ថៃ​-​​អាមេរិក​​នៅ​​តែ​​មាន​​ភាព​​តាន​តឹង​​ដដែល​​ក្រោយ​ពី​​បាន​​ធ្វើ​​សម​យុទ្ធ​​យោធា​​រួមគ្នា​​

12-02-2015 4:33 pm 1349

បន្ទាប់​ពី​ថៃ​និង​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​កាលពី​ថ្ងៃ​ទី​០៩​ខែ​កុម្ភៈ​មក​នោះ ទំនាក់ទំនង​កា​ទូត​រវាង​អាមេរិក​និង​ថៃ​នៅតែ​មាន​ភាព​តានតឹង​ដដែល​។ សូម​បញ្ជាក់​បន្ថិច​ថា កាលពី​ថ្ងៃ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា អាមេរិក​បាន​បញ្ជូន​ក​ង​ទ័ព​ចំនួន​៣៦០០​នាក់​ប៉ុណ្ណោះ បើ​ធៀប​ទៅនឹង​ឆ្នាំ​មុន​គឺ​ថយ​ចុះ​៧០០​នាក់​។ មូលហេតុ​អាមេរិក​បញ្ជូន​កងទ័ព​មក​ចូលរួម​សមយុទ្ធ​តិចជាង​ឆ្នាំមុន ដោយសារតែ​មាន​ភាពល្អក់ក​កររឿង​ផ្ទៃក្នុង​ជាមួយគ្នា ចាប់តាំងពី​កងទ័ព​ថៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយ​ក​រដ្ឋមន្ដ្រី​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន​។​


​ភាព​ល្អក់កករ​រវាង​អាមេរិក​ជាមួយ​ថៃ គឺ​អាមេរិក​ធ្លាប់​បាន​បញ្ជាក់ថា បើសិនជា​ថៃ​ត្រឡប់​មក​រក​ការគ្រប់គ្រង​តាមបែប​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រព័ន្ធ​ច្បាប់​ស៊ីវិល​វិញ នោះ​ទំនាក់ទំនង​ថៃ​និង​អាមេរិក​មិន​ងាក​រេ​ជាដាច់ខាត​។ តែ​ភាគី​ថៃ​មិន​បាន​ឆ្លើយតប​ទៅ​វិញ​នោះទេ គឺ​គ្រាន់តែ​ចោទ​អាមេរិក​ថា​បាន​ជៀត​ជ្រែ​ករឿង​ផ្ទៃក្នុង​របស់​ខ្លួន​។ នេះ​សបញ្ជាក់​ឱ្យឃើញថា ទំនាក់ទំនង​រវាង​ថៃ​និង​អាមេរិក​បាន​ចាប់ផ្ដើម​មា​ន​ភាព​រកាំរកូស​បន្តិច​ម្ដងៗ​ហើយ​។​


​លើសពីនេះទៅទៀត អាមេរិក​ក៏​បារម្ភ​ខ្លាច​ថៃ​ងាករេ​ទៅ​ធ្វើ​សម្ព័ន្ធមិត្ត​ជាមួយ​ចិន ហើយ​នឹង​ធ្វើ​ប្រព័ន្ធ​ច្បាប់​តាម​បែប​គ​ម្មុយ​នី​ស្ដ​ចិន យកមកអនុវត្ត​ក្នុង​ប្រទេស​ថៃ​ទៀត​។ ដូច​ឃើញស្រាប់​ហើយ​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៤ ថៃ​បាន​ផ្ដល់​ដី​សម្បទាន​យ៉ាង​ធំ​ទៅឱ្យ​ចិន​ដើម្បី​កសាង​ផ្លូវ​ដែក​ឆ្លងកាត់​មក​ប្រទេស​ថៃ ក្នុង​គោលបំណង​ពង្រឹង​ពាណិជ្ជកម្ម​។ ហេតុនេះ​បាន​ជា​អាមេរិក​ខិតខំ​យ៉ាងខ្លាំង ដើម្បី​ឱ្យ​រដ្ឋាភិបាល​រប​ប​យោធា ងាក​មក​រក​ការគ្រប់គ្រង​តាមបែប​ប្រជាធិបតេយ្យ​។


​គួររម្លឹកថា កន្លង​មក​សម្ព័ន្ធមិត្ត​រវាង​ប្រទេស​ថៃ​និង​អាមេរិក មាន​ភាព​ស្អិតរ​មួ​ត​ចាក់ទឹកមិនលិច​ឡើយ ហើយក៏​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរលង់​ណាស់​មក​ហើយ​ប្រចាំ​នៅក្នុង​តំបន់​អាស៊ី ពោល​គឺ​ចាប់តាំងពី​សម័យ​សង្គ្រាម​ត្រជាក់​មកម្ល៉េះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ ក៏​កើនឡើង​ជា​លំដាប់​ផងដែរ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត