លោក​​ស៊ុន ចាន់ថុល​​ស្នើឱ្យ​​អាមេរិក​​កាត់​បន្ថយ​​អត្រាពន្ធ​​នាំចូល​​លើ​​ផលិតផល​​កម្ពុជា​​

16-02-2015 8:12 pm 2159

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក​ស៊ុន ចាន់ថុល បាន​ស្នើ​ឱ្យ​អាមេរិក​ជួយ​កាត់បន្ថយ​អត្រាពន្ធ​នាំចូល​លើ​ផលិតផល​កម្ពុជា ជាពិសេស​សម្រាប់​វិស័យ​សម្លៀក​បំពាក់​កាត់ដេរ​។ ការស្នើរ​នេះ បន្ទាប់ពី​លោក​ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​មួយ​ក្រុម ដែល​ដឹកនាំ ដោយ​លោក Kurt Tong ​ឧបការី​រង​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​ និង​​ពាណិជ្ជ​កម្ម​​សហរដ្ឋ​​អាមេរិក​។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​គេហទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ក្រសួង​ពានិជ្ជកម្ម ចេញផ្សាយ​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​

 

​ប្រភព​ដដែល​បាន​បន្តថា ជំនួប​ពិភាក្សា​ការងារ​នេះ មាន​គោលបំណង​ពិភាក្សា​អំពើ​របៀប​ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​(AEC) ជះ​ឥទ្ធិពល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​, របៀប​បន្ត​តាក់តែង​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​(BIT) ឱ្យបាន​ចប់​​សព្វ​​គ្រប់​ និង​របៀប​ជំរុញ​ចំណងទាក់ទង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​រវាង​ម្ពុ​ជា​និង​សហរដ្ឋអាមេរិក​។ ជា​ការកត់សម្គាល់​​ភាគី​​​ទាំង​​ពីរ​​​បាន​​ទទួល​យល់ព្រម​ថា​៖ ប្រទេស​ទាំង​ពីរ​គួរ​បង្កើត​ក្រុមការងារ​មួយ​ ​ដើម្បី​​លើក​​ឡើង​​ដោយ​​ស្មោះត្រង់​នូវ​បញ្ហា​ទាំងឡាយ ទាក់ទង​នឹង​លក្ខខ័ណ្ឌ​នានា​មុនការ​ចាប់ផ្តើម​គម្រោ​ង​វិនិយោគ ដែល​កន្លងមក​មាន​ភាពយឺតយ៉ាវ​ក្នុង​ការពិភាក្សា​ដើម្បី​តាក់តែង​បញ្ចប់​កិច្ចព្រមព្រៀងទ្វេភាគី ស្តី​ពី​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​។​

 

​គួរបញ្ជាក់​ថា​ បច្ចុប្បន្ន​សហរដ្ឋអាមេរិក ​​គឺជា​ដៃគូ​ពាណិជ្ជកម្ម​នាំចេញ​សំខាន់​ទី​ពីរ​ បន្ទាប់​ពី​សហគមន៍​អឺរ៉ុប​លើ​វិស័យ​សម្លៀក​បំពាក់​កាត់ដេរ​នៅ​កម្ពុជា​។ នៅ​ឆ្នាំ​២០១៤ ក្នុង​រង្វង់​ខែ​១១ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា ​និង​អាមេរិក​មាន​តម្លៃ​សរុប​ជាង​២.៩៦០​លាន​ដុល្លា​របើ​ធៀប នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៣​ឃើញ​ថា​ ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​មាន​ការកើនឡើង​ប្រមាណ​១៦៨​លាន​ដុល្លារ​អាមេរិក​ ស្មើ​នឹង​ប្រមាណ​៦​ភាគរយ​៕​

 

(ដោយ​៖​អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត