី​រី​។​នៅ​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៣ ក្រុម​ISIS​បាន​បន្ដ​ចលនា​ផ្លាស់ប្ដូរ​របស់ខ្លួន ឆ្ពោះទៅ​រក​ប្រទេស​អ៊ីរ៉ាក់ ហើយ​បាន​កេងចំណេញ​នយោបាយ​រវាង​ក្រុម​Shia​ដែល​ជា​ក្រុម​ដឹកនាំ​រដ្ឋាភិបាល​អ៊ីស្លាម​តាម​បែប​ស៊ី​អ៊ី​ត ជាមួយ​សហគមន៍​ក្រុម​ជនជាតិភាគតិច​អារ៉ាប់​ស៊ុន​នី​។ ស្ថិតនៅ​ក្រោម​ការគាំទ្រ​ពី​ក្រុម​កុល​សម្ព័ទ្ធ ក្រុម​ISIS​ដណើ្ដមបាន​ទឹកដី និង​បាន​គ្រប់គ្រង​ទីក្រុង​Fallujah​របស់​អ៊ីរ៉ាក់​ផងដែរ​។​


​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៤ ក្រុម​ISIS​បាន​គ្រប់គ្រង​ទីក្រុង​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​គឺ​ទីក្រុង​Mosul​។ បន្ទាប់មក​បាន​គ្រប់គ្រង​នៅ​តំបន់​ភាគខាងត្បូង​ឆ្ពោះទៅ​ទីក្រុង​បា​ដា​ដ​។ នៅ​ចុង​ខែ​មិថុនា ក្រោយពេល​កងកម្លាំងរ​បស់​ពួកគេ​បាន​រឹងមាំ​ហើយ ក្រុម​អ៊ីស្លាម ISIS​បាន​កាន់កាប់​ទីក្រុង​ជាច្រើន​ទៀត ហើយ​បាន​ប្រកាស​ខ្លួន​ថា​បាន​បង្កើត​រដ្ឋាភិបាល​អ៊ីស្លាម​រួច​ក៏​ប្ដូរ​ឈ្មោះ​ជា​ក្រុម​នៃ​រដ្ឋ​អ៊ីស្លាម​វិញ​(IS)​រហូតដល់​បច្ចុប្បន្ន​។


២ ដូច​បាន​លើក​ឡើង​ហើយ​ថា ក្រុម​នេះ​បាន​វាយលុក​ដណ្ដើម​និង​គ្រប់គ្រង​បាន​ទឹកដី​ជាច្រើន​ទាំង​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ តើ​អាច​បញ្ជាក់បាន​ទេពី​ទំហំ​ពិតប្រាកដ​នោះ​?


​ការប៉ាន់ប្រមាណ​ខ្លះ​បានបញ្ជាក់​ថា ក្រុម​IS​បាន​គ្រប់គ្រង​ផ្ទៃដី​ប្រមាណ​ជា​៤០,០០០​គីឡូម៉ែត្រ​ការ៉េ​ទាំង​ផ្ទៃ​ដី​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ គឺ​ប្រហាក់ប្រហែល​នឹង​ទំហំ​នៃ​ផ្ទៃដី​ប្រទេស​បែលហ្ស៊ិក​។ ប៉ុន្ដែ​ខ្លះទៀត​ជឿជាក់​ថា​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​កាន់កាប់​លើ​ផ្ទៃដី​ជិត​៩០,០០០​គីឡូម៉ែត្រ​ការ៉េ គឺ​ប្រហែល​នឹង​ទំហំ​នៃ​ប្រទេស​ហ្ស៊កដានី​។ ដូច្នេះ​នៅ​មិនទាន់​មាន​ការអះអាង​ពី​ចំនួន​ជាក់លាក់​នៅឡើយ​ទេ​។ ជា​ការកត់សម្គាល់​ចំពោះ​ផ្ទៃដី​ដែល​ពួកគេ​កាន់កាប់​បាន ក៏​មាន​ទីក្រុង​មួយចំនួន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដូចជា Mosul TikritFalluja TalAfar​ហើយ​នៅក្នុង​ប្រទេស​ស៊ី​រី​មាន​ទីតាំង​ប្រេង ផ្លូវ​សំខាន់​ឆ្លងកាត់​តំបន់​ព្រំដែន ហើយ​បាន​កាន់កាប់​ទីក្រុង Kobani​ប៉ុន្ដែ​ត្រូវបាន​ក្រុម​កងទ័ព​ជួយសង្គ្រោះ​អះអាងថា​ដណ្ដើម​បាន​មក​វិញ​ហើយ​។​


