របៀប​​ដាំ​​ខាត់​ណា​​ផ្កា​​

15-02-2015 1:41 am 4358
រូបភាពខាត់ណាផ្កា

ខាត់ណា​ផ្កា​ជា​ដំណាំ​មួយ​ប្រភេទ​អាច​ដាំ​បាន​លើ​ដី​ផុស ដីល្បាយខ្សាច់​និង​ដី​ល្បាប់​។ ដំណាំ​នេះ វា​មិន​ត្រូវការ​ពន្លឺ​ក្ដៅ​ពេក​ទេ​។ ចំណែកឯ​លក្ខណៈសម្បត្តិ​របស់​វា គឺ​មាន​ផ្កា​ពណ៌​ស ហើយ​ពេល​ខ្លះ​ក៏​អាច​មាន​ផ្កា​ពណ៌​លឿង​ដែរ​។ ដំណាំ​នេះ អាច​ដាំ​បាន​នៅ​រដូវរំហើយ​ចន្លោះ​ពី​ខែវិច្ឆិកា​ដល់​ខែ​កុម្ភៈ​។​ចង់ដឹងថា​តើ​របៀប​ដាំ​ខាត់ណា​ផ្កា​យ៉ាងម៉េច​នោះ ជា​បន្ត​សូម​លោក​អ្នកនាង​ស្ដាប់​នាទី​កសិកម្ម​ដែល​រៀបចំ​ដោយ​លាង​ធីតា​ដូចតទៅ​៖

 

សម្លេង៖


​របៀប​ដាំ​ខាត់ណា​ផ្កា​មិនមែន​ចេះតែ​ដាំ​តៗ​គ្នា​នោះ​ទេ គឺ​យើង​ត្រូវ​ដាំ​តាម​លក្ខណៈ​បែប​វិជ្ជា​សាស្ត្រ​ទើប​ទទួលបាន​ផល​ល្អ​។ មុន​យើង​នឹង​សម្រេច​ចិត្ត​ដាំ​ខាត់ណា​ផ្កា គឺ​ត្រូវ​ជ្រើសរើស​ពូជ​ដែល​ធន់​នឹង​ជំងឺ អាកាសធាតុ​និង​ដែល​អាច​ដាំ​បាន​គ្រប់​រដូវ​។ ​យោង​តាម​សៀវភៅ​របស់​អង្គការ​ស៊ី​ប៉ា​បានបង្ហាញ​ពី​របៀប​ដាំ​ខាត់ណា​ផ្កា​មានដូចជា​៖


​មុនដំបូង​គឺ​ត្រូវ​មាន​សំភារៈ​សម្រាប់​បណ្តុះ​និង​សំភារៈ​ដាំ​សិន​។​សំភារៈ​នោះ​រួមមាន ស្លឹកចេក​និង​កន្លាស់ ក្រណាត់​និង​កូន​ចាន ធុង​ទឹក​ផ្កាឈូក រណាស់ដៃ​និង​ម៉ាស ចបកាប់​ចបជីក​និង​បង្គី គ្រាប់ពូជ​ខាត់ណា​ផ្កា កំទេច​ចំបើង ស្រោមដៃ​និង​ថ្នាំ​សម្លាប់​សត្វល្អិត ជីលា​មក​សត្វ​និង​ដី​ម៉ដ្ឋ​។​


​ការបណ្ដុះ​គ្រាប់​


-​ត្រូវ​លើក​ថ្នាល​កំពស់​២០​សង់ទីម៉ែត្រ ទទឹង​៧០​ទី​៧៥​សង់ទីម៉ែត្រ​និង​បណ្ដោយ​១០​ម៉ែត្រ​។​រោយ​ថ្នាំ​សម្លាប់​សត្វល្អិត​១​កញ្ចប់​លើ​ថ្នាល ដើម្បី​ជៀសវាង​ស្រមោច​ឬ​សត្វល្អិត​ផ្សេងទៀត​ស៊ី​គ្រាប់ពូជ​។​បន្ទាប់មក ស្រោច​ទឹក​១​អំ​រែក​លើ​ថ្នាល​បណ្ដុះ ដើម្បី​កុំឱ្យ​គ្រាប់ពូជ​ធ្លាក់​កប់​ចូលទៅ​ក្នុង​ដី​ជ្រៅ​ពេក​។ គួរកត់សម្គាល់​ថា ត្រូវ​សាប​គ្រាប់ពូជ​ខាត់ណា​ផ្កា​នៅលើ​ថ្នាល​ជាមុនសិន រួច​ទើប​ដាក់​ក្នុង​កន្ទោង​ស្លឹកចេក​។​


