លោកប្រាយុទ្ធចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃនិងភរិយាលោកស្រីNaraporn Chan-o-cha ព្រមទាំងមន្ត្រីអមដំណើររួមមាន រដ្ឋមន្ត្រីក្រសួងការបរទេសលោកTanasakPatimapragorn រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនPrajinJuntong និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាKobkarnWattanavrangkulពេលនេះកំពុងស្ថិតនៅទឹកដីទីក្រុងតូក្យូ។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសជប៉ុនលោកប្រាយុទ្ធនិងជួបពិភាក្សាទ្វេរភាគីជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូអាបេ អំពីទំនាក់ទំនងសេដ្ឋកិច្ច។ លោកប្រាយុទ្ធបង្ហាញឲ្យជប៉ុនទុកចិត្ត ដើម្បីជម្រុញឲ្យមានសន្ទុះវិនិយោគរបស់ជប៉ុនក្នុងប្រទេសថៃ។ ជំនួបពិភាក្សាលើកនេះអ្នកទាំងពីររំពឹងថា នឹងអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងដែលតភ្ជាប់តំបន់ភាគខាងកើតប្រទេសថៃ ជាមួយក្រុងបាងកក និងភាគខាងជើងជាប់ព្រំដែនជាមួយប្រទេសមីយ៉ានម៉ា ដើម្បីងាយស្រួលក្នុងការនាំចេញនាចូលទំនិញ។
លោកប្រាយុទ្ធនឹងធ្វើជាសាក្សីនៃការចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រព័ន្ធផ្លូវដែករវាងរដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសទាំងពីរ និងអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដើម្បីលើកម្ពស់អាជីវកម្ម។ អនុស្សរណៈមួយផ្សេងទៀតនឹងត្រូវបានចុះហត្ថលេខាដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនហៅកាត់ថា(Jetro) គណៈកម្មាធិការចម្រុះនៃសភាពាណិជ្ជកម្មថៃ សហព័ន្ធឧស្សាហកម្មថៃនិងសមាគមធនាគារថៃ។
នៅថ្ងៃទី០៩កុម្ភៈនេះលោកប្រាយុទ្ធបានជួបពិភាក្សាការងារជាមួយប្រធានសហព័ន្ធពាណិជ្ជកម្មជប៉ុននៅទីស្នាក់ការសហព័ន្ធក្នុងក្រុងតូក្យូ។ លោកនឹងជិះរថភ្លើងល្បឿនលឿនទៅកាន់ទីក្រុងអូសាកា ដើម្បីជួបពិភាក្សាជាមួយនាយកប្រតិបត្តិកម្រិតខ្ពស់នៃអង្គការសេដ្ឋកិច្ចនៅក្នុងទីក្រុងអូសាកា។
សូមជម្រាបជូនថាដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០កុម្ភៈរបស់ប្រមុខដឹកនាំរដ្ឋាភិបាលរបបសឹកថៃ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូអាបេ។ បើតាមជប៉ុនលោកស៊ីនហ្សូអាបេចង់ទទួលបានការធានាពីលោកប្រាយុទ្ធថា ស្ថេរភាពនយោបាយក្នុងប្រទេសថៃនិងមិនប៉ះពាល់ដល់ការវិនិយោគរបស់ខ្លូនក្នុងក្រុងបាងកកឡើយ៕(ដោយ៖អ៊ុន សុខឡា)