​សូម​បញ្ជាក់​ដែរ​ថា បើ​គិត​ពី​ប្រជាជន​រស់នៅ​គោរព​ទៅតាម​ក្រុម​IS​វិញ​មាន​ប្រមាណ​ជា​៨​លាន​នាក់ គឺ​នៅ​កន្លែង​ដែល​ក្រុម​នេះ​បាន​អនុវត្ដ​នូវ​ច្បាប់​ដ៏​តឹងរ៉ឹង​ឈ្មោះ​ថា​ច្បាប់​Sharia ដោយ​បង្ខំ​ឱ្យ​ស្ដ្រី​ពាក់​ស្បៃ​បាំង​មុខ​។ រីឯ​អ្នក​ដែល​មិនមែន​ជា​ជន​មូស្លីម ត្រូវ​ចំណាយ​ទៅលើ​ការបង់ពន្ធ​ក្នុង​ករណី​ពិសេស ឬ​បង្ខំ​ឱ្យ​ផ្លាស់ប្ដូរ​សាសនា​។ បន្ថែម​លើ​នេះ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​មួយ​នេះ ក៏​បាន​ដាក់​ទណ្ឌកម្ម​យ៉ាង​ព្រៃផ្សៃ​ដោយ​វាយ​នឹង​ដំបង​ឬ​រំពាត់ រួម​ទាំង​ទោស​ប្រហារជីវិត​ផង​ដែរ ដែល​ឈាន​ដល់​ការ​កាត់​ក្បាល​ចំណាប់​ទាំង​រស់​ដូចដែល​យើង​បានឃើញ​កន្លងមកហើយ​។​


៣ ទាក់ទង​នឹង​ចំនួន​អ្នក​ប្រយុទ្ធ​ឬក៏​កងទ័ព​របស់​ក្រុម​IS​នេះ​វិញ តើ​មាន​ចំនួន​ប៉ុន្មាន​នាក់​ដែរ​?


​ទាក់ទង​នឹង​ចំនួន​ជាក់លាក់​នោះ​នៅ​មិនទាន់​មាន​តួលេខ​ច្បាស់​ទេ ដោយសារ​តែ​ក្រុម​នេះ​ក៏​បាន​ស្លាប់​អស់​ជាច្រើន​នាក់​ដោយសារ​ការវាយប្រហា​រ​តាម​ជើង​អាកាស​ពី​សម្ព័ន្ធ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក ហើយក៏​មាន​អ្នក​ចុះចូល​ជាច្រើន​នាក់​ទៀត​ដែរ​។ ប៉ុន្ដែ​បើ​តាម​ការបញ្ជាក់​ពី​មន្ដ្រី​អាមេរិក​កន្លងមក​គឺ​មាន​ប្រមាណ​ជា​៣១,០០០​នាក់​ទាំង​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។ បើ​តាម​អ្នកជំនាញ​អ៊ីរ៉ាក់​បាន​និយាយ​ដែរ​ថា ប្រហែល​៣០​ភាគរយ​ជឿជាក់​ជាមួយ​ក្រុម​អ៊ីស្លាម​IS ហើយ​អ្នក​ដទៃ​ទៀត​ចុះចូល​ដោយ​ការភ័យខ្លាច ឬ​ការបង្ខិតបង្ខំ​។​