-​យក​គ្រាប់​ពូជ​ទៅ​ត្រាំ​ទឹក​រយៈពេល​៥​ម៉ោង រួច​ស្រង់​ខ្ចប់​ក្នុង​ក្រណាត់​សើម​។​បន្ទាប់មក​យក​គ្រាប់​ពូជ​ទៅ​ផ្អាប់​ទុក​ក្នុង​បាវ​ឬ​កន្លែង​ណា​ផ្សេង​ទៀត​ទុក​រយៈពេល​២​ថ្ងៃ​២​យប់​។​


-​ពេល​ផ្អាប់ ត្រូវ​យក​កព្ចាប់​គ្រាប់​ទៅជ្រ​លក់ទឹក​១​ថ្ងៃ​ម្ដង ដើម្បី​ឱ្យ​គ្រាប់​ឆាប់​ដុះ​ស្រុះគ្នា​ល្អ​។​បន្ទាប់មក យក​គ្រាប់​ដែល​ដុះ​ពន្លក​ហើយ ទៅ​សាប​លើ​ថ្នាល រួច​រោយ​កំទេច​ចំបើង​ពីលើ ហើយ​ស្រោច​ទឹក​១​អំ​រែក រួច​គ្រប​ស្លឹកចេក ទុក​២​ថ្ងៃ​មួយ​យប់​។


- ដក​គំរប​ស្លឹកចេក រួច​ស្រោច​ទឹក​១​ថ្ងៃ​ម្ដង ពេល​ព្រឹក​រហូតដល់​កូន​ខាត់ណា​ផ្កា​ដុះ​ឡើង​។ នៅ​ពេល​កូន​អាយុ​បាន​១៥​ថ្ងៃ ត្រូវ​ស្រោច​ជី​ទឹក​។​គួរ​កត់ចំណាំ​ថា​ជី​ទឹក​នេះ អាច​យក​លាមក​គោ និង​លាមក​ប្រចៀវ​ក៏បាន​។​


​ការ​ផ្សាំ​កូន​ក្នុង​កន្ទោង​ស្លឹកចេក​


-​ហែក​ស្លឹកចេក​ជា​ចំរៀកៗ​ប្រវែង​៣​ទៅ​៥​សង់ទីម៉ែត្រ បន្ទាប់​មក​មូរ​ស្លឹកចេក​ជា​រង្វង់ រួច​យក​ឈើ​ខ្ទាស់​ស្លឹកចេក​។​
-​លាយ​ដី​ជាមួយ​ដី​ជាមួយ​ជីកំប៉ុស្ត រួច​ដាក់​ចូល​ទៅ​ក្នុង​កន្ទោង​ស្លឹកចេក​ឱ្យ​ពេញ​។ បន្ទាប់​មក​ដក​កូន​ខាត់​ណា​ផ្កា​ចេញ​ពី​ថ្នាល ទៅ​ផ្សាំ​ក្នុង​កន្ទោង​ស្លឹកចេក ដោយ​មួយ​ដើម​ក្នុង​១​កន្ទោង ក្នុង​ជំរៅ​១​ធ្នាប់​ដៃ​ហើយ​យក​កន្ទោង​កូន​ខាត់ណា​ផ្កា​ដាក់​ក្នុង​ម្លប់​រយៈពេល​៣​ថ្ងៃ ដើម្បី​កុំឱ្យ​អន់​ដើម រួច​ស្រោច​ទឹក​ឱ្យ​ជោក​មួយ​ថ្ងៃ​ម្ដង​។ ២០​ទៅ​២៥​ថ្ងៃក្រោយ​បន្ទាប់​ពី​សាប អាច​ដក​កូន​ទៅ​ផ្សាំ​ក្នុង​កន្ទោង​ស្លឹកចេក​បាន​ហើយ​។​


​ការ​ភ្ជួរ​ដី​


-​ភ្ជូរ​ដីហាល​ទុកចោល​រយៈពេ​ល​១០​ថ្ងៃ​។ ការ​ភ្ជួរ​ដី​គឺ​ដើម្បី​កប់​រុក្ខជាតិ​ផ្សេងៗ​ឱ្យ​រលួយ​ក្លាយជា​ជី ជា​ពិសេស​ធ្វើឱ្យ​ដី​ធូរ​ល្អ និង​ងាយស្រួល​ឱ្យ​ដំណាំ​ចាក់​ឬ​ស​។ គួរបញ្ជាក់​ថា ត្រូវ​ភ្ជួរ​ដី​ឱ្យ​បាន​យ៉ាងតិច​២​ដង ដើម្បី​ហាល​ដី​ឱ្យ​ស្ងួត ងាយស្រួល​លើ​ករង និង​ជីករណ្ដៅ​ដាំ​។​


