សេដ្ឋកិច្ចរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមISកំពុងតែកើនឡើងជាលំដាប់ហើយ។ កើនឡើងនោះ គឺដោយសារតែក្រុមអ៊ីស្លាមIS បានលក់ប្រេងឆៅខុសច្បាប់ និងលក់វត្ថុបុរាណមួយចំនួនទៅឱ្យអន្តរជាតិជាដើម។ ការកើនឡើងសេដ្ឋកិច្ចនេះហើយ ធ្វើឱ្យរដ្ឋអ៊ីស្លាមមានអំណាច ហើយបានដើរគំរាមអន្តរជាតិ ជាពិសេសគំរាមដល់អាមេរិកទៀតផង។ បច្ចុប្បន្នក្រុមអ៊ីស្លាមកំពុងតែលុកលុយដល់ប្រទេសលោកខាងលិច ដែលធ្វើឱ្យប្រជាជនអឺរ៉ុបរស់នៅជាមួយភាពភ័យខ្លាចបំផុត។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី១២ខែកុម្ភៈ បានបើកកិច្ចប្រជុំមួយស្ដីពីវិធានការទប់ស្កាត់ការកើនឡើងសេដ្ឋកិច្ច របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមIS។ក្នុងកិច្ចប្រជុំនោះ សមាជិកក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ១៥ប្រទេស បានចាត់វិធានការទប់ស្កាត់ដូចជា៖ បញ្ឈប់ការផ្ដល់ហិរញ្ញប្បទានជាប្រាក់ ឬកម្ចីណាមួយដល់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមIS។ មួយវិញទៀត អន្តរជាតិត្រូវសហការគ្នាទប់ស្កាត់ការលក់និងទិញវត្ថុបុរាណតាមផ្លូវសម្ងាត់ចេញពីប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ហើយមួយករណីទៀត ត្រូវទប់ស្កាត់ការទិញប្រេងឆៅខុសច្បាប់ពីក្រុមអ៊ីស្លាមISផងដែរ។
ក្រៅពីនេះ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកStephane Dujarricបានបញ្ជាក់ថា អន្តរជាតិកំពុងតែជួបហានិភ័យពាក់ព័ន្ធនឹងបញ្ហាជំរិតទារប្រាក់ បង្កដោយក្រុមអ៊ីស្លាមIS។ដូច្នេះ អន្តរជាតិត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យខ្ពស់បំផុត។ ម្យ៉ាងទៀត គឺត្រូវពង្រឹងកងកម្លាំងសន្តិសុខបន្ថែម ដើម្បីជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ។
លោកStephane Dujarric បានលើកឡើងទៀតថា កាលពីខែសីហាឆ្នាំ២០១៤ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យធនាគារពិភពលោក បញ្ឈប់ការផ្ដល់ប្រាក់កម្ចីទៅក្រុមអ៊ីស្លាម។ លើសពីនេះទៅទៀត អង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យអន្តរជាតិរួមគ្នាទប់ស្កាត់ការទិញប្រេងពីក្រុមអ៊ីស្លាមISរួចមកហើយដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះសេដ្ឋកិច្ចរបស់រដ្ឋអ៊ីស្លាមISនៅតែកើនឡើងខ្លាំងដដែល៕(ដោយ៖លាង ធីតា)