​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍ ចំនួន​អ្នក​ប្រយុទ្ធ​នៃ​ក្រុម​IS​មិនមែន​មាន​តែ​ក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​ទេ ប៉ុន្ដែ​នៅ​មាន​នៅ​ក្រុម​អ្នក​ប្រយុទ្ធ​បរទេស​១២,០០០​នាក់​ផង​ដែរ ដោយ​យ៉ាងតិចណាស់​មកពី​៨១​ប្រទេស ក្នុងនោះ​មក​ពី​រដ្ឋ​ក្នុង​ប្រទេស​លោកខាងលិច​ចំនួន​២,៥០០​នាក់ ដែល​បាន​ធ្វើដំណើរ​ទៅ​ប្រយុទ្ធ​ក្នុង​ប្រទេស​ស៊ី​រី​ក្នុង​រយៈពេល​បី​ឆ្នាំ​មកនេះ​។​នេះ​បើ​តាម​តួលេខ​ដែល​បានបញ្ជាក់​កន្លងមក​។​


៤ ទាក់ទង​នឹង​គ្រឿង​សព្វាវុធ​វិញ តើ​ក្រុម​នៃ​រដ្ឋ​អ៊ីស្លាម​(IS)​មាន​អាវុធ​ប្រភេទ​ណា​ខ្លះ​ទៅ​?


​ក្រុម​នេះ​បាន​ប្រើប្រាស់​អាវុធ​ជាច្រើន​ប្រភេទ ដោយ​មាន​ទាំង​អាវុធ​ធុន​ស្រាល​និង​ធុន​ធ្ងន់ រួម​បញ្ជូ​លទាំង​កាំភ្លើងយន្ដ កាំភ្លើង​បាញ់​មី​ស៊ី​ល​កម្ទេច​យន្ដហោះ​ចម្បាំង និង​នៅ​មាន​ប្រភេទ​មី​ស៊ី​ល​ជា​លក្ខណៈ​ប្រព័ន្ធ សម្រាប់​បាញ់​យន្ដហោះ​ចម្បាំង​ឬក៏​មី​ស៊ី​ល​ផ្សេងទៀត​។ បន្ថែម​លើ​នេះ ក្រុម​អ៊ីស្លាម​IS​ក៏​រឹបអូស​បាន​រថក្រោះ រួម​ទាំង​គ្រឿង​សព្វាវុធ​ផ្សេងទៀត​ជាច្រើន​ពី​កងទ័ព​ស៊ី​រី​និង​អ៊ីរ៉ាក់​។ ក្រុម​នេះ​ក៏​ត្រូវ​ជឿជាក់​ផងដែរ​ថា​អាច​បត់បែន​បាន​យ៉ាង​រហ័ស​នៅ​ក្នុង​ការផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដល់​កងទ័ព​របស់​គេ​។


៥ ចុះ​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ​វិញ តើ​ពួកគេ​បាន​ប្រាក់​មកពីណា​ដែរ​?


​ក្រុម​អ៊ីស្លាម​IS​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ប្រាក់​២​ពាន់​លាន​ដុល្លារ ដោយ​មាន​ទាំង​ប្រាក់សុទ្ធ​និង​ទ្រព្យសម្បត្ដិ​ផេង​ទៀត ដែល​ធ្វើឱ្យ​ក្រុម​នេះ​ក្លាយ​ជា​ក្រុម​សកម្មប្រយុទ្ធ​មានទ្រព្យ​ច្រើន​ជាង​គេ​នៅលើ​សាកលលោក​។ ពី​ដំបូង​ឡើយ​ពួកគេ​បាន​ទទួល​ការផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ពី​រដ្ឋ​ស្ថិត​នៅ​ឈូង​សមុទ្រ​អារ៉ាប់​។ បច្ចុប្បន្ន​ក្រុម​IS​គឺជា​អង្គការ​ហិរញ្ញវត្ថុ អាច​រក​ប្រាក់ចំណូល​បាន​រាប់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ដោយសារ​ការ​លក់​ប្រេង​និង​ឧស្ម័ន ពី​តំបន់​ដែល​ពួកគេ​គ្រប់គ្រង​បាន ក៏​ដូចជា​បាន​ពី​ការយកពន្ធ ការរត់ពន្ធ ថ្លៃ​សេវា​ផ្សេងៗ ការគំរាមកំហែង និង​ការចាប់​ជំរិត​ជាដើម​។ ការ​រឹបអូស​បាន​ទីតាំង​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ក៏​ផ្ដល់​ផលចំណេញ​ជាច្រើន​ដល់​ពួកគេ​ដែរ ដោយសារ​រឹបអូស​បាន​ធនាគារ​ជាច្រើន​នៅក្នុង​ទីក្រុង​មួយចំនួន​របស់​អ៊ីរ៉ាក់​។​


៦ តើ​ជា​រួម​ក្រុម​IS​នេះ​ចង់​បាន​អ្វី​ឱ្យ​ពិតប្រាកដ​ទៅ​?


​តាមរយៈ​អ្វី​ដែល​បាន​រៀបរាប់​មុននេះ គឺ​បង្ហាញ​ឱ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​ក្រុម​នៃ​រដ្ឋ​អ៊ីស្លាម​(IS)​ហើយ​គោលដៅ​ក៏ដូចជា​មហិច្ឆតា​របស់​ពួកគេ គឺ​ចង់​បង្កើត​រដ្ឋ​អ៊ីស្លាម​ឯករាជ្យ​មួយ​ដែល​បង្កើតឡើង​ដោយ​ខ្លួនឯង គ្រប់គ្រង​ដោយ​ខ្លួនឯង មិន​ស្ថិត​ក្រោម​នរណា​ម្នាក់​ឡើយ​។ ពួក​គេ​ចង់​ប្រើប្រាស់​គោលនយោបាយ​របស់​ខ្លួន និង​បង្កើត​មេដឹកនាំ​សាសនា​មួយ​តាម​ច្បាប់​អ៊ីស្លាម ឬ​ហៅ​ថា​ច្បាប់​Sharia​។​


​ទោះបីជា​បច្ចុប្បន្ន​ព្រំដែន​នៃ​តំបន់​ដែល​ពួកគេ​កាន់កាប់​បាន​ត្រឹមតែ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​ក៏ដោយ ប៉ុន្ដែ​ពួកគេ​បាន​ប្ដេជ្ញា​ថា​នឹង​បំបែក​ព្រំដែន​នៃ​ប្រទេស​ហ្ស៊ដានី​និង​លីបង់ ហើយ​ឈាន​ទៅ​តំបន់​ប៉ាឡេ​ស្ទីន​ថែម​ទៀតផង​។ ដូច្នេះ​ទើប​ពួកគេ​បន្ដ​សកម្មភាព​ឥតឈប់ឈរ ព្រមទាំង​បាន​សម្លាប់​មនុស្ស​ជាច្រើន​នាក់​ក្នុង​រូបភាព​យ៉ាង​សាហាវ ដូចជា​បាញ់សម្លាប់ ជាពិសេស​កាត់​ក្បាល​ទាំង​រស់​ដើម្បី​គំរាម​ដល់​អន្ដរជាតិ​មិន​ថា​នរណា​ម្នាក់​ឡើយ ឱ្យតែ​បង្អាក់​ផ្លូវ​មិនឱ្យ​ពួក​គេ​សម្រេច​តាម​មហិច្ឆតា​របស់​ខ្លួន​៕​​​

ដោយៈ​ពេញ ផេង​

ព័ត៌មានផ្សេងទៀត