​របៀប​ដាំ​


-​មុន​នឹង​យក​កូន​ខាត់ណា​ផ្កា​ទៅ​ដាំ ត្រូវ​ស្រោច​ទឹក​ឱ្យ​ជោក​ជាមុន ដើម្បី​កុំឱ្យ​បែក​ដី​និង​ដា​ច់ឬស​។​បន្ទាប់​មក​លា​កន្ទោង​ចេញ រួច​ដាក់​កូន​ខាត់ណា​ផ្កា​ក្នុង​រណ្ដៅ ហើយ​លុប​ដី​ឱ្យ​ពេញ​រណ្ដៅ​។ ការ​ដាំ​កូន​ខាត់ណា​ផ្កា ត្រូវ​ដាំ​ពេល​រសៀល​ត្រជាក់ ដើម្បី​ឱ្យ​វា​សុំា​នឹង​ដី​ថ្មី ។​


​ដំណាក់កាល​ថែទាំ​


-​ក្រោយ​ពី​ដាំ​បាន​រយៈពេល​៧​ទៅ​១០​ថ្ងៃ ត្រូវ​ចាប់ផ្ដើម​ជ្រំ​គល់​និង​ធ្វើ​ស្មៅ​លើក​ទី​១ ហើយ​រោយ​ជី​ឃ្លាត​ពី​គល់​១៥​ទៅ​២០​សង់ទីម៉ែត្រ ដើម្បី​កុំឱ្យ​រលួយ​គល់​។​
-​រយៈពេល​១០​ថ្ងៃ​ក្រោយ​ពី​ការ​ជ្រំ​លើក​ទី​១ ត្រូវ​ជ្រំដី​ធ្វើ​ស្មៅ​លើក​ទី​២​ទៀត​។​ស្រោច​ជី​ទឹក​តាម​គុម្ព​នី​មួយៗ​។​
-១៥​ថ្ងៃ​ក្រោយ​ពី​ជ្រំ​លើក​ទី​២ ពេល​ខាត់ណា​ចាប់ផ្ដើម​ចេញ​ផ្កា ត្រូវ​កប់​ជីលា​ក​សត្វ តាម​ចន្លោះ​គុម្ព​ខាត់ណា​ផ្កា បន្ទាប់មក​ត្រូវ​ស្រោច​ជី​ទឹក​បន្ថែមទៀត ដើម្បី​ឱ្យ​ផ្កា​ឆាប់​រីក​ធំ​។​
​គួរ​កត់ចំណាំ​ថា បើសិនជា​ដាំ​នៅ​រដូវក្ដៅ គឺ​ភាគច្រើន​មាន​មេអំបៅ​មក​ពង​ដាក់​លើ​ស្លឹក​ឬ​លើ​ផ្កា​ដែល​បង្ក​ឱ្យ​កើត​ជា​ដង្កូវ​ស៊ី​រូង​ក្នុង​ផ្កា​។​ដូច្នេះ​យើង​ត្រូវ​យក​ស្បៃ​មុង​ឬ​សំណាញ់​ក្រឡា​ល្អិត​មកហុំ​ព័ន្ធជុំវិញ​ចំការ ។​


​វិធីសាស្ត្រ​ការពារ​ដង្កូវ​ឬ​សត្វល្អិត​ផ្សេងៗ​


​បើសិនជា​មាន​ដង្កូវ​ច្រើន​នៅលើ​ផ្កា​ខាត់ណា គឺ​ត្រូវ​បាញ់ថ្នាំ​កម្ចាត់​សត្វល្អិត​។ តែ​ការ​បាញ់ថ្នាំ គឺ​ត្រូវ​ប្រើ​ទៅតាម​កំរិត​បាន​ហើយ មិន​គួរប្រើ​ច្រើនពេក​ទេ ព្រោះ​វា​អាច​បង្ក​ជា​បញ្ហា​ដល់​សុខភាព​អ្នក​បរិភោគ​និង​អ្នក​បាញ់ថ្នាំ​ជាដើម​។​


​វិធីសាស្ត្រ​ការពារ​ជំងឺ​ផ្សេងៗ​


​ជំងឺ​នៅក្នុង​ខាត់ណា​ផ្កា​មាន​៣​ប្រភេទ​ដូចជា ជំងឺ​រលួយ​គល់ ជំងឺ​រលួយ​ផ្កា​និង​ជំងឺ​ស្លឹក​លឿង​។​


១)​ជំងឺ​រលួយ​គល់​៖ ជា​ជំងឺ​កើតឡើង​ដោយ​ផ្សិត​ម្យ៉ាង​ដែល​នៅក្នុង​ដី និង​កាក​សំណល់​រុក្ខជាតិ នៅពេល​សំណើម​ខ្លាំង មាន​ភ្លៀង​និង​កំដៅ​ប្រែប្រួល​ជា​ដើម​។ រីឯ​លក្ខណៈ​សំគាល់ ត្រូវ​សំគាល់​មានដូចជា​ស្លឹក​ស្រ​ពោន មាន​ផ្សិត​ពណ៌​ស​នៅ​ជុំវិញ​គល់​ជាប់​នឹង​ដី​ជាដើម​។ ដោយឡែក​ការការពារ​វិញ​រួមមាន​៖


-​ត្រូវ​សំអាត​ចំការ​មុនពេល​ដាំ​ជា​មុន​សិន ហើយ​ដី​ដែល​ដាំ​ត្រូវ​ស្ងួត​ល្អ​។​
-​ត្រូវ​បាច​កំបោរ​ស​មុនពេល​ដាំ​១​អាទិត្យ ហើយ​ដាំ​ឱ្យ​មាន​គំលាត​សមល្មម​។​
-​ត្រូវ​ដក​ដើម​ដែល​មាន​ជំងឺ​ចោល​ឱ្យ​ឆ្ងាយ​ចេញពី​កន្លែង​ដាំ​។​


២)​ជំងឺ​រលួយ​ផ្កា​៖ ជា​ជំងឺ​កើតឡើង​នៅ​ពេល​ចេញ​ផ្កា​រហូត​ដល់​ប្រមូល​ផល​។​ជំងឺ​នេះ ផ្កា​របស់​វា​មាន​ពណ៌​ត្នោត ប្រផេះ​ហើយ​នឹង​មាន​ក្លិនស្អុយ​ទៀត​។ រី​ឯ​វិធី​ការពារ​វិញ​គឺ​ត្រូវ​ដាំ​ដំ​ឆ្លាស់គ្នា ហើយ​ដក​ដើម​ណា​មាន​ជំងឺ​ចេញ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​ដាំ​។​


៣)​ជំងឺ​ស្លឹក​លឿង​ស្ងួត​៖​ជា​ជំងឺ​បង្កឡើង​ដោយ​មេរោគ​ម្យ៉ាង​ដែល​រស់នៅ​ក្នុង​ស្មៅ​និង​ដំណាំ​ផ្សរងទៀត​កើតឡើង​នៅ​រដូវ​ត្រជាក់​។​លក្ខណៈ​សំគាល់​របស់​ជំងឺ​នេះ មានដូចជា ផ្កា​ឡើង​ជាំ​ពណ៌​លឿង​ហើយ​ស្ងួត​។​ចំណែក​វិធី​ការពារ​វិញ​គឺ​
-​ត្រូវ​សំអាត​ស្មៅ​ក្នុង​ចំការ​មុន​ដាំ និង​ក្រោយ​ដាំ​និង ជ្រើសរើស​ពូជ​ដែល​ធន់​នឹង​ជំងឺ​ហើយ​បន្ថយ​ការ​ស្រោច​ទឹក​។​


​របៀប​កាត់​ផ្កា​


​ក្រោយ​ពី​ដាំ​រយៈពេល​៤៥​ទៅ​៥០​ថ្ងៃ គឺ​អាច​កាត់​ខាត់ណា​ផ្កា​បាន​ហើយ​។ មុនដំបូង​គឺ​ត្រូវ​យក​កណ្ដៀង​ឬ​កាំបិត​ទៅ​កាត់​ដើម ដោយ​ទាញ​ដើម​រាង​ផ្ដេក​បន្តិច​។ ក្រោយ​ពី​កាត់​ហើយ ត្រូវ​ដឹក​ជញ្ជូន​ថ្នមៗ ហើយ​យកទៅ​ដាក់​ក្នុង​ម្លប់ ដើម្បី​ជៀសវាង​ជាំ​ផ្កា​ខាត់​ណា​។​


​របៀប​រក្សាទុក​


​មុន​ដំបូង​យើង​ស្លឹកចេក ស្លឹក​ខាត់ណា​ឬ​បាវ​មក​ធ្វើជា​ទ្រនាប់​ក្នុង​កញ្ច្រែង ដើម្បី​កាត់បន្ថយ​ការប៉ៈទង្គិច ដែល​អាច​បង្ក​ជា​បញ្ហា​ជាំ​ផ្កា​ជាដើម​។ គួរកត់សម្គាល់​ថា ដើម្បី​ទុក​ខាត់ណា​ផ្កា​ឱ្យ​បាន​យូរ គឺ​គ្រាន់តែ​ទុក​វា​នៅ​ក្នុង​ពាង​ដែល​ធ្វើ​ពី​ដី​នៅ​កន្លែង​ត្រជាក់​ល្មម​ហើយ​ស្ងួត​។ បន្ទាប់​ត្រូវ​ប្រោះ​ទឹក​ឱ្យ​សើម​១​ថ្ងៃ​២​ដង​៕(​ដោយ​៖​លាង ធីតា​)

 

 

ព័ត៌មានផ្សេងទៀត